សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន និង​វៀតណាម​ឯកភាពគ្នា​ជាគោលការណ៍​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​
19, Oct 2020 , 10:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីដេ ស៊ូហ្កា (ស្ដាំ) និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក  អំឡុងទស្សនកិច្ចលោកស៊ូហ្កាក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែតុលា ២០២០ ។ រូបភាព៖ទីភ្នាក់ងារព័ត៌មារដ្ឋវៀតណាម VNA
នាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីដេ ស៊ូហ្កា (ស្ដាំ) និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក អំឡុងទស្សនកិច្ចលោកស៊ូហ្កាក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែតុលា ២០២០ ។ រូបភាព៖ទីភ្នាក់ងារព័ត៌មារដ្ឋវៀតណាម VNA
ដោយ:
​ជប៉ុន​និង​វៀតណាម បាន​យល់ព្រម​ពង្រឹង​ចំណង​សេដ្ឋកិច្ច និង​សន្តិសុខ អំឡុង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ប្រទេស​ទាំងពីរ ក៏បាន​ឈានដល់​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​នាំចេញ​សម្ភារ​និង​បច្ចេកវិទ្យា​ទៅកាន់​វៀតណាម​ផងដែរ​។

 
 
«​វា​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ការពារ​សម្រាប់​ប្រទេស​ទាំងពីរ ដែល​យើង​បាន​ឈានដល់​សម្រេច​កិច្ចព្រមព្រៀង​លើ​ការផ្ទេរ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​»​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក ក្នុង​ទីក្រុង ហាណូយ​នៅ​ថ្ងៃទី​១៩ ខែតុលា​។ 
 
​លោក ស៊ូ​ហ្កា បញ្ជាក់ទៀតថា វៀតណាម ដែល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំនេះ គឺជា​កូនសោរ​លើកកម្ពស់​យុទ្ធសាស្ត្រ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ ដែល​ដឹកនាំ​ដោយ​ក្រុង​តូ​ក្យូ ។ 
 
​ជា​មូ​យ​គ្នា​នេះ មេដឹកនាំ​ទាំងពីរ ក៏បាន​ព្រមព្រៀង​លើ​សារសំខាន់​នៃ​ការរក្សា​សន្តិភាព សន្តិសុខ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក បញ្ជាក់​បែបនេះ​ក្នុង​សន្និសីទ​ព័ត៌មាន​ជាមួយ​លោក ស៊ូ​ហ្កា ។ 
 
​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ហ្វុ​ក សង្កត់ធ្ងន់ថា វៀតណាម​ស្វាគមន៍​ជប៉ុន​ធ្វើជា​មហាអំណាច​សកល ដើម្បី​បន្ត​រួមចំណែក​យ៉ាងសកម្ម​សម្រាប់​សន្តិភាព ស្ថិរភាព និង​វ​ឌ្ឍ​ភាព​សកល​និង​តំបន់​ផងដែរ​។ 
 
​លោក ស៊ូ​ហ្កា ដែល​កាន់តំណែង​កាលពី​ខែ​មុន​បន្ដ​ពី​លោក អា​បេ ស៊ិន​ហ្សូ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​លើក​ទី​១​ក្នុង​សប្ដាហ៍​នេះ​ចំនួន​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២១ ខែតុលា ក្នុងប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី​។ 
​ទស្សនកិច្ច​របស់លោក​ស៊ូ​ហ្កា កើតឡើង​ស្រប​ពេលដែល​ជប៉ុន​កំពុង​សម្លឹង​ធ្វើ​ពិពិធ​កម្ម​ច្រវាក់​ផ្គត់ផ្គង់​ខ្លួន និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេស​ចិន ដោយ​នាំយក​ផលិតកម្ម​ទាំង​នោះមក​ដាក់​ក្នុងស្រុក​វិញ ឬ​ងាក​ទៅរក​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​វៀតណាម គឺជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល លោក ស៊ូ​ហ្កា អះអាងថា ប្រទេស​ទាំងពីរ​បាន​យល់ព្រម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពួកគេ ក្នុង​គោលដៅ​បន្ធូរបន្ថយ​ផលប៉ះពាល់​បង្កដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ លោក​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ព្រម​បើក​ឡើងវិញ​ការធ្វើដំណើរ​ធុរកិច្ច ក​ដូចជា​ជើងហោះហើរ​សម្រាប់​អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​ថ្ងៃនេះ​»​។ 
 
​សូមបញ្ជាក់ថា ចេញពី​វៀតណាម លោក​នឹង​បន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រ​ធា​ធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​ជជែក​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការធ្វើដំណើរ​រវាង​ជប៉ុន​និង​ឥណ្ឌូណេស៊ី ដែល​ផ្អាក​ដោយ​វិបត្តិ​កូ​វី​ឌ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវដែក និង​កំពង់ផែ​ជាដើម​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ជប៉ុន​៕
 
 

Tag:
 ​ជប៉ុន​
  វៀតណាម​
  ចិន​
  យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com