ជាតិ
​កម្រិត​ទឹក​ហក់​កាន់តែ​ខ្ពស់​នៅ​ទំនប់ទឹក​ត្រពាំងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ
19, Oct 2020 , 5:24 pm        
រូបភាព
ដោយ:
 ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ ភូមិ​អូរឫស្សី សង្កាត់​សំរោង ក្រុង​សំរោង បង្កើន​ការប្រុងប្រយ័ត្ន ខណៈពេល​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​ជា​គំហុក ជាពិសេស​នៅ​អាង​ទំនប់ទឹក​ភូមិ​ត្រពាំងវែង ក្នុង​សង្កាត់​កូន​ក្រៀល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​។​

 
​ជំនន់​ទឹកភ្លៀង​នេះ​បាន​ដល់​កម្រិត​ប្រកាសអាសន្ន​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា និង​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​បាន​ជន់​លិច​។ ខណៈ​កងកម្លាំង​អន្តរាគមន៍ អាជ្ញាធរ និង​មន្ត្រី​មូលដ្ឋាន ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់ និង​បញ្ចៀស​ការបាក់​ទំនប់ ដែល​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​
 


​បើតាម​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ការ​ហក់​ឡើង​គំហុក​នេះ ធ្វើឱ្យ​ទំនប់ទឹក​ត្រពាំងវែង ពុំ​អាច​ទប់ទល់​បាន​នឹង​ធំ​ហំ​ធារទឹក​យ៉ាង​លើសលប់​បែបនេះ​នោះទេ បើទោះបីជា​គ្រប់​ទ្វារ​ទឹកបាន​បើក​ក្នុង​កម្រិត​អតិបរមា​ក៏ដោយ​។ ដើម្បី​ដោះស្រាយ​ជាមួយ​ស្ថានការណ៍​នេះ ជំនាញ​មានតែ​សម្រេចចិត្ត ជីក​កាយ​កាត់ផ្តាច់​ផ្នែក​មួយ​នៃ​ទំនប់ ដើម្បី​រំដោះ​ធា​ទឹក​ចេញ ហើយ​ផលប៉ះពាល់​នឹង​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម​ដែលមាន​ភូមិ​អូរ​ឬ​ស្សី ភូមិ​អូរ​កន្សែង ភូមិ​គោក​ច្រេស នឹង​ទទួលរង​ការប៉ះពាល់​ខ្លាំងជាងគេ ហើយ​បណ្តា​ភូមិ​មួយចំនួន​នៃ​សង្កាត់​កូន​គ្រៀល និង​សំរោង រង​ផលប៉ះពាល់​ដោយ​ផ្នែក​។​
 
​គិត​ត្រឹម​ថ្ងៃទី ១៩​ខែតុលា រាជធានី​-​ខេត្ត ១៩ បាន​រង​ផលប៉ះពាល់​ពី​ទឹកជំនន់ ក្នុងនោះ​មាន​ពលរដ្ឋ​ជាង​៣១​ម៉ឺន​នាក់​រងគ្រោះ និង​ជាង ៣.៧​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ សាលារៀន​ចំនួន ៥៦៨​កន្លែង ក៏ត្រូវ​បាន​ជន់​លិច ដោយ​ទឹកជំនន់​ផងដែរ​។ ដោយឡែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះ​ដល់​អាយុជីវិត​នោះទេ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕
 

Tag:
 ​ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com