កីឡាអន្តរជាតិ
អន្តរជាតិ
​នៅ​លី​គ​កំពូល​អឺរ៉ុប មានតែ AC Milan និង Aston Villa ប៉ុណ្ណោះ​ដែល​បន្ត​ឈ្នះ​គ្រប់​ការប្រកួត​
19, Oct 2020 , 5:09 pm        
រូបភាព
AC Milan និង Aston Villa ជា​ក្រុម​តែ​ពីរ​គត់​ដែល​នៅ​បន្ត​ឈ្នះ​គ្រប់​ការប្រកួត​ក្នុងចំណោម​ក្រុម​នៃ​លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប សម្រាប់​រដូវ​កាល ២០២០-២១ នេះ​។ AC Milan ឈ្នះ​៤​ប្រកួត​ឈរ​លេខ​១​នៅ Serie A ឯ Aston Villa នៅ​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​តារាង Premier League មាន​១២​ពិន្ទុ​។​

 
​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ​កីឡាបាល់ទាត់ ប្រាកដជា​យល់ថា​ក្រុម Juventus និង​ក្រុម Inter Milan ជា​ក្រុម​លេចធ្លោ​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី ខណៈដែល​នៅ​លី​គ​កំពូល​អង់គ្លេស​គឺ​ផ្តោត​សំខាន់​ទៅលើ​ក្រុម​ម្ចាស់​ជើងឯក Liverpool, Manchester City, Manchester United ឬ Chelsea មិន​ខាន​។​
 
​ប៉ុន្តែ​បាល់​មូល​អ្វីៗ​សុទ្ធតែ​អាច​កើតឡើង​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Stefano Pioli ក្រុម AC Milan ទទួលបាន​ជ័យជម្នះ​ទាំង​៤​ប្រកួត​ជាប់​គ្នា​នៅ​រដូវ​កាល​ថ្មី​នេះ​។ ការទទួលបាន​១២​ពិន្ទុ​ពេញ ក៏ដោយ​សារ​មានការ​ចូលរួម និង​ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់​ខ្សែប្រយុទ្ធ​ចាស់វស្សា Zlatan Ibrahimovic ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​ស្ទើ​គ្រប់ការ​ប្រកួត​ផងដែរ​។​
 
​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត រកបាន​ដល់​ទៅ​ពីរ​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ AC Milan ឈ្នះ Inter Milan ២-១ ក្នុងជំនួប​លី​គ​កំពូល​អ៊ីតាលី​សប្តាហ៍​នៅ​ថ្ងៃទី​១៧ ខែតុលា​។ ៤​ប្រកួត ក្រុម​ម្ចាស់​ជើងឯក Serie A ១៨ សម័យ​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់ ក្នុងនោះ Ibrahimovic រកបាន​៤​គ្រាប់​។​
 
AC Milan ឈរ​កំពូល​តារាង​មាន​១២​ពិន្ទុ តាម​ពីក្រោយ​ដោយ Sassuolo ដែល​រកបាន​១០​ពិន្ទុ​។ Atalanta ឈរ​លេខ​៣ មាន​៩​ពិន្ទុ ខណៈ Napoli, Juventus និង Inter Milan នៅ​លេខ​រៀង​បន្តបន្ទាប់​។​
 
​ដោយឡែក Aston Vila វិញ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ទម្រង់​លេង​របស់​ពួកគេ​យ៉ាងខ្លាំង​នៅ​រដូវ​កាល​នេះ ខណៈ​រដូវ​កាល​មុន​ក្រុម​ស្ទើ​តែ​ធ្លាក់​ទៅលេង​លី​គ​ទី​២ Championship ទៅហើយ​។​
 
៤​ប្រកួត​ដំបូង Aston រកបាន​១២​ពិន្ទុ​ពេញ​តែម្តង ហើយ​ជំនួប​ដែល​ពិសេស​បំផុត​សម្រាប់​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Dean Smith គឺ​ពួកគេ​បានឈ្នះ​ក្រុម​ម្ចាស់​ការពារ​ជើងឯក Liverpool ដល់​ទៅ ៧-២ ឯណោះ​។ ប្រកួត​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​១៨ ខែតុលា Aston Villa ឈ្នះ Leicester City ១-០ នៅ Villa Park​។ Aston Villa ធ្លាប់​សម្រេចបាន​លទ្ធផល​ឈ្នះ​ទាំង​៤​ប្រកួត​ដំបូង​បែបនេះ នៅ​រដូវ​កាល ១៩៣០-៣១​។​
 
Aston Villa ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង Premier League មាន​១២​ពិន្ទុ តាម​ពីក្រោម​ក្រុម​កំពូល​តារាង Everton ១​ពិន្ទុ ប៉ុន្តែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។ Liverpool នៅ​លេខ​រៀង​ទី​៣ មាន​១០​ពិន្ទុ ឯ Leicester មាន​៩​ពិន្ទុ ឈរ​លេខ​៤៕
 
 
 

Tag:
 AC Milan
  Aston Villa
  Serie A
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com