កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ព្រមាន​ក្រុម​ដទៃ​ថា Man Utd ត្រឡប់​មកវិញហើយ ក្រោយ​ឈ្នះ PSG ២-១
21, Oct 2020 , 2:16 pm        
រូបភាព
​លោក Ole Gunnar Solskjaer បាន​ផ្ញើ​ការព្រមាន​ទៅកាន់​ក្រុម​គូប្រជែង​របស់ Manchester United ដទៃ​ទៀតថា ក្រុម​របស់លោក​នៅពេល​នេះ​បាន​ត្រឡប់​មករក​ភាពខ្លាំង​វិញ​ហើយ បន្ទាប់ពី​យកឈ្នះ Paris Saint-Germain ២-១​។​



​នា​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៅ​រាត្រី​ថ្ងៃទី​២០ តុលា នា​កីឡដ្ឋាន Parc des Princes ខ្សែប្រយុទ្ធ Marcus Rashford ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​បិសាច​ក្រហម ដើម្បី​ជួយ​ក្រុម​លោក Solskjaer ទទួលបាន​៣​ពិន្ទុ​សម្រាប់​ជំនួប​បើកឆាក​។​
 
​មុន​គ្រាប់​បាល់​របស់ Rashford ដែល​សម្រេចបាន​នៅ​នាទី​៨៧ គ្រាប់​ដំបូង​របស់ Man Utd ធ្វើបាន​ដោយ Bruno Fernandes តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី​២៤ មុន Anthony Martial តែ​ត​បញ្ចូល​ទី​ក្រុម​ខ្លួនឯង​នៅ​នាទី​៥៥​។ ចប់​ការប្រកួត Man Utd ឈ្នះ​ក្រុម PSG ដោយ​លទ្ធផល ២-១ ខណៈ PSG ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Thomas Tuchel នៅតែ​មិនអាច​សងសឹក​បាន​។​
 
​នា​កីឡដ្ឋាន Parc des Princes កាលពី​១៩​ខែ​មុន ក្រុម​យក្ស​បារាំង​ទទួលបាន​ការខកចិត្ត​ម្តង​រួចមកហើយ ដោយ​ក្រុម​បិសាច​ក្រហម​បាន​ទម្លាក់​ពួកគេ​ត្រឹម​វគ្គ​១៦​ក្រុម​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ តាមរយៈ​ការ​វាយបក​យកឈ្នះ​នៅ​ជើង​ទី​២​ក្នុង​លទ្ធផល ៣-១ ខណៈ​ជើង​ទី​១​នៅ Old Trafford ក្រុម PSG ឈ្នះ ២-០​។​
 
​ទម្រង់​លេង​របស់​ក្រុម Man Utd យប់មិញ​នេះ ទទួលបាន​ការសរសើ​រ​យ៉ាងខ្លាំង​ពី​អ្នកចាត់ការ​លោក Solskjaer​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស មាន​អារម្មណ៍​ថា ក្រុម​របស់លោក​នៅពេល​នេះ​កំពុង​បោះជំហាន​ទៅមុខ​យ៉ាងខ្លាំង​បន្ទាប់ពី​រង្គោះរង្គើ​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​។ 
 
«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​សម្រាប់​ទម្រង់​លេង​របស់​ពួកគេ​។ ខ្ញុំ​ជឿថា​យើង​មានលទ្ធភាព​ដើម្បី​ប្រឆាំងនឹង​ក្រុម​ល្អៗ​ដទៃ​បាន ព្រោះ​ពេលនេះ​យើង​លេង​បាន​ត្រឹមត្រូវ​ដូចដែល​យើង​ចង់បាន​។ យើង​បាន​មើល​ការប្រកួត​នេះ ហើយ​ប្រាកដ​ណាស់​ថា ទម្រង់​លេង​របស់ Man Utd ពីមុន​បាន​ត្រឡប់​មកវិញហើយ​»​។​
 
​តាមរយៈ​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ Man Utd ឈ​កំពូល​តារាង​ពូ​ល H មាន​៣​ពិន្ទុ ស្មើ​ជាមួយ RasenBallsport Leipzig ដែល​បាន​យកឈ្នះ Istanbul Basaksehir ក្នុង​លទ្ធផល ២-០​។ 
 
​លទ្ធផល​គូ​ដទៃ​ក្រោយ​ការប្រកួត​នៅ​យប់​ថ្ងៃទី​២០ ខែតុលា​៖
 

 

Tag:
 Ole Gunnar Solskjaer
  Paris Saint-Germain
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com