ជាតិ
សង្គមជាតិ
ស៊ុយអែត ផ្តល់​ថវិកា​ជិត​៥០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ជួយ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​
20, Oct 2020 , 10:59 pm        
រូបភាព
សកម្មភាពពលរដ្ឋខ្មែរ​មួយចំនួនដាំដើមឈើ រូបភាពពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា
សកម្មភាពពលរដ្ឋខ្មែរ​មួយចំនួនដាំដើមឈើ រូបភាពពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ស៊ុយអែត បានផ្តល់​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​១​ពាន់​គ្រួសារ ដែល​រស់នៅក្នុង​ខេត្តពោធិ៍សាត់ និង​សៀមរាប សម្រាប់​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ​នៅតាម​មូលដ្ឋាន​របស់​ពួកគេ​។ គម្រោង​នេះ​នឹង​អនុវត្ត​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន រួមទាំង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​UNDP​។

 
​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ រហូតដល់​ខែមិថុនា ឆ្នាំ​២០២១​។ គម្រោង​នេះ នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ដែល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសា​រវិ​ប​ត្ត​កូ​វីដ​-១៩ មាន​ចំណូល​តាមរយៈ​ការដាំ​កូនឈើ និង​ជា​ចំណែក​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ពណ៌​បៃតង​។ 
 
​កន្លងមក​មាន​ពលរ​ដ្ឋ​ខ្មែរ​ដែល​ចំណាកស្រុក​ប្រមាណ​១០​ម៉ឺន​នាក់ បាន​វិល​ត្រឡប់មក​ប្រទេស​ខ្មែរ​វិញ​ដោយសារ​គ្មាន​ការងារ​ការធ្វើ ក្រោយពី​ប្រទេស​ដែល​ពួកគេ​ធ្វើការ​បាន​រង​វិបត្តិ​កូ​វីដ​-១៩​។ បញ្ហា​នេះហើយ ជាហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លះ​លួច​ដើម​ព្រៃឈើ បរបាញ់​សត្វ និង​នេសាទ​ខុសច្បាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។​
 
​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​សហគមន៍ ដែល​រងគ្រោះ​ដោយសារ​វិ​ប​ត្ត​កូ​វីដ​-១៩​កន្លងមក​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់ឱ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ នូវ​ឱកាស​រកប្រាក់​ចំណូល​បាន​ភ្លាមៗ តាមរយៈ​ការដាំ​ដើមឈើ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ទប់​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​កើតមាន​។ សកម្មភាព​នេះ​ក៏​នឹង​រួមចំណែក ដល់​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារៈសំខាន់​ផងដែរ​»​។ 


សកម្មភាពពលរដ្ឋខ្មែរ​មួយចំនួនដាំដើមឈើ រូបភាពពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា 

​លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​និយាយថា គម្រោង​នេះ នឹង​ជួយ​បង្កើន​គម្រប​ព្រៃឈើ​ក្នុង​តំបន់ ដែលជា​ប្រភព​ស្រូបយក​កាបូន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ផងដែរ​។ 
 
«​កម្មវិធី​សាច់ប្រាក់​ពលកម្ម​គឺជា​ការអន្តរាគមន៍ ទាន់ពេលវេលា​ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយតប​
​ភ្លាមៗ​ចំពោះ​តម្រូវការ​បន្ទាន់​របស់​សហគមន៍​ជនបទ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ភាពចាំបាច់​ក្នុងការ ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ ដែល​កំពុង​ទទួលរង​សម្ពាធ​។ ការងារ​នេះ​នឹង​ជួយ បង្កើន​គម្រប​ព្រៃ​ក្នុង​តំបន់​គោលដៅ ដែលជា​ប្រភព​ស្រូប យក​កាបូន រួមចំណែក​ដល់​ការបន្ត​ប្រយុទ្ធប្រឆាំង​ទៅនឹង ការប្រែប្រួល​អាកាសធាតុ​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ទិន ពន្លក​។ 
 
​លោក Nick Beresford តំណាង​អង្គការ​UNDP ប្រចាំ​កម្ពុជា​បាន​លើកឡើងថា រដ្ឋាភិបាល​ស៊ុយអែត​និង UNDP នឹង​ប្តេជ្ញា​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​បន្ត​ទៀតផង​ដែរ​៕ 
 

Tag:
 ដើមឈើ​
 ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com