សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​និង​តៃវ៉ាន់ ចោទ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​អ្នកការទូត​នៅ​ហ្វី​ជី​
20, Oct 2020 , 9:36 am        
រូបភាព
ទង់ជាតិតៃវ៉ាន់ និងផ្លាករដ្ឋាភិបាលចិន។ រូបភាព៖ SCMP
ទង់ជាតិតៃវ៉ាន់ និងផ្លាករដ្ឋាភិបាលចិន។ រូបភាព៖ SCMP
ដោយ:
​ចិន និង​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា អ្នកការទូត​ប្រទេស​ទាំងពីរ សុទ្ធតែ​រងរបួស​ក្នុង​ហេតុការណ៍​ប្រតាយប្រតប់​គ្នា​មួយ​នៅ​កន្លែង​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃទី​៨ ខែតុលា នៅឯ​កោះ​ហ្វី​ជី​។​

 
​បើតាម​ក្រសួងការបរទេស​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ តុលា អ្នកការទូត​របស់ខ្លួន​មួយរូប​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​បន្ទាប់ពី​ព្យាយាម​រារាំង មិន​ឲ្យ​អ្នកការទូត​ចិន​ពីររូប​ចូលទៅ​ថតរូប និង​ប្រមូល​ព័ត៌មាន​អំពី​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យជាតិ​តៃវ៉ាន់ ដែល​រៀបចំ​ដោយ​ការិយាល័យ​តំណាង​តៃវ៉ាន់ ប្រចាំ​ប្រទេស​ហ្វី​ជី​។ នេះ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។​
 
​ថ្លែង​នៅ​ចំពោះមុខ​រដ្ឋសភា​នៅ​ទីក្រុង​តៃប៉ិ អនុរដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ លោក Henry Tseng អះអាងថា លោក​នៅ​បន្ត​ពិនិត្យមើល​ហេតុការណ៍​នេះ​ថា ជា​សកម្មភាព​ទូទៅ​របស់​ចិន ឬ​ជា​សកម្មភាព​ដោយឡែក​។ ទោះជា​យ៉ាងណាក្តី តៃវ៉ាន់​ថ្កោលទោស​សកម្មភាព​របស់​អ្នកការទូត​ចិន​ទាំង​ពីររូប​ខាងលើ​។ មន្ត្រី​ទូត​តៃវ៉ាន់ អះអាងថា មន្ត្រី​ទូត​ចិន ព្យាយាម​ថតរូប និង​ប្រមូល​ព័ត៌មាន ដើម្បី​ចង់ដឹងថា​មាន​អ្នកនយោបាយ​ហ្វី​ជី​ណាខ្លះ​ចូលរួម​ក្នុង​ពិធី​នោះ​។​
 
​ជាមួយគ្នា​នោះ តៃវ៉ាន់​ក៏​អះអាងថា ប៉ូលិស​ហ្វី​ជី​បាន​ចូល​ជួយ​អន្តរាគមន៍ និង​បាន​បង្ខំ​ឲ្យ​មន្ត្រីការទូត​ចិន​ចាក​ចេញពី​កន្លែង​ជួបជុំ​នោះដែរ​។ 
 
​ពី​ខាង​ចិន​វិញ ស្ថានទូត​ចិន​នៅ​ហ្វី​ជី អះអាងថា ការ​ប្រារព្ធ​បុណ្យជាតិ​តៃវ៉ាន់ ជាការ​បំពាន​គោលការណ៍​ចិន​តែមួយ ឬ​បង្កើត​រូបភាព​ចិន និង​តៃវ៉ាន់​ជា​រដ្ឋ​ដាច់ដោយឡែក​ពីគ្នា​នៅលើ​ឆាក​អន្តរជាតិ​។ ស្ថានទូត​ចិន ក៏​អះអាង​ផងដែរ​ថា មន្ត្រីការទូត​របស់ខ្លួន​ម្នាក់​រងរបួស និង​ចោទ​អ្នកការទូត​តៃវ៉ាន់​ថា ជា​អ្នក​បង្ករឿង​ទៅលើ​បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ដែល​កំពុង​បំពេញ​មុខងារ​ផ្លូវការ​នៅក្បែរ​កន្លែង​រៀបចំ​នោះ​។​
 
«​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​។ តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​ផ្តាច់​បាន​ពី​ទឹកដី​ចិន​»​។ ស្ថានទូត​ចិន​បញ្ជាក់​បែបនេះ​។​
 
​ប្រទេស​កូន​កោះ​នៅ​តំបន់​ប៉ាស៊ីហ្វិក ជាទី​ប្រកួតប្រជែង​ស្វិតស្វាញ​មួយ​រវាង​ចិន និង​តៃវ៉ាន់​។ តៃវ៉ាន់ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​៤ ក្នុង​តំបន់​នោះ​រួមមាន​ណូ​រូ កោះ​ម៉ា​សាល់ ប៉ា​ឡាវ និង​ទូ​វ៉ា​លូ​។ តៃវ៉ាន់ មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ហ្វី​ជី​ទេ ប៉ុន្តែ​មាន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​នៅ​ទីនោះ​។ ចំណែក​ចិន មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងតែ​ពី​ឆ្នាំ​១៩៧៥៕
 
 

Tag:
 ចិន​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com