COVID-19
អន្តរជាតិ
មហាវិទ្យាល័យ Imperial ក្នុងទីក្រុងឡុងដ៍រើសអ្នកស្ម័គ្រចិត្តមានសុខភាពល្អ ដើម្បីចម្លងជំងឺកូវីដ១៩ ហើយធ្វើតេស្តសាកល្បង រូបឯកសារ៖ អ្នកបច្ចេកទេសស្រាវជ្រាវលោក Jess O'Hara កំពុងដំណើរការធ្វើតេស្តអង្គបដិប្រាណដើម្បីឲ្យដឹងថា តើពួកវាជាប់ទៅនឹងវីរុសដែរឬទេ ដោយលោកធ្វើតេស្តនេះ នៅក្នុងមន្ទីរពិសោធន៍នៅមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
× រដ្ឋាភិបាលប្រទេសអង់គ្លេស គាំទ្រការធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលមានសក្តានុពលមួយ ដែលក្នុងនោះ មនុស្សដែលមានសុខភាពល្អ ត្រូវចម្លងវីរុសនៃជំងឺកូវីដ១៩ ដើម្បីពន្លឿននៃដំណើរការធ្វើតេស្តសាកល្បងវ៉ាក់សាំងនេះ។
រដ្ឋាភិបាលអង់គ្លេស បានផ្តល់ថវិកាចំនួន៤៣,៥លានដុល្លារ ដើម្បីគាំទ្រគម្រោងនេះ ហើយប្រសិនបើត្រូវបានយល់ព្រមដោយក្រុមអ្នកត្រួតពិនិត្យ និងគណៈកម្មាធិការក្រមសីលធម៌នោះ គម្រោងនេះ នឹងត្រូវចាប់ផ្តើមក្នុងខែមករាខាងមុខនេះ ហើយលទ្ធផលត្រូវគេរំពឹងថា នឹងកើតមាននៅខែឧសភា ឆ្នាំ២០២១។
អ្នកវិភាគស្រាវជ្រាវនិយាយថា គេកំពុងជ្រើសរើសរកអ្នកស្ម័គ្រចិត្តអាយុរវាងពី១៨ ទៅ៣០ឆ្នាំ ដែលមិនធ្លាប់មានរោគសញ្ញា ឬប្រវត្តិឆ្លងជំងឺកូវីដ១៩ និងមានសុខភាពល្អ។ ពួកគេនិយាយថា ក្នុងដំណាក់កាលដំបូងនៃការសាកល្បងនោះ គោលបំណងសំខាន់របស់គេ គឺការដាក់ឲ្យមនុស្សនោះឆ្លងវីរុសនៃជំងឺកូវីដ១៩ ក្នុងកម្រិតតិច។
នៅពេលដែលដំណាក់ដំបូងនេះបានបញ្ចប់ហើយនោះ អ្នកស្រាវជ្រាវនឹងសិក្សាថាតើវ៉ាក់សាំងនៅក្នុងខ្លួននោះអាចដំណើរការយ៉ាងដូចម្តេចនៅក្នុងរាងកាយមនុស្ស ដើម្បីបញ្ឈប់ ឬការពារជំងឺកូវីដ១៩ និងស៊ើបអង្កេតពីលទ្ធភាពនៃវិធីព្យាបាលផងដែរ។
ហានិភ័យនៃអ្នកស្ម័គ្រចិត្ត គឺថានៅពេលដែលគេមានមេរោគឆ្លងក្នុងខ្លួនហើយ ពេលនោះ នឹងមិនមានការព្យាបាលនោះទេ។ អ្នកដឹកនាំគម្រោងស្រាវជ្រាវនៃមហាវិទ្យាល័យ Imperial វេជ្ជបណ្ឌិត Chris Chiu (គ្រីស ជូ) លើកឡើងថា សុវត្ថិភាពរបស់អ្នកស្ម័គ្រចិត្តដែលទទួលធ្វើការសាកល្បង ជាអទិភាពដំបូងដែលត្រូវគិតគូរ។ លោកថា បើទោះបីជាការសិក្សាបែបនេះ ជៀសមិនផុតពីហានិភ័យដោយយថាហេតុណាមួយនោះ អ្នកវិទ្យាសាស្ត្រនឹងធ្វើការឲ្យបានម្ម៉ត់ចត់បំផុត ដើម្បីកំរិតនូវហានិភ័យដែលអាចកើតមានឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com