កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់​លទ្ធផល​បាល់ទាត់​៖ ឆែក​បណ្តេញ​អាជ្ញាកណ្តាល​ច្រើន​រូប ឯ​មន្ត្រី​កំពូល​លាលែង​
20, Oct 2020 , 7:29 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ឆែក (CFA) បាន​បណ្តេញ​គណៈកម្មាធិកា​រ​អាជ្ញាកណ្តាល​របស់ខ្លួន រួមទាំង​ប្រធាន​លោក Jozef Chovanec ផង​ពីបទ​រៀប​លទ្ធផល​ប្រកួត​។ ករណីនេះ កើតឡើង​ក្រោយ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប៉ូលីស​បាន​ឆ្មក់​ចូល​ទីស្នាក់ការ CFA និង​ទីតាំង​ផ្សេងទៀត​នៅ​ទូទាំងប្រទេស ហើយ​ថែមទាំង​ចោទ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ចំនួន ២០ នាក់​ជុំវិញ​អំពើពុករលួយ​។​



​ករណី​កំណត់​លទ្ធផល​ទុក​មុន ត្រូវបាន​រកឃើញ​នៅ​លី​គ​កីឡាបាល់ទាត់​លំដាប់​ទី​២ និង​ទី​៣ របស់​ឆែក ដោយ​ក្នុងនោះ​មាន​អាជ្ញាកណ្តាល​ជាច្រើនរូប​ស្ថិតក្រោម​ការស៊ើបអង្កេត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ឆែក​រាយការណ៍​ដូច្នេះ​។​
 
​អនុប្រធាន CFA លោក Roman Berbr ដែល​ស្ថិត​ក្នុងចំណោម​មនុស្ស ២០ នាក់​ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​រៀបចំ​លទ្ធផល​ប្រកួត​ទុក​មុន​កាលពី​ថ្ងៃទី​១៦ ខែតុលា​សប្តាហ៍​មុន​បាន​ចុះ​ចេញពី​តំណែង​របស់ខ្លួន​ហើយ​។ លោក Berbr បច្ចុប្បន្ន​ស្ថិតក្នុង​ការឃុំ​ឃាំង​រប​ស់​ប៉ូលិស​នៅឡើយ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Martin Malik ប្រធាន CFA អះអាងថា លោក Berbr វ័យ ៦៦ ឆ្នាំ​ដែលជា​បុរស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​កីឡាបាល់ទាត់​ឆែក​បាន​លាលែង​ពី​តំណែង​អនុប្រធាន FA ភ្លាមៗ​មុនពេល​កិច្ចប្រជុំ​វិសាមញ្ញ​របស់ CFA​។​
 
Malik បាន​និយាយ​ក្នុង​សន្និសីតកាសែត​ថា​៖ «​យើងទាំងអស់គ្នា​ដែល​សកម្ម​នៅក្នុង​កីឡាបាល់ទាត់​ឆែក យើង​អនុញ្ញាត​ឲ្យ​រឿងនេះ​កើតឡើង​។ ស្ថានភាព​ដែល​យើង​កំពុង​ដោះស្រាយ​នៅពេលនេះ​គឺ​មិនមែនជា​រឿង​ធម្មតា​នោះទេ​។ នេះ​ជាការ​ប្រឆាំងនឹង​បាល់ទាត់​ហើយ​។ ខ្ញុំ​មិនអាច​ប្រាប់ថា តើ​ផលប៉ះពាល់​នឹងមាន​ទំហំ​ធំ​ប៉ុនណា​នោះទេ​»​។​
 
​ជុំវិញ​ករណី​ពុករលួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ឆែក លោក Malik អះអាង​ប្រាប់​ទៅ​ស្ថាប័ន UEFA ថា CFA នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិស​ដើម្បី​បង្កើត​អង្គភាព​ពិសេស​មួយ​ដែល​ផ្តោតលើ​ការការពារ​ការកំណត់​លទ្ធផល​ទុក​មុន ឲ្យ​ដូចនឹង​បណ្តា​សហព័ន្ធ​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​។ CFA នឹង​ប្រកាស​ជ្រើសរើស​អាជ្ញាកណ្តាល​ថ្មី និង​ត្រួតពិនិត្យ​ទាំង​ការប្រកួត​កម្រិត​អាជីព និង​ស្ម័គ្រចិត្ត​ដើម្បី​ការពារ​ករណី​កំណត់​លទ្ធផល​ការប្រកួត​៕
 
 

Tag:
 CFA
  UEFA
  កំណត់​លទ្ធផល
© រក្សាសិទ្ធិដោយ thmeythmey.com