ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? រាគ​ញឹកញាប់ អាចមកពី​កត្តា​ទាំងនេះ​
16, Dec 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ការទទួល​ទាន​អាហារ​ខុស អាហារ ក៏ដូចជា​ដែល​មិន​ស្អាត ឬ​ចម្អិន​មិនបាន​ល្អ​អាច​បណ្ដាលឱ្យ​រាគ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាកា​រៈ​រាគ​ក៏​អាច​កើតឡើង​ដោយសារ​ទម្លាប់​ទូទៅ​មួយចំនួន​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អាច​បង្ក​អាកា​រៈ​រាគ ៖

 
១. ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​
 
​ពិតណាស់​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ឬ​ឱ្យបាន​ទៀងទាត់ គឺ​ល្អ​សម្រាប់​រក្សា​ទាំង​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកមាន​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​នោះ​លាមក​របស់​អ្នកនឹង​ទន់​រាវ ឬ​រាគ​តែម្ដង​ពិសេស​ចំពោះ​អ្នករត់ ឬ​ចូលចិត្ត​កីឡា​រត់ប្រណាំង​។ ប៉ុន្តែ​កុំ​បារម្ភ​! អាកា​រៈ​នេះ​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ ហើយ​ជា​ញឹកញយ គឺ​បាត់​ទៅដោយ​ឯកឯង​។​
 
២. បញ្ហា​ពាក់ព័ន្ធ​នឹង​ពោះវៀន​
 
​អាកា​រៈ​ទល់លាមក រាគ ឬ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​អាច​បង្ក​ភាពប្រែប្រួល​ក្នុង​ពោះវៀន​បង្អាក់​សមត្ថភាព​រាងកាយ​ក្នុងការ​រំលាយ​អាហារ​និង​កម្ចាត់​រាល់​កាកសំណល់​។ ចំពោះ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hpothyroidism អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ទល់លាមក​ធ្ងន់ធ្ងរ ឬ​រយៈពេល​យូរ ខណៈដែល​រាគ ឬ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​ជា​អាកា​រៈ​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hyperthyroidism​។ ទោះបី​អ្នក​បាន​ទទួលទាន​ជាតិ​ស​សៃ​និង​ទឹក​គ្រប់គ្រាន់ ប៉ុន្តែ​អាកា​រះ​ទាំងនេះ​នៅតែ​មិន​បាត់ ចូរ​ប្រញាប់​ទៅពិនិត្យ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​
 
៣. ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​
 
​ការ​ទទួលទាន​កាហ្វេ​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​ក៏​អាច​បណ្ដាលឱ្យ​លាមក​រាវ ឬ​រាគ​បានដែរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​ប្រសិទ្ធភាព​បញ្ចុះលាមក​។ ក្រៅពី​រាគ ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បណ្ដាលឱ្យ​អ្នក​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ឈឺក្បាល និង​ថប់​បារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។​
 
៤. ការប្រើប្រាស់​ជាតិ​ផ្អែម​សិប្ប​និ​ម្ម​ត្តិ​
 
​ជាតិ​ផ្អែម​សិប្ប​និ​ម្ម​ត្តិ​ដូចជា sorbitol និង mannitol គឺអាច​បណ្ដាលឱ្យ​រាគ​។ ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​និង​ផលិត​គ្មាន​ជាតិ​ស្ករ​ច្រើ​ណាស់​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្ប​និ​ម្ម​ត្តិ sorbitol និង mannito​។ ដូច្នេះ​ការពិនិត្យ​មើល​ផ្លាកសញ្ញា​និង​អាន​ពត៌មាន​លើ​សំបក​ផលិតផល​ស្ករ​សិប្ប​និ​ម្ម​ត្តិ គឺជា​រឿង​ចាំបាច់​។​
 
៥. ការទទួល​ទាន​ថ្នាំ​សម្រក​ទម្ងន់​
 
​ថ្នាំ​សម្រក​ទម្ងន់​ភាគច្រើន​ដែល​ដាក់លក់​លើ​ទីផ្សារ​មាន​ផ្ទុក​សារធាតុ laxatives ដែលមាន​ឥទ្ធិពល​បណ្ដាលឱ្យ​រាគ​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ថ្នាំ​សម្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ជាតិ​ខ្លាញ់​ដែល​លើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួមបញ្ចូល​ទាំង​ជាតិ​ទឹក​ផងដែរ​។​
 
៦. ក្រៀមក្រំ​មិន​សប្បាយចិត្ត​ពេក​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ពោះវៀន​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​នឹង​ខួរក្បាល​? ដូច្នេះ​ប្រសិនបើ​អ្នក​ក្រៀមក្រំ​មិន​សប្បាយចិត្ត​ពេក​នោះ​អាកា​រៈ​រាគ​អាច​នឹង​កើតឡើង​គួរឱ្យកត់សម្គាល់​។ បញ្ហា​នេះ​វា​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​ប្រសិនបើ​មាន​កម្រិត​ទាប គឺអាច​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ហើយដោយ​សារ​ខួរក្បាល​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​នឹង​ពោះវៀន​នោះ​ការថយចុះ​នៃ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​អាច​ជះឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ស្ត្រេ​ស​និង​បញ្ហា​ថប់​បារម្ភ​ក៏​អាច​បណ្ដាលឱ្យ​អ្នក​រាគ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​អ័រម៉ូន​ស្ត្រេ​ស cortisol ត្រូវបាន​ផលិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com