ពលរដ្ឋជាង ២ម៉ឺនគ្រួសារ និងដំណាំស្រូវជិត៦ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសាទឹកជំនន់ ដែលបានជន់លិចទូទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះមនុស្ស១៥នាក់ហើយដែលបានស្លាប់។ មូលហេតុនៃការជន់លិច គឺបណ្តាលមកពីជន់ពីប្រទេសថៃ គួបផ្សំនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងខេត្ត បានធ្វើឲ្យទំនប់អាងអូរខៃដនបាក់នៅព្រឹកព្រលឹមថ្ងៃទី២០តុលានេះ។
ទូទាំងខេត្តបន្ទាយមានជ័យ បានជន់លិចគ្រប់កន្លែង ដោយសារតែការបាក់ទំនប់អូរខៃដនដែលបណ្តាលពីទឹកជន់ធ្លាក់ពីប្រទេស និងភ្លៀងជាបន្តបន្ទាប់នៅក្នុងខេត្ត។ លោក ឈុន ប៊ុនថា មន្ត្រីមន្ត្រីលេខាគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានThmeythmey25 នៅរសៀលថ្ងៃទី២០តុលានេះថា៖ «ទឹកដែលមកពីថៃ រួមផ្សំនឹងទឹកភ្លៀង បានធ្វើឲ្យបាក់ទំនប់ហ្នឹង(អូរខៃដន)បាន ហើយធ្វើឲ្យទូទាំងខេត្តបន្ទាយមានជ័យលិច»។
តាមលោក ឈុន ប៊ុនថា ទឹកជំនន់ទូទាំងខេត្តនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារប៉ះពាល់ និងជន់លិចដំណាំស្រូវជិត ៦ម៉ឺនហិកតា។
ក្រៅពីផ្ទះសម្បែង និងផលដំណាំ ផ្លូវមួយចំនួននៅក្នុងខេត្តក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ ដើម្បីបញ្ចៀសការខូចខាតកាន់តែខ្លាំង និងបង្ការគ្រោះថ្នាក់ជាយថាហេតុនោះ នៅព្រឹកថ្ងៃទី២០តុលានេះ រដ្ឋបាលក្រុងប៉ោយប៉ែត្រ ក៏បានប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានពន្យល់មូលហេតុដែលនាំឲ្យផ្លូវជាច្រើនបានរងការជន់លិចដែរ។ «ឥទ្ធិពលទឹកភ្លៀងពីប្រទេសថៃ បានធ្វើឲ្យកម្រិតទឹកកើនឡើងជាគំហុក បណ្ដាលឲ្យលិចលំនៅឋានប្រជាពលរដ្ឋមួយចំនួន ដែលនៅជាប់បណ្ដោយអូរព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មក ច្រាលមកលិចកំណាត់ផ្លូវជាតិ៥ និងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត»។
ទំនប់អូរខៃដន ក្រុងប៉ោយប៉ែត រូបភាព៖ ក្រសួងធនធានទឹក
ការបាក់ទំនប់អាងអូរខៃដន ដែលស្ថិតនៅក្រុងប៉ោយប៉ែត នៅព្រឹកទី២០តុលាន ក៏បានបន្ថែមការជន់លិចនៅក្នុងខេត្តបន្ទាយមានជ័យបន្ថែម ក្នុងនោះក៏មានដែរកំណាត់ផ្លូវជាតិលេខ៥។
បើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រុង-ស្រុកចំនួន៩រងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់នេះ ដែលក្នុងនោះ រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងស្រុកភ្នំស្រុក។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី១៩ តុលា ទឹកជំនន់បានឆក់យកជីវិតមនុស្ស២៥នាក់ហើយ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ គឺចំនួន ១៥នាក់៕