ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើលិខិតមកសម្តេច ហ៊ុន សែន ដោយបង្ហាញការព្រួយចិត្តជាមួយកម្ពុជា ចំពោះទឹកជំនន់
19, Oct 2020 , 6:50 pm        
រូបភាព
សម្តេច ហ៊ុន សែន ដើរចែកអាហារ ពេលចុះពិនិត្យមើលផ្ទាល់និងសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី)។ រូបរង្វង់មូល គឺនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ួនហ្វុក និយាយនៅក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយថ្នាក់ដឹកនាំខេត្តក្រុងចំនួន១៥ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ (រូបពី VGP)។
សម្តេច ហ៊ុន សែន ដើរចែកអាហារ ពេលចុះពិនិត្យមើលផ្ទាល់និងសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី)។ រូបរង្វង់មូល គឺនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ួនហ្វុក និយាយនៅក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយថ្នាក់ដឹកនាំខេត្តក្រុងចំនួន១៥ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ (រូបពី VGP)។
លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរលិខិតផ្ញើមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងន័យសួរសុខទុក្ខសម្តេចផង និងសួរសុខទុក្ខដល់ប្រជាជនកម្ពុជាទូទាំងប្រទេសផង ដែលកំពុងជួបគ្រោះទឹកជំនន់។



តាមរយៈលិខិតសួរសុខទុក្ខ ចុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានបកប្រែពីភាសាវៀតណាម មកជាភាសាខ្មែរ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ស៊ួនហ្វុក មានប្រសាសន៍មកកាន់សម្តេច ហ៊ុន សែន ថា៖«ខ្ញុំ មានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំង ពេលទទួលដំណឹងថា ការអូសបន្លាយនៃការធ្លាក់ភ្លៀង បានធ្វើឲ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ បង្កការជន់លិច និងការខូចខាតដ៏ធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។ 

នាយករដ្ឋមន្រ្តីវៀតណាម សរសេរបន្តថា៖«ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមវៀតណាម ខ្ញុំ សូមផ្ញើការសួរសុខទុក្ខដោយស្មោះនិងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរ និង ប្រជាជនតាមបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះដោយអកុសល»។

យ៉ាងណា លោក ង្វៀន ស៊ួនហ្វុក បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជា នឹងអាចជម្នះលើការលំបាកដោយទឹកជំនន់នេះ និងអាចធ្វើឲ្យជីវភាព មានភាពប្រក្រតីឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែតុលានេះ មានពលរដ្ឋ២៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យ មាន១៥នាក់ ខេត្តព្រះសីហនុ មាន២នាក់ ខេត្តពោធិ៍សាត់ មាន៣នាក់ ខេត្តប៉ៃលិន មាន១នាក់ និង ខេត្តកំពង់ធំ មាន៤នាក់។

សូមបញ្ជាក់ថា វៀណាម ក៏កំពុងជួបគ្រោះទឹកជំនន់ដែរ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគកណ្តាលវៀតណាម ក្នុងរយៈពេលជាង១សប្តាហ៍មកនេះ ទឹកជំនន់ បានកើតឡើង និងបណ្តាលឲ្យបាក់ដី ដែលសម្លាប់មនុស្ស៨៨នាក់ហើយ គិតត្រឹមថ្ងៃ១៩ ខែតុលានេះ។ បន្ថែមពីនេះ នៅវៀតណាម ក៏មានហេតុការណ៍បាក់ដីចំបន្ទាយយោធានៅខេត្ត Quang Tri ដែរ ដោយបានសម្លាប់កងទ័ព១៧នាក់៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com