​ផ្អាក​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​លេខ​៥០C​នៅ​កំពង់ធំ និង​ផ្លូវជាតិ​លេខ​៥​នៅ​បន្ទាយមានជ័យ​
ជាតិ
សង្គមជាតិ
​ផ្អាក​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​លេខ​៥០C​នៅ​កំពង់ធំ និង​ផ្លូវជាតិ​លេខ​៥​នៅ​បន្ទាយមានជ័យ​
20, Oct 2020 , 11:01 am        
រូបភាព
ផ្លូវជាតិលេខ​៥ ដែលស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិច​ដោយសារទឹកជំនន់ដែល​ហូរពីប្រទេស​ថៃ ​រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ផ្លូវជាតិលេខ​៥ ដែលស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិច​ដោយសារទឹកជំនន់ដែល​ហូរពីប្រទេស​ថៃ ​រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
​ភ្នំពេញ​៖ រដ្ឋបាល​ស្រុក​កំពង់លែង និង​រដ្ឋបាល​ក្រុង​បន្ទាយមានជ័យ​នា​ថ្ងៃទី​២០ ខែតុលា​នេះ បានប្រកាស​សេចក្តីជូនដំណឹង​រួមគ្នា​ឲ្យ​ផ្អាក​ចរាចរ​ផ្លូវ​លេខ​៥០C ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​នៃ​ខេត្តកំពង់ធំ រួមទាំង​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ​ជា​បណ្តោះអាសន្ន​សិន ដោយសារ​ផ្លូវ​ទាំងនោះ​កំពុងតែ​ត្រូវ​ជន់​លិច​ដោយសារ​ទឹកជំនន់​។

 
​ការណ៍​ដែល​រដ្ឋបាល​ស្រុក​កំពង់លែង និង​រដ្ឋបាល​ស្រុក​ប៉ោយប៉ែត ផ្អាក​ឲ្យ​ចរាចរ​លើ​កំណាត់​ផ្លូវ​នោះ​ដោយសារតែ​មិន​ចង់​ឲ្យ​អ្នកដំណើរ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ និង​បង្ការ​ការខូចខាត​ផ្លូវ​ផងដែរ​។ 
 
​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់លែង​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយ​ពិនិត្យឃើញថា​កម្ពស់​ទឹកទន្លេ​ឆ្នាំ​២០២០ បាន​កំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែល​បានធ្វើ​ឲ្យ​កំណាត់​ផ្លូវ​លេខ​៥០C ចាប់ពី​ស្រុក​កំពង់លែង​រហូតដល់​ប្រទល់​ខេត្តកំពង់ធំ ចាប់ផ្តើម​លិច និង​ហូរ​កាត់​លើផ្លូវ​ដោយ​កន្លែងៗ ដែល​អាច​បង្ក​ឲ្យ​មានការ​ខូចខាត ដោយ​អន្លើ និង​ងាយ​ទទួលរង​ការខូចខាត​ខ្លាំង​នៅពេល​ដែលមាន​យានយន្ត​គ្រប់​ប្រភេទ​នៅតែ​បន្តធ្វើ​ចរាចរ​ឆ្លងកាត់​»​។ 


កំណាត់ផ្លូវ​៥០c ដែលកំពុង​ជន់លិចដោយសារ​ទឹកជំនន់ រូបភាពពីរដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ធំ 

​បើតាម​រដ្ឋបាល​ស្រុក​ប៉ោយប៉ែត ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូន​ដំ​រិ​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា​ក្នុងភូមិ​សាស្ត្រ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ជន់​លិច​ដោយសារ​ឥទ្ធិពល​ទឹក​ហូរ​ពី​ប្រទេស​ថៃ ក៏​ជាហេតុ​បណ្តាល​ឲ្យ​ទឹក​កើន​ឡើងជា​គំហុក ជន់​លិច​លំនៅឋាន​របស់​ពលរដ្ឋ​នៅតាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​។  
 
​រដ្ឋបាល​ស្រុក​នៃ​ខេត្ត​ទាំងពីរ​នេះ​នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​អាច​ចរចរ​វិញ នៅពេលដែល​ទឹក​នៅ​កំណាត់​ផ្លូវ​នីមួយៗ​នោះ​ចាប់ផ្តើម​ស្រក​វិញ​៕ 

Tag:
 ទឹកជំនន់​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com