ជាតិ
អត្ថបទពាណិជ្ជកម្ម
តើផ្សែងចង្ក្រានប៉ះពាល់ដូចម្ដេចខ្លះ មកលើសុខភាពរបស់យើង?
21, Oct 2020 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
ប្រជាជនប្រមាណ ៣ ពាន់លាននាក់ នៅទូទាំងពិភពលោក ចម្អិនម្ហូបអាហារដោយប្រើភ្លើងក្នុងទីចំហដែលបង្កជាការបំពុល ឬចង្ក្រានធម្មតាដែលប្រើប្រេងកាត ជីវម៉ាស (ឧស លាមកសត្វ និងកាកសំណល់ដំណាំ) និងធ្យូង។ ឧសបំពុលខ្យល់ក្នុងបរិវេណផ្ទះបាយ ដូច្នេះអ្នកចម្អិននិងកូនៗរបស់ពួកគេក៏ប្រឈមមុខនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដូចជាជំងឺរលាកសួត និងរបេងជាដើម។
 
អ្នកស្រី អ៊ុង សាមុត ជាប្រធានភូមិ នៃភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានប្រសាសន៍ថា៖« “ពីមុនមក ខ្ញុំមិនដែលបានដឹងទេថា ផ្សែងដែលកើតចេញពីការចម្អិន អាហារមានគ្រោះថ្នាក់ដល់សុខភាពបែបនេះសោះ។ ខ្ញុំដឹងថា ការចម្អិនម្ហូបមួយម៉ោងដោយប្រើឧស ស្មើនឹងការពិសារបារីមួយដើម។ យើងចាំបាច់ត្រូវតែចាត់វិធានការ”។  

ប្រជាជនប្រមាណ ៣ ពាន់លាននាក់ នៅទូទាំងពិភពលោក ចម្អិនម្ហូបអាហារដោយប្រើភ្លើងក្នុងទីចំហដែលបង្កជាការបំពុល ឬចង្ក្រានធម្មតាដែលប្រើប្រេងកាត ជីវម៉ាស (ឧស លាមកសត្វ និងកាកសំណល់ដំណាំ) និងធ្យូង។ ឧសបំពុលខ្យល់ក្នុងបរិវេណផ្ទះបាយ ដូច្នេះអ្នកចម្អិននិងកូនៗរបស់ពួកគេក៏ប្រឈមមុខនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដូចជា៖ ជំងឺរលាកសួត របេង និងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)។ 
 
អ្នកស្រីសាមុត មានគ្រួសារហើយ ហើយមានកូនបួននាក់ និងចៅពីរនាក់។ ប្ដីរបស់អ្នកស្រី គឺជាកសិករ រស់នៅក្នុងខេត្តមួយទៀត ដើម្បីមើលថែចម្ការពោតរបស់គាត់។ អ្នកស្រី ត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល របស់អង្គការ អេសអិនវី (SNV) នៅក្នុងស្រុកបរវេល ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផលវិបាកនៃការបំពុលខ្យល់ក្នុងផ្ទះ ដោយសារការប្រើប្រាស់ ចង្ក្រានបុរាណ និងដើម្បីបានបង្កើនចំណេះដឹងបន្ថែម និងនាំយកដំណោះស្រាយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់។ 
 
ក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋប្រមាណ ២,៥ លានគ្រួសារ នៅប្រើចង្ក្រានបុរាណ នៅឡើយ ដោយដុតជីវម៉ាស ដូចជា៖ ឧស ធ្យូង និងកាកសំណល់កសិកម្ម។ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជាប្រហែល ១១.០០០ នាក់ បានស្លាប់មុនអាយុ ដោយសារតែការបំពុលខ្យល់ក្នុងផ្ទះ ហើយស្ថានភាពសុខភាពខ្សោយ ក៏បង្កើនភាពងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ផងដែរ។  ក្រុមគ្រួសាររបស់អ្នកស្រីសាមុត ធ្លាប់ប្រើចង្ក្រានឡូវបែបបុរាណ ដោយចំណាយពេលវេលាច្រើនគួរសម - មួយផ្នែកធំ គឺលើការរកឧស។ 
 
