ជាតិ
សង្គមជាតិ
តើ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ជួយ​អ្វីខ្លះ​ដល់​អ្នកនិពន្ធ​?
20, Oct 2020 , 8:59 am        
រូបភាព
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នក​និពន្ធ និងសិទ្ធិប្រហាក់​ប្រហែល(រូបផ្ដល់ឱ្យ)
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នក​និពន្ធ និងសិទ្ធិប្រហាក់​ប្រហែល(រូបផ្ដល់ឱ្យ)
​ភ្នំពេញ​៖ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ធ្វើឡើង​ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​វប្បធម៌ ឱ្យ​កាន់តែ​រីកចម្រើន​។ ច្បាប់​នេះ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​អ្នកនិពន្ធ​ឱ្យ​បង្កើត​ស្នាដៃ​ថ្មី​កាន់តែច្រើន ក៏ដូចជា​ស្នាដៃ​វប្បធម៌ សិល្បៈ និង​ផលិតផល​វប្បធម៌​ជាច្រើន​ទៀត​។ នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល មាន​តួនាទី​ដំណើរការ​នៃ​ការ​អនុវត្តិ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​នេះ​។​


​ការចុះបញ្ជី​ស្នាដៃ​ក្នុង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល គឺជា​ការចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​។ រាល់​ស្នាដៃ​ដែល​បង្កើត​ដោយ​អ្នកនិពន្ធ គឺ​ច្បាប់​ការពារ​ដោយ​ស្វ័យប្រវត្តិ​។ ដោយឡែក ប្រយោជន៍​ដែល​ចុះបញ្ជី​ស្នាដៃ ក្នុង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល គឺ​ដើម្បី​ជា​ទំងន់​ផ្លូវច្បាប់​បន្ថែមទៀត​លើ​ច្បាប់​ដែលមាន​ស្រាប់ ក្នុងករណី​ស្នាដៃ​មាន​វិវាទ​ឬ​មានការ​រំលោភបំពាន​។ មានន័យថា ក្រសួង​វប្បធម៌​ទទួលស្គាល់​ស្នាដៃ​នោះ តាមរយៈ​ការកំណត់​កាលបរិច្ឆេទ ការបង្កើត​ស្នាដៃ ហើយនឹង​ឈ្មោះ​អ្នកបង្កើត​ស្នាដៃ​។​
 
​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​បានផ្ដល់​បទ​សម្ភាស​ផ្ទាល់​ជាមួយ​សារព័ត៌មាន​ថ្មីៗ ថា​តួនាទី​សំខាន់​នៃ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល មាន​៣​ចំណុច​ធំៗ​។ ចំណុច​ទី​១​ផ្ដោតលើ​ផ្នែក​វប្បធម៌​។ មានន័យថា​គ្រប់​វិស័យ​វប្បធម៌​ទាំងអស់ ត្រូវតែមាន​ការរីកចម្រើន តាមរយៈ​ការបង្កើត​ស្នាដៃ​ថ្មីៗ ដូចជា​សៀវភៅអាន​គ្រប់​ប្រភេទ វិស័យ​អក្សរសាស្ត្រ​និង​សិល្បៈ តូរ្យតន្ត្រី ភាពយន្ត គំនូរ និង​ចម្លាក់​ជាដើម​។ ផ្នែក​វប្បធម៌​នេះដែរ ក៏​អាច​ជំ​រុញឱ្យ​អ្នកបង្កើត​ស្នាដៃ មាន​ទឹកចិត្ត​បង្កើត​ស្នាដៃ​ថ្មីៗ តាមរយៈ​ការ​អនុវត្តិ​ច្បាប់​បាន​ត្រឹមត្រូវ​។ ហើយ​កំណើន​សិល្បករ ក៏​កើន​ទៅតាម​នោះដែរ​។ 
 
​ចំណុច​ទី​២ ច្បាប់​នេះ​មាន​តួនាទី​សំខាន់​លើ​ផ្នែក​សង្គម ដោយ​ជួយ​បង្កើត​ទីផ្សារការងារ កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើត​សង្គម​មួយ​ប្រកបដោយ​ការគោរព​គ្នា​ទៅវិញទៅមក​។ តាមរយៈ​ច្បាប់​នេះ មនុស្ស​នឹង​យល់​អំពី​ការគោរព​សិទ្ធិ​ស្នាដៃ​គ្នា​ទៅវិញទៅមក ដោយ​មិនអាច​ចេះតែ​យក​ស្នាដៃ ដែល​មិនមាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម ទៅ​ទាញ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​
 
