ជាតិ
សង្គមជាតិ
អតីតមន្ត្រី​បក្សប្រឆាំង​២​នាក់ ត្រូវ​ជាប់ឃុំ ក្រោម​បទ​ប្រមាថ​ព្រះមហាក្សត្រ
20, Oct 2020 , 5:22 pm        
រូបភាព
ខាងមុខតុលាការរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយភ្នាក់ងារ AFP
ខាងមុខតុលាការរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយភ្នាក់ងារ AFP
​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​យក​មន្ត្រី​២​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុំ​ជា​បណ្តោះ​សន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ចំណាត់ការ​តាម​នីតិវិធី​បន្ត ក្រោម​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើតាម​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​។   



​មន្ត្រី​អតីត​គណបក្សប្រឆាំង​ទាំង​២​នាក់​នោះ គឺ​លោក គង់ ប៊ុន​ហ៊ាង វ័យ​៦៦​ឆ្នាំ និង លោក ហង្ស សេង វ័យ​៦៩​ឆ្នាំ​។ អ្នក​ទាំង​២ សុទ្ធតែជា​អតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​បក្សប្រឆាំង​ប្រចាំខេត្ត​បាត់ដំបង​។ 
 
​លោក សំ សុ​គង់ ជា​មេធាវី​ការពារ​ក្តី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នក​ទាំង​២ ដែលជា​កូនក្តី​របស់លោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន នៅ​ខេត្តបាត់ដំបង ហើយ​បន្ទាប់មក ត្រូវបាន​បញ្ជូនទៅ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​។ លោក ពន្យល់ថា មូលហេតុ គឺ​ដោយសារ​ក្រសួងមហាផ្ទៃ ជា​អ្នកបើក​ការស៊ើបអង្កេត​លើ​ករណីនេះ ដូច្នេះហើយ ទើប​កូនក្តី​របស់លោក​ទាំង​២ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​។​
 
​យ៉ាងណា លោក​មេធាវី ពុំទាន់​ដឹង​ពី​អង្គហេតុ​ច្បាស់​ឡើយ​ថា កូនក្តី​របស់លោក បាន​ប្រព្រឹត្ត​អំពើ​អ្វី ទើបត្រូវ​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ លោក មានប្រសាសន៍ថា​៖«​អត់​ទាន់​ដឹង​ទេ ព្រោះ​អត់​ទាន់​បាន​ជួប​ពួកគាត់ ចាំ​ស្អែក (២១​តុលា​) បានដឹង ស្អែក ខ្ញុំ ទៅ​ជួប​ពួកគាត់​»​។ 
 
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សុំ​មិន​បង្ហាញ​អង្គហេតុ ដែល​នាំទៅដល់​ការចាប់ខ្លួន​និង​ការចោទប្រកាន់​លើ​មន្ត្រី​អតីត​គណបក្ស​ទាំង​២​នាក់​នោះ ដោយ​លោក លើក​ហេតុផល​ថា វា ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​និង​វិជ្ជាជីវៈ ហើយ​ម្យ៉ាងទៀត សំណុំ​រឿងនេះ មិនទាន់​ត្រូវបាន​បញ្ចប់​ឡើយ​។ លោក ថ្លែងថា នៅពេល តុលាការ​កាត់ក្តី គេ នឹង​បានដឹង​ច្បាស់​ពី​សំណុំរឿង​របស់​អ្នក​ទាំង​២​។ 
 
​ក្នុង​កិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន​ថ្មីៗ មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ ​និយាយ​យ៉ាងខ្លី​ថា​៖«​សមត្ថកិច្ច មាន​ភស្តុ​តា​គ្រប់គ្រាន់ ដើម្បី​ចាប់​ពួកគាត់ ដាក់ពន្ធនាគារ​...​បើ​អត់​មាន​ភស្តុតាង សមត្ថកិច្ច ទៅ​ចាប់​ម៉េច​កើត​...»​។​
 
​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ចែងថា អ្នក ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​រង​ការពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​៕ 
 
 
 

Tag:
 មន្ត្រី​បក្សប្រឆាំង​
  បទ​ប្រមាថ​ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com