COVID-19
អន្តរជាតិ
ថៃ អាច​បាន​វ៉ាក់សាំង COVID-19 នៅ​ខែមិថុនា ប្រសិនបើ​រដ្ឋាភិបាល​យ​ល់​ព្រម​លើ​វ៉ាក់សាំង​អង់គ្លេស​
20, Oct 2020 , 5:59 pm        
រូបភាព
ទីស្នាក់ការក្រុមហ៊ុនឱសថ AstraZeneca ក្នុងទីក្រុងឡុងដ៍។ រូបភាព Xinhua
ទីស្នាក់ការក្រុមហ៊ុនឱសថ AstraZeneca ក្នុងទីក្រុងឡុងដ៍។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង
 
​ប្រធាន​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​របស់​ថៃ លោក Nakorn Premsri និយាយថា ថៃ​អាច​ទទួលបាន​វ៉ាក់សាំង COVID-19 ក្នុង​ខែមិថុនា ឆ្នាំក្រោយ ប្រសិនបើ​វ៉ាក់សាំង​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន AstraZeneca ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ថៃ​។​

 
​នាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ លោក Nakorn Premsri លើ​ក្នុង​សន្និសីទ​ថ្ងៃទី​២០ ខែតុលា​ថា ថៃ​នឹង​ទទួលបាន​វ៉ាក់សាំង COVID-19 ពី AstraZeneca ដោយសារតែ​ក្រុមហ៊ុន Siam Bioscience Group ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ឱសថ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ ជា​ដៃគូ​ក្នុង​តំបន់​របស់ខ្លួន​ដើម្បី​ផលិត​វ៉ាក់សាំង​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុមហ៊ុន Siam Bioscience Group និង​ក្រុមហ៊ុន AstraZeneca ត្រូវ​រំពឹងថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​នៅ​ចុងខែ​ក្រោយ​ដែរ​។​
 
​វ៉ាក់សាំង​ប្រឆាំង COVID-19 ដែល​ត្រូវ​ពិសោធ​ដោយ AstraZeneca ជា​ផលិតផល​អភិវឌ្ឍ​រួមគ្នា​ជាមួយ​សាកលវិទ្យាល័យ Oxford ។ វ៉ាក់សាំង​របស់​ពួកគេ ត្រូវបាន​រាយការណ៍​ថា ឈានដល់​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​ក្នុងចំណោម​បេក្ខភាព​វ៉ាក់សាំង​មួយចំនួនទៀត​។​
 
«​យើង​នឹង​ទទួលបាន​វ៉ាក់សាំង​លើកដំបូង​នៅត្រឹម​ខែមិថុនា ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅតាម​កាលវិភាគ​។​» លោក Nakorn និយាយ​បែបនេះ ហើយ​ក៏បាន​បន្តថា ចំពោះ​វ៉ាក់សាំង​ដែល​នឹង​ទទួលបាន​លើកដំបូង​នេះ នឹងមិន​គ្រប់គ្រាន់​តាម​ដែល​តម្រូវការ​។ យ៉ាងណា មន្ត្រី​វ៉ាក់សាំង​ថៃ​រូបនេះ អះអាងថា ថៃ​ក៏​នឹងមាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​ដទៃទៀត​ដែលជា​បេក្ខភាព​ខ្លាំង​ក្នុង​ការផលិត​វ៉ាក់សាំង ដើម្បី​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ចំនួន​ប្រជាជន​ពាក់កណ្ដាល​ដែរ​។​
 
​ថៃ​ត្រូវការ​វ៉ាក់សាំង​ចំនួន​៦៦​លាន​ដូ​ស​សំរាប់​ប្រជាជន​ចំនួន​៣៣​លាន​នាក់​របស់ខ្លួន​។ ក្រុមហ៊ុន Siam Bioscience Group បាន​បញ្ជាក់ថា ខ្លួន​មាន​សមត្ថភាព​អាចបំពេញ​បាន ២០ ភាគរយ​នៃ​តម្រូវការ​។ ក្រៅពី​ផលិត​វ៉ាក់សាំង​សម្រាប់​តម្រូវការ​ក្នុងប្រទេស ក្រុមហ៊ុន Siam Bioscience Group ក៏​នឹង​បង្កើត​វ៉ាក់សាំង​សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។ 
 
​ក្រៅពី​ទិញ​ពី​ខាងក្រៅ ថៃ ក៏​ប្រឹង​អភិវឌ្ឍ​វ៉ាក់សាំង​ខ្លួនឯង​ដែរ ប៉ុន្តែ​មិនទាន់​លទ្ធផល​សមប្រកប​នៅឡើយ​។ បច្ចុប្បន្ន ថៃ មាន​វ៉ាក់សាំង​មួយ​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​សាកលវិទ្យាល័យ​ជូឡាឡុងកន​។ ត្រង់នេះ វេជ្ជបណ្ឌិត Nakorn បាន​និយាយថា វា​មិន​ទំនង​អាច​ត្រូវបាន​សាកល្បង​នៅ​ដំណាក់​មនុស្ស​នៅក្នុង​ថៃ ដោយសារតែ​ចំនួន​ករណី COVID-19 នៅក្នុង​ប្រទេស​នេះ​មាន​កម្រិត​ទាប​៕
 
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com