ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុត ទៅតាមវិស័យរបស់ខ្លួនក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំរួមគ្នាដោយនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានាដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។
ភាគីទាំងបី នឹងសហការគ្នាលើប្រតិបត្តិការមួយចំនួន ក្នុងនោះក្រុមហ៊ុន មិត្តហ្វូននឹងផ្ដល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅនិងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធបង់ប្រាក់អ៊ី-ម៉ាន់នី ឬគណនីតាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយដែលនឹងជួយសម្រួល ដល់ការទូទាត់សំណងពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយពាណិជ្ជកម្ម ស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិត នៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។ ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅប្រើកម្មវិធីសុខភាពលើទូរស័ព្ទដៃរបស់ព្រូដិនសលកម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃសេវាថែមទៀតផង។
នាយកចាត់ការទូទៅក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថាក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត។ លោក Phung Van Cuong បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវាធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ឲ្យឃើញ ពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបម្រើសេវាកម្ម ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន»។
នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖«ភាពជាដៃគូ នេះនឹងផ្ដល់ភាពងាយស្រួល ដល់អតិថិជនរបស់អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងរបស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចទូទាត់សំណងជូនដល់អតិថិជនរបស់ខ្លួន តាមរយៈភ្នាក់ងារជាង ៨ ០០០ ទីតាំងរបស់អ៊ី-ម៉ាន់នី នៅទូទាំងប្រទេសផងដែរ»។
អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា៖«គោលបំណង របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួលខុសត្រូវរបស់យើងនៅពេលនេះ គឺកាន់តែមានភាពបន្ទាន់ និងសំខាន់ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងកម្ពុជា ពោលគឺដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងទឹកជំនន់ដែលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត នៅមានកម្រិតទាបនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុត នៅកម្ពុជា ដោយមានអតិថិជនជាង ២០ ម៉ឺននាក់ ហើយតាមរយៈការជួយគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ពីសំណាក់ក្រុមហ៊ុននាំមុខគេទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ។ ខ្ញុំជឿជាក់ថា យើងនឹងមានលទ្ធភាពពិសេសក្នុងការពង្រីកវិសាលភាពសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជាដែលពុំទាន់ទទួលបានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិចតួច»៕
(អត្ថបទពាណិជ្ជកម្ម)