ជាតិ
សមានចិត្តទូតបរទេសចំពោះកម្ពុជានាគ្រាគ្រោះទឹកជំនន់...
21, Oct 2020 , 2:21 pm        
រូបភាព
ការផ្តល់ជំនួយជាថវិកា ការគាំទ្រផ្នែកស្មារតី សារលើកទឹកចិត្ត និងការចុះទៅកាន់មូលដ្ឋានផ្ទាល់... ទាំងនេះ គឺជាសមានចិត្តរបស់បណ្តាស្ថានទូតបរទេសនៅកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់។ មកដល់ពេលនេះ ពលរដ្ឋជាង១សែនគ្រួសារ ឬជាង៤១ម៉ឺននាក់កំពុងរងគ្រោះ ដែលក្នុងនោះជាង៣០នាក់បានស្លាប់។ ខេត្តនៅភូមិភាគពាយ័ព្យ ជាពិសេសខេត្តបន្ទាយមានជ័យ រងគ្រោះខ្លាំងជាងគេ។



នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងប៉ៃលិន ជាដើម។



ក្រោមភាពជាដៃគូជាមួយអង្គការស្បៀងអាហារពិភពលោក ការិយាល័យជំនួយមនុស្សធម៌នៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) បានផ្តល់ថវិកា១០ម៉ឺនដុល្លារអាមេរិក ដើម្បីសង្គ្រោះប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ។ តាមរយៈ Twitter របស់ខ្លួន លោក Murphy បានសរសេរថា៖ «បេះដូងរបស់យើង នៅជាមួយពលរដ្ឋទាំងអស់ដែលស្ថិតក្រោមការគំរាមកំហែងគ្រោះមហន្តរាយនេះ»។

រួមដំណើរដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian ក៏បានចូលរួមសកម្មភាពផ្តល់អំណោយជាសម្ភារចាំបាច់ប្រចាំថ្ងៃដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ។



ឯកអគ្គរដ្ឋទូតចិនរូបនេះ បានមានប្រសាសន៍ថា ចិននិងកម្ពុជា ជាបងប្អូនល្អដែលជួយគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាមួយគ្នា ភាគីចិនមានអារម្មណ៍ដូចគ្នាចំពោះគ្រោះមហន្តរាយដែលកម្ពុជាកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរនេះ និងរីករាយរួមចំណែកជាកម្លាំងយ៉ាងសកម្មក្នុងការទប់ស្កាត់និងជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់។ សម្រាប់លោក ហ៊ុន ម៉ានី ការចូលរួមចែករំលែករបស់ស្ថានទូតចិន អាចជួយកាត់បន្ថយភាពលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ក្នុងតំបន់ និងជួយបង្កើនទំនុកចិត្តក្នុងការកសាងគេហដ្ឋានរបស់ពួកគាត់សាជាថ្មី។

រីឯស្ថានទូតជប៉ុនឯណោះវិញ លោកឯកអគ្គរាជទូត Mikami Masahiro បានសរសេរសារបួងសួងសូមឲ្យពលរដ្ឋកម្ពុជាមានសុខសុវត្ថិភាព។ «ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព»។


លោក Masahiro បានចូលរួមរំលែកទុក្ខក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់ ហើយរំពឹងថា ស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញនាពេលឆាប់ៗខាងមុខ។ «ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា»។ លោកបានអះអាងយ៉ាងដូច្នេះ។




ក្នុងជំនួបតាមទូរសព្ទជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រយៈពេលកន្លះម៉ោងនាថ្ងៃពុធនេះ សមភាគីការបរទេសជប៉ុន លោក Motegi Toshimitsu ក៏បានថ្លែងចូលរួមសោកស្តាយផងដែរ ដោយបានសន្យាថា ជប៉ុនផ្តល់ជំនួយគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន។

