ភ្នំពេញ៖ យានយន្ដដ្ឋាន Electric Motors Club កំពុងដាក់លក់រថយន្ដបុរាណដ៏កម្រមានណាស់ក្នុងប្រទេស។ ក្នុងនោះមានឡានម៉ាក LINCOLN ប្រភេទ Continental ម៉ូឌែល Mark V (៥) ផលិតឆ្នាំ១៩៧៩។ ពេលនេះ ដូចជាមានរថយន្ដម៉ាក LINCOLN តែមួយគត់ទូទាំងប្រទេសកម្ពុជា។ ទោះបីជាឡានបែបគូប៉េ (ទ្វារពីរ) ប៉ុន្តែរថយន្តនេះ មានភាពទូលាយណាស់ ហើយវាមានទម្ងន់ជាង២តោន មានទទឹង២ម៉ែត្រ និងបណ្ដោយជិត៦ម៉ែត្រ។ វានៅតែស្រស់ស្អាត និងមើលទៅនៅតែទាក់ភ្នែក នៅក្នុងសម័យបច្ចុប្ប។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកស្តាប់កិច្ចសម្ភារវាងនាយយ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ស្រៀង អភិរក្សអ្នកគ្រប់គ្រងបណ្តាញសង្គមរបស់ Electric Motors Club ដូចតទៅ៖
រថយន្ដ LINCOLN Continental ត្រូវផលិតចាប់ពីឆ្នាំ១៩៣៩ រហូតដល់សព្វថ្ងៃនេះ នៅសហរដ្ឋអាមេរិក។ LINCOLN Continental Mark V ត្រូវបានលក់ចេញចំនួន ២២៨ ៨៦២ គ្រឿង ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩។ Mark V គឺជាម៉ូឌែល Mark ដែលលក់ដាច់ជាងគេ ក្នុងចំណោម ៨ម៉ូឌេល (រហូតដល់ពេលបច្ចុប្បន្នមានដល់ម៉ូឌែល Mark VIII)។
រថយន្ដម៉ាក LINCOLN ប្រភេទ Continental ម៉ូឌែល Mark V របស់យានដ្ឋាន EMC ជាសេរី Collector ដែលជាសេរ៊ីចុងក្រោយ របស់ Mark V។ កាលពីលក់ថ្មី LINCOLN Continental Mark V មានតម្លៃដើម ២២ ០០០ ដុល្លារអាមេរិក ហើយអតិថិជនដែលជ្រើសរើសសេរ៊ី Collector ត្រូវថែម ៨ ០០០ ដុល្លារ មានឧបករណ៍បន្ថែមជាប់ជាមួយសព្វគ្រប់ទាំងអស់។ រថយន្ដ LINCOLN Continental Mark V Collector ត្រូវបានលក់អស់ ៦ ៩៣៩ គ្រឿង ហើយក្នុងនោះមានពណ៌ស ដូចរបស់យានដ្ឋាន EMC អស់ ២ ០៤០ គ្រឿង។
LINCOLN គឺជាក្រុមហ៊ុនរថយន្ដអាមេរិកាំង ដែលត្រូវបានបង្កើតឆ្នាំ១៩១៧។ ម៉ាក FORD (ស្តង់ដារគុណភាពលេខ៣) MERCURY (ស្តង់ដារគុណភាពលេខ២) និង LINCOLN (ស្តង់ដារគុណភាពលេខ១) ជាកម្មសិទ្ធិរបស់ក្រុម FORD។ LINCOLN ស្ទើរតែមិននាំចេញទៅក្រៅទ្វីបអាមេរិក នោះទេ៕