COVID-19
ជាតិ
សេដ្ឋកិច្ច
IMF សន្យាជួយស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយកូវីដ-១៩ តាមរយៈកិច្ចសហការប្រពៃណី និងមូលនិធិហិរញ្ញប្បទានរហ័ស
× ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) សន្យាជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយពេលវិបត្តិកូវីដ-១៩ ផុតរលត់ទៅ។ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តជាតិប្រចាំកម្ពុជា សន្យាបែបនេះ នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ តុលា។
លោក Yasuhisa Ojima បានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តគាំទ្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាប្រពៃណីកន្លងមក ជាពិសេសក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមានមូលនិធិហិរញ្ញប្បទានរហ័ស (Rapid Financing Facility ) ដែលអាចជាជម្រើសមួយបន្ថែមសម្រាប់កម្ពុជា ក្នុងការបំពេញកង្វះខាតហិរញ្ញប្បទាន សម្រាប់ផែនការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
មិនតែប៉ុណ្ណោះប្រធានស្ថានតំណាង IMF រូបនេះ ក៏ប្រាប់ឱ្យរដ្ឋាភិបាលកម្ពុជា តាមដានមើលការប្រែប្រួលស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចជាតិ រួមទាំងសេដ្ឋកិច្ច កម្រិតតំបន់ និងសាកលទៀតផង។
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ ដែលជាការគិតគូរសម្រាប់រយៈពេលមធ្យមក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឱ្យត្រឡប់ទៅរកសក្ដានុពលវិញឱ្យបានលឿន។ នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋាភិបាលនៅតែបន្តតាមដានការវិវត្តនៃជំងឺកូវីដ-១៩នេះ ដោយពុំមើលស្រាលស្ថានការណ៍ឡើយ ជាពិសេសការអនវុត្តវិធានការសុខាភិបាល និងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
«ឈរលើមូលដ្ឋានេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចបន្តមានប្រក្រតីភាពល្អ ខណៈស្ថានភាពសារពើពន្ធជាពិសេសផ្នែកចំណូលពន្ធនឹងមានភាពប្រសើរជាងការរំពឹងទុក ដែលនេះជាបច្ច័យល្អសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យមានលំហថវិកា និងការប្រើប្រាស់ប្រាក់សន្សំរបស់រដ្ឋាភិបាលតិចជាងការំពឹងទុក។ ប៉ុន្តែថ្មីៗនេះ ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមួយផ្នែកវិញដល់បន្ទុកចំណាយរដ្ឋ ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធារាសាស្ត្រ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា។
មូលនិធិរូបិយវត្ថុអន្តរជាតិ មានតួនាទីសំខាន់ក្នុងការតាមដាន និងវាយតម្លៃការវិវត្តសេដ្ឋកិច្ចកម្ពុជា តំបន់ និងសាកល ។ មិនតែប៉ុណ្ណោះមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានផ្ដល់ការសិក្សាផ្សេងៗ ដែលជាធាតុចូលសម្រាប់កម្ពុជា ក្នុងការរៀបចំវិធានការពាក់ព័ន្ធ ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងការរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
កន្លងមកមូលនិធិរូបិយវត្ថុអន្តរជាតិ បានគាំទ្រដល់ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលមន្ត្រីរាជការ ក៏ដូចជាជំនួយបច្ចេកទេសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាដើម។
Tag:
សេដ្ឋកិច្ច
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com