សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ ស្នើ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​សភា ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​
19, Oct 2020 , 9:59 pm        
រូបភាព
បាតុករប្រឆាំងរដ្ឋាភិបាលថៃ។ រូបភាព៖ AFP
បាតុករប្រឆាំងរដ្ឋាភិបាលថៃ។ រូបភាព៖ AFP
ដោយ:
​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​កោះប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ថៃ​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​។ បច្ចុប្បន្ន លោក ប្រា​យុទ្ធ កំពុង​រួមរឹត​ដោយ​បាតុកម្ម​ស្ទើរ​មិន​លស់​ថ្ងៃ​ទាមទារ​ឲ្យ​លោក​ចេញពី​តំណែង កែ​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​ស្ដេច​។

 
«​យើង​គាំទ្រ​ការបើក​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ដើម្បី​ដោះស្រាយ​បាតុកម្ម​។​» នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ បន្ទាប់ពី​លោក​ស្នើ​កោះប្រជុំ​សភា​បន្ទាន់​។ សព្វថ្ងៃ រដ្ឋសភា​ថៃ​កំពុងស្ថិត​ក្នុង​វិ​សម្ស​កាល​នៅឡើយ​។ 
 
​ប្រឈមមុខ​បាតុកម្ម​របស់​យុវជន​ក្មេងៗ លោក ប្រា​យុទ្ធ ក៏បាន​ស្នើ​ឲ្យ​ពួកគេ​តវ៉ា​ដោយ​សន្តិភាព ព្រោះ​រដ្ឋាភិបាល​របស់លោក​បាន​ដកថយ​ច្រើន​ជំហាន​ហើយ​ដែរ​។ 
 
​ទាក់ទង​កិច្ចប្រជុំ​វិសាមញ្ញ​នេះដែរ លោក Chuan Leekpai ប្រធានរដ្ឋសភា​ថៃ បាន​អះអាង​ក្រោយ​កិច្ចប្រជុំ​ជាមួយ​បក្សនយោបាយ​នៅ​ថ្ងៃទី​១៩ ខែតុលា ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​លើកចោល​ក្រឹត្យ​អាសន្ន និង​ប្រើប្រាស់​យន្តការ​សភា ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នយោបាយ និង​ជាពិសេស​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ នេះ​បើ​យោងតាម​កាសែត​ថៃ Bangkok Post​។​
 
​លោក Chuan អះអាងថា ចាប់តាំងពី​មានតែ​ពី​មាន​បាតុកម្ម​មក តំណាងរាស្ត្រ​ជាច្រើនរូប​បានលើកឡើង​ពី​គំនិត​ក្នុង​ការបើក​កិច្ចប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា ប៉ុន្តែ​ពុំទាន់​មាន​បក្ស​ណាមួយ​ដាក់សំណើ​មក​រដ្ឋសភា​ឡើយ​។ ថ្វីត្បិតតែ​ជា​ប្រធានរដ្ឋសភា​មែន លោក Chuan អះអាងថា សំណើ​បើក​កិច្ចប្រជុំ​វិសមញ្ញ​ត្រូវធ្វើឡើង​ដោយ​រដ្ឋាភិបាល ឬ​តំណាងរាស្ត្រ​។ 
 
​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា​ថៃ អាច​ប្រព្រឹត្តទៅបាន​ដរាបណា មាន​សំណើ​ពី​តំណាងរាស្ត្រ ឬ​សមាជិក​ព្រឹទ្ធសភា និង​ដោយមាន​ការយល់ស្រប​ពី​សមាជិក​ចំនួន​១​ភាគ​៣ នៃ​សភា​ទាំង​២​ថ្នាក់​។ លោក​Somboon Uthaiwiankul លេខា​ប្រធានរដ្ឋសភា​ថៃ អះអាងថា សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ស្នើ​ដោយ​ក្រុម​សង្គម​ស៊ីវិល​អាច​នឹងត្រូវ​លើក​មក​ពិភាក្សា​នៅ​ខែ បន្ទាប់ពី​ការផ្ទៀងផ្ទាត់​ហត្ថលេខា​អ្នកគាំទ្រ​សំណើ​នោះបាន​។​
 
​អ្នកនយោបាយ​ជើងចាស់​រូបនេះ​បន្ថែមថា រដ្ឋសភា​កំពុង​ឃ្លាំមើល​ស្ថានការណ៍ និង​ពិនិត្យ​ទៅលើ​អ្វីដែល​អាចធ្វើ​បាន​។ « យើង​កំពុង​សម្របសម្រួល​រវាង​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្សប្រឆាំង​ដោយ​ស្ងៀមស្ងាត់​ដើម្បី​ជៀសវាង​ការដាក់​សម្ពាធ​ទាំងសងខាង​»​។ ចាប់តាំងពី​ថ្ងៃទី​១៣ តុលា​មក អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​បាតុករ​ចំនួន​៨០​នាក់​។​
 
​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថៃ ជា​ផ្នែក​មួយ​នៃ​ការទាមទារ​របស់​ក្រុមបាតុករ​។ ជុំវិញ​រឿងនេះ បក្សនយោបាយ នៅក្នុង​សភា​ថៃ​មាន​ជំហរ​ផ្សេងៗ​គ្នា ជាពិសេស​លើ​ជំពូក​ស្តីពី​របបរាជានិយម​ដែល​បាតុករ​ទាមទារ​ឲ្យ​កាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ បក្ស Palang Pracharath កំពុងកាន់​អំណាច​អះអាងថា នឹង​គាំទ្រ​នីតិវិធី​ក្នុងការ​ធ្វើ​វិសោធនកម្ម លើកលែងតែ​ជំពូក​ទាក់ទង​នឹង​របបរាជានិយម​។ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com