COVID-19
អន្តរជាតិ
របាយការណ៍​៖ កំពូល​អ្នក​មាននៅ​ចិន កើន​ទ្រព្យ​១,៥​ទ្រី​លាន​ដុល្លារ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩
21, Oct 2020 , 8:29 am        
រូបភាព
លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុន អាលីបាបា (Alibaba) ។ រូបភាព៖ AFP
លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុន អាលីបាបា (Alibaba) ។ រូបភាព៖ AFP
ដោយ:
​ទ្រព្យសម្បត្តិ​របស់​កំពូល​មហាសេដ្ឋី​របស់​ចិន បាន​កើន​១,៥​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ដែល​ចំនួន​នេះ​លើស​លុយ​ដែល​រកបាន​៥​ឆ្នាំ​ចុងក្រោយ​បូក​បញ្ចូល​គ្នា​ទៅទៀត​។ នេះ​បើតាម​របាយការណ៍​អ្នកមាន​ប្រចាំឆ្នាំ នៅ​ថ្ងៃទី ២០ ខែតុលា ។ មូលហេតុ​ចម្បង​នៃ​ការកើនឡើង​នេះ គឺ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ហ្គេម​អន​ឡាញ​មាន​សន្ទុះ​ខ្លាំង អំឡុងពេល​បិទ​ប្រទេស​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។​

 
​មនុស្ស​២៥៧​នាក់​បន្ថែមទៀត ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ (the billionaires club) របស់​ចិន​ដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី​២​របស់​ពិភពលោក គិត​ត្រឹម​ខែសីហា ក្រោយពី​បាត់បង់​សមាជិក​២​ឆ្នាំ​ជាប់​គ្នា​។ របាយការណ៍ Hurun ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង សៀង​ហៃ ប្រទេស​ចិន បញ្ជាក់​បែបនេះ​។ 
 
​យោងតាម​របាយការណ៍​ដដែល បច្ចុប្បន្ន ចិន មាន​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​សរុប ៨៧៨​នាក់ ចំណែក​សហរដ្ឋអាមេរិក​មាន ៦២៦​នាក់ ។ ទន្ទឹមនេះ របាយការណ៍​នេះ បាន​រកឃើញថា​មាន​បុគ្គល​ប្រមាណ​២០០០​នាក់ កាន់កាប់​ទ្រព្យសម្បតិ្ត​បូក​បញ្ចូល​គ្នា​រហូតដល់ ៤ ទ្រី​លាន​ដុល្លារ គិត​ត្រឹម​ខែសីហា​។ 
 
​លោក ជេ​ក ម៉ា ស្ថាបនិក​ក្រុមហ៊ុន អា​លី​បា​បា (Alibaba) ឈរ​នៅ​កំពូល​តារាង​នេះ​ម្ដងទៀត ក្រោយ​ទ្រព្យសម្បត្តិ​លោក​ហក់​ឡើង​៤៥​ភាគរយ​ទៅកាន់ ៥៨,៨​ពាន់​លាន​ដុល្លារ​។ តាម​ពីក្រោយ​លោក គឺ លោក Pony Ma ដែលមាន​ទ្រព្យសម្បត្តិ​សរុប ៥៧,៤​ពាន់​លាន​ដុល្លារ​។ លោក ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ហ្គេម Tencent និង​ម្ចាស់​កម្មវិធី​ទូរ​សព្ទ WeChat ។ 
 
​ចំណែក លោក Zhong Shanshan ដែល​ទើប​ជាប់​តារាង​នេះ​លើកដំបូង ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ទឹកបរិសុទ្ធ​ម៉ាក Nongfu ដោយ​លោត​ដល់​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​ទ្រព្យសម្បត្តិ ៥៣,៧​ពាន់​លាន​ដុល្លារ ។ 
 
«​ពិភពលោក ពុំ​ធ្លាប់​ឃើញ​ទ្រព្យសម្បត្តិ​ច្រើនសន្ធឹក​បែបនេះ រកបាន​ត្រឹមតែ​ពេល​មួយឆ្នាំ​»​។ ប្រធាន​អ្នកស្រាវជ្រាវ​របាយការណ៍ Hurun លោក Rupert Hoogewerf បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក​បន្ថែមថា បញ្ជី​ឈ្មោះ​ឆ្នាំនេះ បង្ហាញថា ប្រទេស​ចិន​បាន​ងាក​ចេញពី​វិស័យ​ប្រពៃណី​ដូចជា ឧស្សាហកម្ម​ផលិត និង​អចលនទ្រព្យ ឆ្ពោះទៅរក​សេដ្ឋកិច្ច​ថ្មី ដែលជា​សេដ្ឋកិច្ច​ឌី​ចី​ថ​ល ៕ 

Tag:
 ចិន​
  Hurun Report
© រក្សាសិទ្ធិដោយ thmeythmey.com