COVID-19
អន្តរជាតិ
ការជជែក​ដេញដោល​ត្រាំ​-​បៃ​ឌិន​ចុងក្រោយ នឹងត្រូវ​បិទ​មេក្រូ​ហ្វូ​ន​ដើម្បី​កុំ​ឲ្យ​បេក្ខជន​រំខាន​គ្នា​
20, Oct 2020 , 3:03 pm        
រូបភាព
ការជជែកដេញដោលប្រធានាធិបតីលើកទី១ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន កាលពីថ្ងៃទី ២៩ ខែកញ្ញា ។ រូបភាព AFP
ការជជែកដេញដោលប្រធានាធិបតីលើកទី១ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន កាលពីថ្ងៃទី ២៩ ខែកញ្ញា ។ រូបភាព AFP
ដោយ:
​ការជជែក​ដេញដោល​ចុងក្រោយ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ  និង​លោក បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សប្ដាហ៍​នេះ នឹងដាក់​បញ្ចូល​ច្បាប់​ថ្មី​មួយ​ដោយ​ការបិទ​សំឡេង​មេក្រូ​ហ្វូ​ន​ចោល ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​នីមួយៗ​និយាយ​ដោយ​គ្មាន​ការរំខាន​។ អ្នករៀបចំ​កម្មវិធី​នេះ បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ១៩ ខែតុលា ក្រោយ​ការតស៊ូ​មតិ​លើក​ទី​១ មាន​ភាពអនាធិបតេយ្យ​ខ្លាំង​។

 
​ការជជែក​ដេញ​ចោល​ចុងក្រោយ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ២២ ខែតុលា ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee ។ លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​នឹងធ្វើ​តេស្ត​កូ​វីដ​-១៩ មុន​ឡើង​ឆាក​ទល់មុខ​នឹង​លោក ចូ បៃ​ឌិន ខណៈ​លោក បៃ​ឌិន ក៏​នឹងធ្វើ​តេស្ត​ដូចគ្នា​។ 
 
​ក្រោយ​មាន​ប្រវត្តិ​ជូរចត់​នា​ការជួប​មុខ​ដោយផ្ទាល់​លើក​ទី​១ គណៈកម្មការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី​អាមេរិក បានបញ្ជាក់​នៅ​ថ្ងៃទី ១៩ ខែតុលា​ថា មីក្រូហ្វូន​របស់​បេក្ខជន​ដែល​មិនទាន់​ដល់​វេន​និយាយ នឹងត្រូវ​បិទ​សំឡេង​ចោល ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ម្នាក់ទៀត​និយាយ​ដោយ​គ្មាន​ការរំខាន​។ ច្បាប់​នេះ អនុវត្ត​សម្រាប់​២​នាទី​ដំបូង​នៃ​វគ្គ​១៥​នាទី នីមួយៗ​។ ២​នាទី​នេះ គឺ​បេក្ខជន​ត្រូវ​ឆ្លើយ​សំនួរ​របស់​អ្នកសម្របសម្រួល​។ 
 
​យ៉ាងណាមិញ មីក្រូហ្វូន​បេក្ខជន​ទាំងពីរ​នាក់ នឹងត្រូវ​បើក​សំឡេង​ឡើងវិញ ក្រោយ​២​នាទី​ដំបូង​នេះ​ចប់ ដើម្បី​ឲ្យ​ពួកគេ​ជជែក​ឆ្លើយឆ្លង​ទៅវិញទៅមក​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​រំខាន​លោក បៃ​ឌិន អំឡុង​ការជជែក​ដេញដោល​ប្រធានាធិបតី​លើក​ទី​១ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ហើយ​លោក បៃ​ឌិន បាន​ឆ្លើយតប​ដោយ​ស្រែក​គំហក​ទៅកាន់​លោក​ត្រាំ​។ 
 
​ក្រុម​ឃោសនាបោះឆ្នោត​របស់លោក ត្រាំ បានបង្ហាញ​ការជំទាស់​ចំពោះ​ការផ្លាស់ប្តូរ​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកចាត់ការ​យុទ្ធនាការ Bill Stepien លើកឡើងថា ប្រធានាធិបតី ត្រាំ តាំងចិត្ត​ជជែក​ដេញដោល​ជាមួយ​លោក​ចូ បៃ​ឌិន ប្រសិនបើ​គ្មាន​ការផ្លាស់ប្តូរ​វិន័យ​នៅ​នាទីចុងក្រោយ ពី​សំណាក់​គណៈកម្មាការ ដែល​លម្អៀង​ទៅរក​បេក្ខជន​ដែល​ពួកគេ​ពេញចិត្ត​។ 
 
