ជួយ​ចែករំលែក​! ចង់​ស្រក​ទម្ងន់​? កុំ​រំលង​គន្លឹះ​ងាយៗ​កាត់បន្ថយ​កាឡូរី​ជាប្រចាំ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ចង់​ស្រក​ទម្ងន់​? កុំ​រំលង​គន្លឹះ​ងាយៗ​កាត់បន្ថយ​កាឡូរី​ជាប្រចាំ​ទាំងនេះ​
21, Oct 2020 , 6:59 am        
រូបភាព
​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​ស្រក​ទម្ងន់​ដែល​លើស​នោះ គឺ​ការចាប់ផ្ដើម​កាត់បន្ថយ​បរិមាណ​កាឡូរី​ប្រចាំថ្ងៃ​។ ការកាត់បន្ថយ​បរិមាណ​កាឡូរី​ក្នុង​កម្រិត​ត្រឹមត្រូវ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ថែមទៀត​ផង​។ វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​កាត់បន្ថយ​បរិមាណ​កាឡូរី ៖

 
១. បង្កើន​ការទទួល​ទាន​បន្លែ​
 
​ការទទួល​ទាន​បន្លែ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​កាត់បន្ថយ​បរិមាណ​កាឡូរី​ប្រចាំថ្ងៃ​។ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ឱ្យបាន​ច្រើន​ជំនួស​អាហារ​ដែល​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​និង​ប្រភេទ​អាហារសម្រន់​ដែលមាន​ផ្ទុក​កាឡូរី​ខ្ពស់​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​ទឹក​មិន​ត្រឹមតែ​សំខាន់​សម្រាប់​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​មិន​ទទួលទាន​អាហារសម្រន់​ផ្សេងៗ​ដែលមាន​ផ្ទុក​កាឡូរី​ខ្ពស់​ផងដែរ​។ អ្នក​ក៏​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ជំនួស​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ផងដែរ​ដើម្បី​កាត់បន្ថយ​កាឡូរី​។​
 
៣. កុំ​រំលង​ម៉ោង​អាហារ​
 
​ពិសេស គឺ​អាហារ​ពេលព្រឹក​! នោះ​ក៏​ព្រោះតែ​អ្នក​អាចនឹងទទួល​ទាន​អាហារ​ពេល​ថ្ងៃ ឬ​ល្ងាច​ច្រើនជាង​ធម្មតា ប្រសិនបើ​មិនបាន​ទទួលទាន​អ្វី​សោះ​តាំងពីព្រឹក​។ លើសពីនេះទៅទៀត​ទៀត​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ទេនោះ​អ្នក​ប្រហែលជា​នឹងមិន​រក្សាបាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ​។ ហើយ​ប្រូតេអ៊ីន គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការទទួល​និង​រក្សាបាន​នូវ​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការដុត​រំលាយ​អាហារ​និង​ថែមទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ទៀតផង​
 
៤. ទទួលទាន​តិច ប៉ុន្តែ​ច្រើនដង​
 
​ជំនួស​ឱ្យ​ការទទួល​ទាន​អាហារ​ច្រើន​ពេញលេញ ៣​ដង​ក្នុង​មួយថ្ងៃ អ្នក​អាច​សាកល្បង​ទទួលទាន​តិចៗ ប៉ុន្តែ ៥ ដង​។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ចៀស​ផុតពី​អារម្មណ៍​ឃ្លាន​ដោយ​កាត់បន្ថយ​បរិមាណ​កាឡូរី​ក្នុងពេល​តែមួយ​ទៀតផង​។​
 
៥. ទទួលទាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​
 
​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ដែលមាន​ប្រភព​ចេញពី​សាច់​ទ្រូង​មាន់​និង​ត្រី គឺជា​ជម្រើស​ដ៏​ប្រសើរ​នៃ​អាហារ​ដែល​ជួយ​កាត់បន្ថយ​កាឡូរី​។ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរក្សាបាន​នូវ​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការដុត​រំលាយ​អាហារ ហើយ​ថែមទាំង​ធ្វើឱ្យមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ទៀតផង​។​
 
​សម្គាល់​! ប្រសិនបើ​អ្នក​កាត់បន្ថយ​កាឡូរី​ច្រើនពេក រាងកាយ​នឹង​ធ្លាក់ចូល​ក្នុងស្ថានភាព​ឃ្លាន​ខ្លាំង ហើយ​ពន្យឺត​ល្បឿន​នៃ​ការរំលាយ​អាហារ​។ ការតាមដាន​ការទទួល​កា​ឡួ​រី​របស់​អ្នក គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ ប៉ុន្តែ​កុំ​ធ្វើ​ជ្រុល​ពេក​។ ការកាត់បន្ថយ​កាឡូរី​ត្រឹមតែ ២០០ គីឡូ​កាឡូរី គឺ​ប្រសើរ​បំផុត​ចំពោះ​ការ​ស្រក​ទម្ងន់​បាន​ត្រឹមត្រូវ ហើយ​រក្សាបាន​នូវ​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com