​សម្រាប់​ចំណុច​ទី​៣ ច្បាប់​នេះ​មាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ដោយ​អាច​ទាក់ទាញ​សេដ្ឋកិច្ច​ចូលជាតិ​បាន​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការវិនិយោគ​លើ​វិស័យ​សិល្បៈ​និង​វប្បធម៌​។ ច្បាប់​នេះ​នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន តាមរយៈ​ការបង្កើត​រោងភាពយន្ត និង​ការធ្វើ​អាជីវកម្ម​នានា​។  
 
​លោក ស៊ឹម សត្តា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​កាលណា​វប្បធម៌​យើង​រីកចម្រើន វប្បធម៌​យើង​រីក​សុសសាយ គឺ​យើង​សម្បូរ​ដោយ​សម្បត្តិ​វប្បធម៌ សម្បូរ​ដោយ​ទំនិញ​វប្បធម៌ ដូច្នេះ​ប្រជាជន​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ សង្គម​យើង​នឹង​ប្រកបដោយ​ចំណេះដឹង​។ កាលណា​មានការ​វិនិយោគ​លើ​វិស័យ​វប្បធម៌​ច្រើន អ្នកនិពន្ធ ក៏ដូចជា​សិល្បករ ក៏មាន​ការងារ​ធ្វើ​ច្រើន​ដែរ​»​។ 
 
​ដើម្បី​ជំរុញ​ការស្វែងយល់​ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល លោក ស៊ឹម សត្តា ថា​នាយកដ្ឋាន​សាមី​តែងតែ​ធ្វើ​សិក្ខាសាលា​ធំៗ យ៉ាងហោចណាស់​៣​ដង​ក្នុង​មួយឆ្នាំ ក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ សម្រាប់​អ្នកនិពន្ធ ផលិតករ និង​ម្ចាស់​ផលិតកម្ម​។ ក្រៅពីនោះ​នាយកដ្ឋាន ក៏បាន​ចុះ​ផ្សព្វផ្សាយ​តាម​បណ្ដា​ខេត្ត​នានា​ស្ទើរ​ទូទាំងប្រទេស ដោយ​លើកឡើង​ពី​គោល​ការ​ច្បាប់​និង​ការ​អនុវត្តិ​ច្បាប់​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ឹម សត្តា​។​
 
​ថ្វីបើ​បច្ចុប្បន្ន គេ​នៅតែ​មើលឃើញថា ការលួចចម្លង​ស្នាដៃ ក៏ដូចជា​ការ​កាឡៃ​បទ​ចម្រៀង​មរតក​ដើម ឬ​យកទៅ​សម្ដែង​ឡើងវិញ​(Cover) នៅតែមាន ប៉ុន្តែ​លោក ស៊ឹម សត្តា បាន​កត់សម្គាល់ថា ការរំលោភបំពាន​ទាំងនោះ បាន​ធ្លាក់ចុះ​គួរឱ្យ​កត់​សម្ភា​ល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ទោះជា​យ៉ាងណា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​រូបនេះ អះអាងថា នាយកដ្ឋាន​និង​ក្រសួងសាមី​កំពុង​ប្រឹងប្រែង លុបបំបាត់​ការរំលោភបំពាន​ទាំងនោះ​ជា​បន្តបន្ទាប់​។​
 
​លោក ស៊ឹម សត្តា ពន្យល់​បន្ថែម​៖«​ជាការ​សិក្សា​ស្វែងយល់​របស់​នាយកដ្ឋាន​ជំនាញ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ឃើញ​មានការ​គោរព​ច្បាប់​ច្រើន បើទោះបីជា​នៅមាន​ករណី​បំពាន​ខ្លះ​ក៏ដោយចុះ​។ ក្រៅពី​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តិ​ច្បាប់ អ្នកនិពន្ធ​ចាប់ផ្ដើម​យល់​ពី​តម្លៃ​ស្នាដៃ​រេ​បស់​ខ្លួន ដោយ​ការចុះបញ្ជី​ស្នាដៃ​ក្នុង​ក្រសួង​។ ការបង្កើត​ស្នាដៃ​ដែល​ល្អប្រសើរ ដែល​ជួយ​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិ យើង​មានការ​លើកសរសើរ​។ ប៉ុន្តែ​បើ​ស្នាដៃ​ណា​ដែលមាន​ភាពឆ្គាំឆ្គង យើង​ក៏មាន​ការអប់រំ​ណែនាំ​និង​ដាក់ពិន័យ​ដែរ​»៕
 

Tag:
 នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​
  សិល្បៈ​
 ​វប្បធម៌​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com