ជាតិ
​កណ្តុរ​បំផ្លាញ​ស្រូវ​ផ្ការំដួល​ប្រមាណ​៨០​ហិកតា​នៅ​ត្បូងឃ្មុំ​
20, Oct 2020 , 10:09 am        
រូបភាព
រូបភាព៖ មន្ទីរកសិកម្មត្បូងឃ្មុំ
រូបភាព៖ មន្ទីរកសិកម្មត្បូងឃ្មុំ
ដោយ:
​សត្វ​កណ្ដុរ កាត់​បំផ្លាញ​ស្រូវ​ផ្ការំដួល ប្រមាណ​៨០​ហិកតា របស់​ពលរដ្ឋ​ក្នុង​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើតាម​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន Thmeythmey25​។

 
​ខណៈដែល​ដំណាំ​ស្រូវ​នៅក្នុង​បណ្តា​ជាច្រើន​នៅ​កម្ពុជា រង​ការ​ជន់​លិច និង​ខូចខាត​ដោយ​ទឹកជំនន់ នៅឯ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ អាជ្ញាធរ​អះអាងថា សត្វ​កណ្តុរ បាន​កាត់​បំផ្លាញ​ដំណាំ​ស្រូវ ប្រមាណ ៨០​ហិកតា របស់​ពលរដ្ឋ​នៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ។ 
 
​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​៖«​ការបំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ដោយសារ​ប៉ុន្មាន​សប្តាហ៍​មកនេះ ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ លិច​វាលស្រែ​នៅ​តំបន់​ទំនាប ដែល​ខ្វះ​ទឹក​កន្លងមក ដែលជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​បាន​បម្លាស់​ទី​ទៅ​ប្រមូលផ្តុំ​តំបន់​ទួល​។ វា​ទៅ​កាត់​ស៊ី​ស្រូវ​នៅ​តំបន់​នោះ ខូច​អស់​ប្រហែល​៨០​ហិកតា​ហ្នឹង​»​។​
 
​ស្រូវ​ដែល​សត្វ​កណ្ដុរ​បាន​កាត់​បំផ្លាញ​នេះ ជា​ប្រភេទ​ស្រូវ​ផ្ការំដួល ដែល​នៅ​ចំណុច​ខ្លះ​ជា​ស្រូវ​ផើម និង​នៅ​តំបន់​ខ្លះ​ស្រូវ​បានចេញ​ផ្កា និង​កួរ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​បន្ត​ប្រាប់​ThmeyThmey25 ទៀតថា​មានតែ​ត្រឹម​មួយ​ឃុំ​អ​ញ្ចើ​ម​នេះ​ប៉ុណ្ណោះ​ដែល​ស្រូវ​ពលរដ្ឋ​ខូច​ដោយសារ​សត្វ​កណ្តុរ ខណៈ​តំបន់​ផ្សេង​មិនមាន​រងគ្រោះ​នោះទេ​។ ទឹកជំនន់ ក៏​មិន​បង្ក​ផលប៉ះពាល់​ដល់​ខេត្ត​ត្បូងឃ្មុំ​នោះទេ​។​
 
​ដើម្បី​ទប់ស្កាត់ និង​កម្ចាត់​បញ្ហា​សត្វ​កណ្តុរ​បំផ្លាញ​ស្រូវ​នេះ មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​ឲ្យ​កសិករ​ដាក់​បំពង់​ឫស្សី ឬ​ទុយោ​នៅក្បែរ​ភ្លឺស្រែ ដាក់​សម្រាស់​ជា​គំនរៗ​ដើម្បី​ចាប់​កណ្តុ ឬក៏ ប្រើ​អង្គប់​ចាប់​កណ្តុរ ឬ​ដាក់​នុយ​បំពុល​ជាដើម​។​
 
​សូមជម្រាបថា​គិត​ត្រឹម​ថ្ងៃទី​១៩​តុលា​នេះ មាន​រាជធានី​-​ខេត្ត​ចំនួន​១៩​ហើយ បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ តាម​របាយការណ៍​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មាន​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ជិត​៣០​ម៉ឺន​ហិកតា បាន​រង​ការ​ជន់​លិច​។ គ្រោះធម្មជាតិ​នេះ​បាន​ប៉ះពាល់​ពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់ និង​ជាង​៧​ម៉ឺន​ត្រូវ​ជម្លៀស​ទៅ​ទី​សុវត្ថិភាព​។ តាម​របាយការណ៍​ដដែល តួលេខ​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នេះ បាន​កើន​ដល់​២៥​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៩ តុលា​នេះ​៕

Tag:
 ​កសិកម្ម​
 ​ស្រូវ​
 ​ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com