កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ PSG នឹង​ផ្ដោតលើ​ការប្រយុទ្ធ ដើម្បី​សងសឹក Man Utd យប់​នេះ​
20, Oct 2020 , 3:56 pm        
រូបភាព
Paris St Germain នឹង​ផ្តោតលើ​ការប្រយុទ្ធ​ដើម្បី​វាយលុក​យកឈ្នះ​ក្រុម Manchester United ក្នុងជំនួប​បើកឆាក​ក្របខណ្ឌ Champions League វគ្គ​សន្សំ​ពិន្ទុ ពូ​ល H នៅ​រាត្រី​ថ្ងៃទី​២០ ខែតុលា វេលា​ម៉ោង ២:០០​នាទី អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] នេះ​។ PSG ដាក់​គោលដៅ​សងសឹក​បិសាច​ក្រហម​ឲ្យ​បាន ក្រោយ​ក្រុម​អង់គ្លេស​ទម្លាក់​ពួកគេ​នៅ​វគ្គ​១៦​ក្រុម​កាលពី ១៨ ខែ​មុន​។​



PSG ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​អឺរ៉ុប​កាលពី​រដូវ​កាល​ឆ្នាំ ២០១៨-១៩ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្រោម​ថ្វី​ជើង​កូនក្រុម​របស់លោក Ole Gunnar Solskjaer​។ កាលនោះ​ក្រុម​យក្ស​បារាំង​ឈ្នះ ២-០ ក្នុង​ជើង​ទី​១​នៅ Old Trafford តែ​ភ្លាត់​ស្នៀង​ចាញ់ ៣-១ វិញ​នៅ​ជើង​ទី​២ ក្នុង​ទឹកដី​ខ្លួន​។ ទោះយ៉ាងណា PSG ជា​ក្រុម​រងជើង​ឯក Champions League កាលពី​រដូវ​កាល​មុន ក្រោយ​ចាញ់ Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ក្នុងជំនួប​នៅ​រាត្រី​នេះ លោក Tuchel បាន​ព្រមាន​ក្រុម​ភ្ញៀវ​ថា កីឡដ្ឋាន Parc des Princes ជាទី​ដែល PSG តែងតែ​អាច​រក​គ្រាប់​បាល់​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​ច្រើន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល H នេះ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ អះអាងថា លោក​នឹង​ផ្តោតលើ​ការប្រយុទ្ធ​ដើម្បី​បាន​៣​ពិន្ទុ​ពី Man Utd​។​
 
​លោក Tuchel អះអាង​ដូច្នេះ ក្រោយ​មើលឃើញថា Man Utd បាន​របូត​គ្រាប់​បាល់​រហូត​១២ គ្រាប់​រួចទៅហើយ​នៅក្នុង​ការប្រកួត​ក្របខណ្ឌ Premier League ចំនួន​៤​លើកដំបូង​រដូវ​កាល​នេះ​។ ចំនុច​នេះហើយ ដែល​ធ្វើ​ឲ្យ PSG ត្រូវផ្តោត​ខ្លាំង​លើ​ការប្រយុទ្ធ ខណៈ​ពួកគេ​មាន​កីឡាករ​មានគុណ​ភាព​ច្រើន​ដូចជា Kylian Mbappe, Neymar និង Angel Di Maria ជាដើម​។​
 
​យ៉ាងណាក៏ដោយ លោក Tuchel ក៏​មិន​មើលស្រាល​ក្រុម​គូប្រជែង​របស់លោក​ដែរ ដ្បិត​ក្រុម PSG ធ្លាប់​រង​បរាជ័យ​ដោយសារ​ក្រុម​លោក Solskjaer ដោយ​ការ​វាយបក​រួចមកហើយ​។ លោក​បាន​លើកសរសើរ​ពី Paul Pogba ថា ជា​ខ្សែបម្រើ​ឆ្នើម​កម្រិត​ពិភពលោក និង​កីឡាករ​ដទៃទៀត ជាពិសេស​សមាជិក​ថ្មី​ដ៏​គ្រោះថ្នាក់ Bruno Fernandes​។​
 
​សម្រាប់​ជំនួប​បើកឆាក​ពូ​ល H នេះ Man Utd បានប្រកាស​ដែរ​ថា កីឡាករ​សំខាន់ៗ​របស់ខ្លួន​ដូចជា​ខ្សែការពារ Harry Maguire, Mason Greenwood និង​កីឡាករ​ចំណូល​ថ្មី Edinson Cavani ដែលជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ PSG សុទ្ធតែ​អវត្តមាន​។ 
 
​ក្នុង​ពូ​ល​នេះដែរ RasenBallsport Leipzig ត្រូវ​ប៉ះ Istanbul Basaksehir នៅ​ម៉ោង ២:០០​នាទី​ដូចគ្នា​។ ជំនួប​គូ​ដទៃទៀត ដែល​ត្រូវ​ប្រកួត​នៅ​ម៉ោង ១១:៥៥​នាទី​យប់​នេះ​មាន Salzburg ទទួល Lokomotiv Moscow សម្រាប់​ពូ​ល A ឯ Juventus ទៅលេង​ផ្ទះ Dynamo Kyiv ពូ​ល G៕
 


Tag:
 Paris St Germain
  Manchester United
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com