ជាតិ
សង្គមជាតិ
លោក ឃួ​ង ស្រេង បកស្រាយ​តប​ការរិះគន់ លើ​អ្នកបើក​ឡានក្រុង ដែល​ដឹក​ភ្ញៀវ​ទម្លាក់​តាមផ្លូវ​
19, Oct 2020 , 7:19 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ រូបភាពពីហ្វេសប៊ុកលោក ឃួង ស្រេង​​
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ រូបភាពពីហ្វេសប៊ុកលោក ឃួង ស្រេង​​
ដោយ:
ភ្នំពេញ​៖ វីដេអូ​រថយន្ត​សាលាក្រុង ដែល​ដឹក​ភ្ញៀវ​ចេញពី​ព្រលានយន្តហោះ ហើយ​ទម្លាក់​តាម​ដងផ្លូវ​នោះ ត្រូវបាន​ចែកចាយ​លើ​បណ្ដាញ​សង្គម ដោយ​អម​ជាមួយ​ការរិះគន់​យ៉ាងខ្លាំង​។ ពលរដ្ឋ​បារម្ភ​ថា ភ្ញៀវ​ដែល​ត្រូវបាន​ទម្លាក់​ចុះ​តាមផ្លូវ​នោះ មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ចេញមុខ​បកស្រាយ​តប​ការរិះគន់ និង​ព្រួយបារម្ភ​របស់​មហាជន​នេះ​។​

 
​លោក ឃួ​ង ស្រេង បាន​អះអាងថា ស្ថានការណ៍​ជាក់ស្ដែង គឺ​មិន​ដូច​វីដេអូ​ខ្លី​នោះទេ ។ លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា អ្នកបើក​រថយន្តក្រុង បាន​ជូន​ភ្ញៀវ​ដែល​ចូលមក​កម្ពុជា​ទាំងនោះ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ហើយ​។ លោក បាន​ពន្យល់ថា ក្រោយពី​មាន​ករណីនេះ លោក​បាន​សាកសួរ​ទៅខាង​អ្នកបើករថយន្ត​នោះ ដោយ​រូបគេ​បាន​បកស្រាយ​ថា មិនបាន​ទម្លាក់​ភ្ញៀវ​ចោល​តាមផ្លូវ ដោយ​ពុំ​គិតពី​ហានិភ័យ​ឆ្លង និង​វិធាន​ការការពារ​ជំងឺ​កូ​វីដ​-១៩​ឡើយ​។​



 
​បើតាម​លោក ឃួ​ង ស្រេង ការឈប់​រថយន្តក្រុង​នោះ ដោយសារ​ភ្ញៀវ​ចង់យក​អីវ៉ាន់​ផ្ញើទុក​នៅ​សាច់ញាតិ​ប៉ុណ្ណោះ​។​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​ករណី​ហ្នឹង​គឺមាន​ការភ័ន្តច្រឡំ​ទេ​។ តៃកុង​ឡាន គាត់​ពិតជា​ឈប់​តាមផ្លូវ​មែន ប៉ុន្តែ​គាត់​អត់​ដាក់​មនុស្ស​(​ចុះ​)​ទេ គាត់​(​ភ្ញៀវ​)​សុំ​ឲ្យ​យក​ហ្គី​តា​ចេញ​មួយ​។ ដល់​អ៊ីចឹង​វីដេអូ​ដែល​គេ​ថត​បាន​នោះ គេ​ឃើញ​មនុស្ស​ចេញចូល​។ ការពិត​មិនមែន​ចេញចូល​ទេ គ្រាន់តែ​ដើរចេញ​ពី​ក្នុង​ឡាន​មក​យក​ហ្គី​តា​ដែល​គេ​(​ភ្ញៀវ​)​ផ្ញើ​ពី​អាមេរិក​មក​ឲ្យ​ទៅ​អ្នកផ្ទះ​គាត់ ដែល​មក​ទទួល​ទេ​។ គាត់​យក​ហ្គី​តា​ឲ្យ​បងប្អូន​គាត់​មុន ដោយ​គាត់​មិន​ចង់យក​ហ្គី​តា​តាម​ខ្លួន ។​ហើយ​គាត់​(​ភ្ញៀវ​)​ហ្នឹង ក៏​បន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រសួង​»​។ 
 
​តែ​យ៉ាងណា​លោក ឃួ​ង ស្រេង ក៏​ព្រមាន​ចាត់វិធានការ​លើ​អ្នកបើករថយន្ត​សាលាក្រុង​ណា ដែល​ហ៊ាន​ទម្លាក់​ភ្ញៀវ​តាមផ្លូវ ដោយ​មិន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួង​ដែរ​។​«​បើ​ខ្ញុំ​តាមដាន​ឃើញ​រឿង​ហ្នឹង ខ្ញុំ​នឹងដាក់​ទោស​គាត់​ទៅតាម​វិធាន​កូ​វីដ​-១៩​ហើយ​។ ការព្រមាន​របស់ខ្ញុំ​នេះ ខ្ញុំ​ចង់​ជម្រាប​ជូនទៅ​តៃកុង​ឡាន​របស់ខ្ញុំ ឲ្យ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​នេះ កុំ​ប្រើ​មនោ​ស​ញ្ជេ​ត​នា ព្រោះ​វា​ជា​រឿង​ការពារ​ជំងឺឆ្លង​។ ថ្ងៃក្រោយ​ខ្ញុំ​បាន​ណែនាំ​អស់ហើយ​ថា​មិនត្រូវ​ដាក់​អីវ៉ាន់​តាមផ្លូវ​ទេ​។ ពីព្រោះ​បើសិន​ជាមាន​អ្នក​កូ​វីដ​ក្នុង​ខ្លួន អ៊ី​វ៉ាន់​ហ្នឹង​ក៏​អាច​ចម្លង​ទៅ​មនុស្ស​បានដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក​អភិបាលក្រុង​៕ 
 

Tag:
 ភ្ញៀវ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com