​ក៏ប៉ុន្តែ ខាង​ក្រុម​ឃោសនាបោះឆ្នោត​របស់លោក​បៃ​ឌិន ពុំទាន់​ប្រតិកម្ម​អ្វី​នឹង​ការផ្លាស់ប្តូរ​វិន័យ​នេះឡើយ​។ ម្យ៉ាងទៀត ក្រុម​យុទ្ធនា​ការបោះឆ្នោត​លោក ត្រាំ ក៏​មិន​ពេញ​ចិត្តនឹង​ប្រធានបទ​ដែល​គ្រោង​ដាក់​ឲ្យ​ពិភាក្សា​ផងដែរ ដោយ​ពួកគេ​ចង់​ឲ្យ​ផ្តោត​សំខាន់​លើ​គោលនយោបាយ​ការបរទេស​។ 
 
​សម្រាប់​ការតស៊ូ​មតិ​នេះ ប្រធានបទ​គឺមាន​ដូចជា ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ក្រុមគ្រួសារ​អាមេរិក បញ្ហា​ពូជសាសន៍ បម្រែបម្រួល​អាកាសធាតុ សន្តិសុខ​ជាតិ និង​ភាពជា​អ្នកដឹកនាំ​។ អ្នកស្រី Kristen Welker អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ NBS នឹង​ធ្វើជា​អ្នកសម្របសម្រួល​កម្មវិធី​ជជែក​ដេញដោល​ប្រធានាធិបតី​លើក​ទី​៣​នេះ ។ 
 
​លោក ត្រាំ បាន​បដិសេធ​ចូលរួម​ការជជែក​ដេញដោល​ប្រធានាធិបតី​លើក​ទី​២ ដែល​បានកំណត់​រៀបចំឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយហេតុតែ​មិន​ពេញ​ចិត្តនឹង​ទម្រង់​តាម​អន​ឡាញ​របស់​កម្មវិធី​។ កាលនោះ លោក​បារម្ភ​ថា​គេ​នឹង​បិទ​សំឡេង​មីក្រូហ្វូន​លោក​ចោល​ស្រេច​តែ​ចិត្ត​។ 
 
​ខណៈ​ការបោះឆ្នោត​អាមេរិក​នៅ​សេស​តែ​១៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាជន​អាមេរិក​ជាង​៣០​លាន​នាក់​បាន​បោះឆ្នោត​រួចរាល់​ហើយ​។ តួលេខ​នេះ តំណាង​ឲ្យ​១​ភាគ​៥​នៃ​សន្លឹកឆ្នោត​សរុប​ក្នុង​ឆ្នាំ​២០១៦​។ សម្រាប់​ពេលវេលា​ស្ដួចស្ដើង​នេះ  លោក ត្រាំ ដែល​ទើប​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហាក់​ពិបាក​រក​សំឡេងគាំទ្រ​ក្នុង​រដ្ឋ​សំខាន់ៗ ស្របពេល​ដែល​លោក​បៃ​ឌិន​កំពុង​នាំមុខ​។ 
 
​ការបោះឆ្នោត​មុនពេល​កំណត់ ទំនង​ជាមាន​សន្ទុះ​ខ្លាំង​ក្នុង​សប្ដាហ៍​នេះ ខណៈ​រដ្ឋ​កាន់តែច្រើន​បាន​បើក​មណ្ឌលបោះឆ្នោត សម្រាប់​ចៀសវាង​ការប្រមូលផ្ដុំ​មនុស្ស​កកកុញ​ពេក​អំឡុង​ថ្ងៃ​បោះឆ្នោត​ធំ​។ តួយ៉ាង ក្នុង​រដ្ឋ Florida ដែល​សន្លឹកឆ្នោត​២,៥​លាន​សន្លឹក​បាន​ផ្ញើ​តាម​ប្រៃសណីយ៍​រួចរាល់​ហើយ​នោះ ពលរដ្ឋ​អាមេរិក​យ៉ាងច្រើន បានចាប់ផ្ដើម​តម្រង់​ជួរ​បោះឆ្នោត​មុនពេល​កំណត់ដោយ​ផ្ទាល់​នៅ​មណ្ឌលបោះឆ្នោត​ពួកគេ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com