COVID-19
អន្តរជាតិ
ជប៉ុន​និង​ឥណ្ឌូណេស៊ី ឯកភាព​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​សន្តិសុខ​ទ្វេភាគី​
21, Oct 2020 , 11:26 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នាសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតី ចូកូ វីដូដូ។ រូបភាពពីការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នាសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតី ចូកូ វីដូដូ។ រូបភាពពីការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន
​ជប៉ុន និង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា បាន​យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ ស្របពេល​ចិន​កំពុង​អុង​អាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីក្រុង​តូ​ក្យូ ក៏បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ជាង ៤០០​លាន​ដុល្លារ​ផងដែរ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​COVID-19​។



 
​បន្ទាប់ពី​ទស្សនកិច្ច​នៅ​វៀតណាម នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បន្តដំណើរ​ទៅ​ឥណ្ឌូណេស៊ី ដែលជា​គោលដៅ​ទស្សនកិច្ច​ចុងក្រោយ​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ លោក​ស៊ូ​ហ្កា បាន​លើកយក​ប្រធានបទ​ជាច្រើន​មក​ជជែក ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​របស់​ជប៉ុន​។ អំឡុង​ទស្សនកិច្ច​នៅ​វៀតណាម លោក ស៊ូ​ហ្កា ក៏​ឯកភាព​ជាមួយ​សម​ភាគី​វៀតណាម​ក្នុង​ការទិញ​លក់​អាវុធ​ដែរ​។​
 
«​យើង​បាន​ឯកភាព​ជំនួប​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​ឲ្យ​បាន​លឿន និង​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​»​។ លោកនាយក​រដ្ឋមន្ត្រី ស៊ុ​ហ្កា បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា​ជំនួប​ខាងលើ គឺជា​ការលើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​លើ​ការ​ការពារជាតិ និង​សន្តិសុខ ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរ​ស្ថានភាព​ក្នុង​តំបន់​។​
 
​ចំណែក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា លោក ចូ​កូ​វី បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ថា ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ហ្សា​ការ​តា គឺ​សំខាន់​ណាស់ ក្នុងស្ថានភាព​អាមេរិក​-​ចិន កំពុងមាន​ភាព​តានតឹង​ជាមួយគ្នា​។ 
 
​ការឯកភាព​ព​ន្លឿ​ន​លើ​កិច្ចចរចា​លក់​អាវុធ​នេះ ធ្វើឡើង​ក្នុងពេល​ចិន កំពុង​ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​។ គិតពី​ឆ្នាំ​២០១៤​មក ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​ជាមួយ​ហ្វីលីពីន និង​ថ្មីៗ​នេះ ជាមួយ​វៀតណាម​។ 
 
​ក្រៅពី​កិច្ចចរចា​លក់​អាវុធ ជប៉ុន​ក៏បាន​សន្យា​ផ្តល់ប្រាក់​កម្ចី​ប្រមាណ ៤៧៣​លាន​ដុល្លារ ក្នុង​អត្រា​ការប្រាក់​ទាប ដល់​ឥណ្ឌូណេស៊ី​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​បង្កដោយ​COVID-19 ។ កាលពី​ខែកុម្ភៈ ទីក្រុង​តូ​ក្យូ ក៏​ឲ្យ​ទីក្រុង​ហ្សា​រកា​តា​ខ្ចីលុយ​ប៉ុន្មាន​ពាន់​លាន​យ៉េន​ផងដែរ​
 
​សូមបញ្ជាក់ថា ក្នុងនាម​ជា​បងធំ​នៅ​អាស៊ាន ឥណ្ឌូណេស៊ី មិន​ចង់​ពាក់ព័ន្ធ​នឹង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​អាមេរិក​នៅក្នុង​តំបន់​ឡើយ​។ កន្លងមក​ឥណ្ឌូណេស៊ី បាន​បណ្ដេញ​ទូក​ល្បាត​ចិន​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ហើយ​ថែមទាំង​បដិសេធ មិន​ឲ្យ​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ចុះចត ដើម្បី​ចាក់​សាំង​ថែមទៀត​៕ 
​ 

Tag:
 ជប៉ុន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com