អ្នកស្រី សាមុត មានប្រសាសន៍ថា៖ “ខ្ញុំមានការងាររវល់ច្រើន ប៉ុន្តែការចម្អិនម្ហូបអាហារនេះ គឺខ្ញុំត្រូវចំណាយពេលយ៉ាងហោចបីម៉ោងក្នុងមួយថ្ងៃ។ ជាពិសេស ពេលប្ដីរបស់ខ្ញុំទៅនៅឆ្ងាយ គឺយើងត្រូវទៅរកឧសដោយខ្លួនឯង។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ឧសក៏ពិបាកនឹងរក ហើយនៅរដូវភ្លៀង គឺកាន់តែពិបាករកទៀត”។ 
 
ដើម្បីធ្វើឲ្យក្រុមគ្រួសារនានា ងាកចេញពីការប្រើប្រាស់ចង្ក្រានបែបបុរាណ ក្នុងការចម្អិន មកប្រើប្រាស់ថាមពលស្អាត ក្នុងការចម្អិនវិញ ហើយបង្កើតឲ្យមានតម្រូវការ នៃការប្រើប្រាស់ថាមពលស្អាតក្នុងការចម្អិន ចាំបាច់ត្រូវជម្នះលើឧបសគ្គមួយចំនួន។  ទីមួយ គឺការយល់ដឹង ។ អ្នកចម្អិនម្ហូបភាគច្រើន បានប្រាប់អង្គការ SNV ថា ក្រុមគ្រួសាររបស់ខ្លួន រាប់ជំនាន់មកហើយ គឺធ្វើការចម្អិនបែបបុរាណនេះ ហើយមិនដែលបានគិតអំពីផលវិបាកឡើយ។ 
 
ដូច្នេះ អង្គការ SNV បានរៀបចំកម្មវិធីផ្សព្វផ្សាយ ដើម្បីផ្លាស់ប្ដូរឥរិយាបថនៅតាមភូមិនានាក្នុងខេត្តសៀមរាប បាត់ដំបង និងកំពង់ស្ពឺ ដោយធ្វើការជាមួយនឹងគណកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់។ អង្គការ SNV បានជំរុញឲ្យមានការងាកទៅប្រើហ្គាសឧស្ម័ន (LPG) និងថាមពលអគ្គិសនី ក៏ដូចជាចង្ក្រានឧសបែបទំនើប ដែលមានបង្ហាញនៅតាមទំព័រ Facebook៖ @Mekongstove។ 
 
អ្នកស្រី សាមុត មានប្រសាសន៍ថា៖ “ក្រោយការបណ្ដុះបណ្ដាលនេះ ខ្ញុំបានសម្រេចចិត្តទិញចង្ក្រានថាមពលស្អាត និងមានសុវត្ថិភាព បើទោះបីជាវាមានតម្លៃថ្លៃក្ដី ប៉ុន្តែអាទិភាពចម្បង គឺសុខភាពរបស់ក្រុមគ្រួសារខ្ញុំ។ ហើយខ្ញុំ ក៏នឹងចំណេញពេលវេលាទុកសម្រាប់ធ្វើកិច្ចការផ្សេង និងសម្រាកខ្លះផងដែរ”។ 
 
អ្នកស្រី បានបន្ថែមថា បើទោះបីជាអ្នកស្រី មានបញ្ហាផ្នែកហិរញ្ញវត្ថុក្ដី ហើយចង្ក្រានមានតម្លៃថ្លៃបន្តិចមែន អ្នកស្រីនៅតែសម្រេចចិត្តទិញចង្ក្រានជីវម៉ាសទំនើប របស់ ACE ក្នុងតម្លៃ ១១៥ដុល្លារដែរ ពីព្រោះគាត់យល់ថា វាអាចសន្សំសំចៃការចំណាយ ដោយសារវាប្រើអុសតិច និងមិនបញ្ចេញផ្សែងខ្លាំង៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com