ស្ថានទូតវៀតណាមក៏មានសកម្មភាពផងដែរ ជាពិសេសស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក Vu Gnoc Ly។ ស្ថានកុងស៊ុលដែលមានវិសាលភាពលើខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កែប និងកោះកុង បានផ្តល់ជំនួយឧបត្ថម្ភបន្ទាន់មួយចំនួនដល់ពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋដើមកំណើតវៀតណាម ដែលកំពង់រងគ្រោះ។

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ទាំងកម្រិតរដ្ឋមន្ត្រីការពារជាតិ និងប្រមុខរដ្ឋាភិបាល បានសួរសុខទុក្ខគ្នាទៅវិញទៅមកអំពីទឹកជំនន់ដែលកំពុងញាំញីប្រទេសជិតខាងទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក បានផ្ញើសារលើកទឹកចិត្តសម្តេច ហ៊ុន សែនថា៖ «ខ្ញុំមានក្តីជឿជាក់ដ៏មុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសម្តេច ប្រជាជនកម្ពុជានឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗ»។

បើតាមហ្វេសប៊ុក សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី ស្ថានទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឧបត្ថម្ភ មី Indomie ចំនួន១០០កេស ដល់មូលនិធិមុទិតា ដើម្បីជាការចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាពិសេសដើម្បីជួយជនរងគ្រោះដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន។



រីឯលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន១០០០ដុល្លារអាមេរិក ជូនដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាការរួមចំណែកជួយដល់ជនរងគ្រោះ។

ស្ថានទូតបារាំងប្រចាំកម្ពុជានៅលើហ្វេសប៊ុករបស់ខ្លួន បានសរសេរសារថា បង្ហាញពីសាមគ្គីភាព (Message de Solidarité) ក្រោយបណ្តាខេត្តនៃកម្ពុជារងគ្រោះដោយទឹកជំនន់ និងបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។ «យើងសូមសម្តែងសាមគ្គីភាពជាមួយប្រជាជនកម្ពុជានៅក្នុងស្ថានភាពលំបាកនេះ»។

ក្នុងន័យដូចគ្នា ស្ថានទូតឥណ្ឌា បានសន្យាថា ឥណ្ឌា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយតាមអ្វីដែលអាចធ្វើបានក្នុងគ្រាដ៏លំបាក។ «យើងឈរជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខណៈជួបគ្រាលំបាកដោយសារទឹកជំនន់»។ នេះបើតាមសំណេរលើហ្វេសប៊ុកស្ថានទូត។



រីឯប៉ាគីស្ថាន និងតួកគី បានចេញសេចក្តីថ្លែងការណ៍រំលែកទុក្ខតាមរយៈក្រសួងការបរទេសរបស់ខ្លួន។ លោក Zahid Hafeez Chaudhri អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់ថា៖ «ប្រទេសប៉ាគីស្ថានសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតដ៏មានតម្លៃដោយសារទឹកជំនន់ថ្មីៗនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។



ក្រសួងការបរទេសតួកគី បានបង្ហាញការសោកស្តាយរបស់ខ្លួនចំពោះការបាត់បង់ជីវិតមនុស្សទាំងនៅកម្ពុជា និងវៀតណាម ដែលរងគ្រោះដោយទឹកជំនន់ និងបាក់ដី ក្រោមឥទ្ធិពលព្យុះលីនហ្វា និងណាងហ្គា។ «យើងក៏សូមបួងសួងដល់អ្នករងរបួសទាំងឡាយឆាប់ជាសះស្បើយ»។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍ក្រសួងការបរទេសតួកគីកាលពីថ្ងៃចន្ទ។

នាជំនួបជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់បណ្តាសប្បុរសជនដែលចូលរួមបរិច្ចាគថវិកាសម្រាប់ជនរងគ្រោះ រួមទាំងការយកចិត្តទុកដាក់របស់បណ្តាស្ថានទូត ហើយជាមួយគ្នានោះ សម្តេចបានលើកឡើងពីភាពរឹងមាំរបស់កម្ពុជាដើម្បីជម្នះគ្រាដ៏លំបាកទាំងកូវីដ-១៩ និងគ្រោះទឹកជំនន់៕



Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com