ជាតិ
ពីនេះ ពីនោះ
«​លិចលង់​» ជា​ពាក្យ​ត្រឹមត្រូវ មិនមែន «​លេចលង់​» ឬ «​លិចលុង​» ឡើយ​
20, Oct 2020 , 7:29 am        
រូបភាព
រូបភាពថតដោយ​សហការី​ ទិដ្ឋ​ភាពប្រជាពលរដ្ឋកំពុងលុយទឹកទៅទីទួលសុវត្ថិភាពក្រោយពី​ផ្ទះសម្បែងរបស់ពួកគេ​នៅខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ត្រូ​វ​ជន់លិច​ដោយសារ​ឥទ្ធិពល​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត
រូបភាពថតដោយ​សហការី​ ទិដ្ឋ​ភាពប្រជាពលរដ្ឋកំពុងលុយទឹកទៅទីទួលសុវត្ថិភាពក្រោយពី​ផ្ទះសម្បែងរបស់ពួកគេ​នៅខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ត្រូ​វ​ជន់លិច​ដោយសារ​ឥទ្ធិពល​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត
ពាក្យ​«​លិច​» និង​«​លេច​»  ក៏ដូចជា ពាក្យ​«​លង់​»​និង​«​លុង សុទ្ធតែ​មាននៅ​ក្នុង​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែ​មានន័យ​ន័យ​ខុសគ្នា​។​

 
១.«​លិច​»​ជា​កិរិយាសព្ទ មានន័យថា លិ​ប​ចុះ​បាត់ទៅ​,​ចូល​កប់​បាត់ទៅ ក្នុង​ទឹកជា​ដើម​។ ឧទាហរណ៍​៖ ទូក​លិច​,​សម្ទូង​លិច​ទឹក​។ «​លិច​»​ក៏​សំដៅ​ក្នុងន័យ វិនាស ខូច អន្តរាយ បាត់ឈ្មោះ​។ ឧទាហរណ៍​៖ លិចខ្លួន​, វិនាស​រើខ្លួន​លែងរួច​។ ពាក្យ​នេះ​បើ​ដើរតួ​ជា​គុណសព្ទ​មានន័យថា ដែល​ធ្ងន់​មិន​អណ្តែត​ទឹក​។ ឈើ​មួយ​កំណាត់​នេះ​លិច​ទឹក​។ លិចកញ្ជង់ ដែល​ចេះតែ​ហិនហោច​វិនាស​ទ្រព្យសម្បត្តិ​។ 
 
​ម្យ៉ាងទៀត​ពាក្យ​លិច​ប្រើ​ជា​នាមសព្ទ សំដៅលើ​ឈ្មោះ​ទិស​ដែល​ព្រះអាទិត្យ​អស្តង្គត​, ទិសបស្ចិម​។ ពាក្យ​លិច អាច​ប្រើ​ជាមួយនឹង​ពាក្យ ខាង ឬ​ឯ​។ ទិស​ខាងលិច​,​ស្រុក​ឯលិច​,​ទៅ​ឯលិច​។ បើតាម​វចនានុក្រម​ខ្មែរ លិច សរសេរ​ជា​ឡិច​ក៏បាន​។ 
 
២.«​លេច​»​អាច​ប្រើ​ជា​កិរិយាសព្ទ​, គុណសព្ទ និង​នាម ដូចនឹង​ពាក្យ​លិច​ដែរ ប៉ុន្តែ​ពាក្យ​នេះ​មានន័យ​ខុសពី​លិច​។ «​លេច​»​ជា​កិរិយាសព្ទ មានន័យថា ចេញពី​ទី​កំបាំង​, បង្ហាញមុខ ឬ​ចេញមុខ​ឲ្យ​ឃើញ និង​លេចឮ​។ ឧទាហរណ៍​៖ គ្រាប់​ឈើ​ដុះ​លេចពន្លក​ពី​ក្នុង​ដី​។ ឆ្លា​យ ឬ​លាន់​ចេញ ,​ផ្សាយ​ចេញ​, លេចឮ​ដំណឹង​។ 
 
«​លេច​»​ជា​គុណសព្ទ ដែល​មានន័យថា​ដែល​មិន​គត់​។ ក្អម​លេច​,​ផ្ទះ​លេច​,​ការុង​លេច និង​មាត់​លេច សំដៅលើ​មាត់រអិល​ចេះតែ​ធ្លាយ​សម្តី​ចេញទៅ​ទប់​មិនទាន់​។ និយាយថា​មាត់ដាច​ក៏បាន​។ «​លេច​»​ជា​នាមសព្ទ មានន័យថា ឈ្មោះ​ដំបៅ​មួយ​ប្រភេទ ដែល​កើត​នៅ​បាតជើង ឬ​កែងជើង​លៀន​សាច់​រឹង​ចេញមក​។ កើត​ដំបៅ​លេច​។ 
 
៣.«​លង់​» ជាក​រិ​យាស​ព្ទ មានន័យថា ជ្រុល​,​ស៊ុន​,​ហួស​។ លង់ទឹក លង់គំនិត លង់សម្តី​។ «​លង់​»​ជា​គុណសព្ទ​មានន័យថា យូរពេក យូរ​ក្រៃ​។ អស់កាល​ដ៏លង់ ឬ​ដ៏​យូរលង់​។​
 
៤.«​លុង​»​ជា​កិរិយាសព្ទ មានន័យថា ជីក ឬ​ដាប់​ឲ្យ​កើតជា​រំលុង ជា​ប្រហោង​ធំ​,​ជា​រណ្តៅ​ក្អេង​,​ជា​រូង​។ លុងដី​,​លុងឈើ​, ជីក​លុង​,​ដាប់​លុង​។​
 
​បន្ទាប់ពី​មានការ​ពន្យល់​ពី​ពាក្យ​គន្លឹះ​ទាំង​៤​នេះ​រួចមក មហាជន​នឹង​យល់​កាន់តែច្បាស់​ថា​«​លិចលង់​»​គឺ​ត្រូវ​សរសេរ​បែបនេះ​។ បើ​សរសេរ​ជា​«​លេចលង់​»​និង​«​លិចលុង​» គឺ​មិន​ត្រឹមត្រូវ​ឡើយ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com