តុលាការថៃមួយ នៅថ្ងៃទី២០ ខែតុលា បានចេញបំរាមហាមមិនឲ្យទូរទស្សន៍អនឡាញមួយផ្សាយពីការធ្វើបាតុកម្មរបស់បាតុករថៃ។ តុលាការថៃ អះអាងថាទូរទស្សន៍អនឡាញ Voice TV បំពានក្រឹត្យអាសន្នដែលហាមមិនឲ្យមានការផ្សព្វផ្សាយព័ត៌មាន និងព័ត៌មានបែបអេឡិចត្រូនិក ដែលប៉ះពាល់ដល់សន្តិសុខជាតិ ឬសន្តិភាព និងសណ្តាប់ធ្នាប់។
ចាប់តាំាងតែពីមានបាតុកម្មមក រដ្ឋាភិបាលថៃត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សរិះគន់ លើការព្យាយាមហាមមិនឲ្យមានការជួបជុំ និងផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល និងរបបរាជានិយម។ ទូរទស្សន៍អនឡាញ ក៏ត្រូវបានហាមឃាត់ការផ្សាយរបស់ខ្លួនដែរ។
លោក Putchapong Nodthaisong អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃបានលើកឡើងថា ទូរទស្សន៍អនឡាញ Voice TV បានបំពានច្បាប់ស្តីពីបទល្មើសឌីជីថល ដោយផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើយោងតាមកាសែត Bangkok Post។ ប៉ុន្តែលោក Rittikorn Mahakhachabhorn និពន្ធនាយកនៃទូរទស្សន៍Voice TV អះអាងថា នឹងបន្តការផ្សព្វផ្សាយរហូតទទួលបានដីការបស់តុលាការ។ លោកបន្តថា៖« យើងជម្នះបន្តប្រតិបត្តិការផ្អែកលើគោលការណ៍ជាអ្នកកាសែត»។
សូមបញ្ជាក់ថា ទូរទស្សន៍ Voice TV ត្រូវបានគ្រប់គ្រងមួយផ្នែកដោយត្រកូលស៊ីណាវ៉ាត់ ដែលមានសមាជិកពីរនាក់ធ្វើជានាយករដ្ឋមន្ត្រី រួមមានថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវយោធាទម្លាក់នៅឆ្នាំ២០០៦ និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវបាននាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទអូចា ធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នាំ២០១៤ ពេលលោកកាន់តំណែងជាប្រមុខកងទ័ពជើងគោក។ ទូរទស្សន៍មួយនេះ ត្រូវបានមើលឃើញថា មានទំនោររិះគន់រដ្ឋាភិបាល។
ក្រៅតែពីការហាមមិនឲ្យទូរទស្សន៍Voice TV ផ្សព្វផ្សាយ រដ្ឋាភិបាលថៃកាលពីថ្ងៃទី ១៩ ខែតុលា រដ្ឋាភិបាលថៃបានបើកការស៊ើបអង្កេត ទៅលើស្ថានប័នព័ត៌មានចំនួន៣ផ្សេងទៀត។ តុលាការថៃ មិនទាន់ចេញចំណាត់ការលើស្ថាប័នទាំងបីនៅឡើយ។
បាតុកម្មនៅថៃ ចាប់ផ្តើមទាក់ទាញមនុស្សឲ្យចូលរួមកាន់តែច្រើនបន្ទាប់ពីរដ្ឋាភិបាលប្រកាសក្រឹត្យអាសន្ន និងចាប់ខ្លូនបាតុករ រួមទាំងមេដឹកនាំបាតុកម្មមួយចំនួនផងដែរ។ មេធាវីរបស់មេដឹកនាំបាតុកម្មបានអះអាងថា កូនក្តីរបស់ខ្លួនខ្លះ ត្រូវបានប៉ូលិសចាប់ខ្លួនសារជាថ្មី បន្ទាប់ពីតុលាការអនុញ្ញាតឲ្យស្ថិតនៅក្រៅឃុំមិនយូរប៉ុន្មានផងនោះ។
គោលបំណងនៃការធ្វើបាតុកម្មរបស់ក្រុមយុវជន គឺទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង កំណែទម្រង់រដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចស្ដេច។ លោក ប្រាយុទ្ធ បានអះអាងថា លោកនឹងមិនចុះចេញពីតំណែងឡើយ ប៉ុន្តែលោកយល់ព្រមតាមសំណើររបស់ប្រធានរដ្ឋសភា ក្នុងការបើកកិច្ចប្រជុំរដ្ឋសភាវិសមញ្ញនៅថ្ងៃទី២៦ ខែតុលាដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ។
នៅក្នុងសភាថៃ ទាំងរដ្ឋសភា និងព្រឹទ្ធសភា លោកប្រាយុទ្ធមានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ដែលគាំទ្រលោកជាច្រើន ត្បិតអីសមាជិកព្រឹទ្ធសភាថៃ ត្រូវបានជ្រើសតាំងដោយរបបយោធា មុនការបោះឆ្នោតកាលពីឆ្នាំ២០១៩៕