ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តធ្វើឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ដែលសមរភូមិដ៏សំខាន់ ខណៈការបោះឆ្នោតសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ។ នៅទីនោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្រថា លោកត្រូវការឈ្នះអាណត្តិទី២ ដើម្បីធានាការស្ដារសេដ្ឋកិច្ចដោយជោគជ័យ ពីឥទ្ធិពលកូវីដ-១៩ ខណៈព្រមានទៀតថា សេដ្ឋកិច្ចដាំក្បាលចុះ បើលោក ចូ បៃឌិន ឈ្នះឆ្នោត។
ពីព្រលានយន្តហោះមួយក្នុងទីក្រុង Erie រដ្ឋ Pennsylvania លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋ Pennsylvania អាចជួយឲ្យលោកឈ្នះការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ហើយព្រមានថា លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ នឹងបំផ្លាញការងារ និងវឌ្ឍនភាពរបស់រដ្ឋនេះ។
«នេះគឺជាការបោះឆ្នោតរវាងការស្តារសេដ្ឋកិច្ចដ៏លឿនរបស់ ត្រាំ ដែលកំពុងកើតឡើងនាពេលនេះ និងការដាំក្បាលចុះ [សេដ្ឋកិច្ច] របស់ បៃឌិន »។ លោក ត្រាំ ប្រាប់អ្នកគាំទ្រលោកបែបនេះ មុននឹងបន្ថែមថា បើចង់បើកសាលារៀន បើកដំណើរការសេដ្ឋកិច្ចដែលមានសុវត្ថិភាព បោះឆ្នោតឲ្យលោកទៅ។
ការចាត់ចែងជំងឺកូវីដ-១៩ របស់រដ្ឋបាលលោកត្រាំ ដែលសម្លាប់ពលរដ្ឋអាមេរិកជាង២២ម៉ឺននាក់ ហើយមនុស្សរាប់លាននាក់អស់ការងារធ្វើ បានជះឥទ្ធិពលអវិជ្ជមានលើក្តីសង្ឃឹមឈ្នះឆ្នោតឡើងវិញរបស់លោកត្រាំ។
លោក បៃឌិន បានរិះគន់លោកត្រាំចំពោះបរាជ័យដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងការប្រញាប់ប្រញាល់បើកសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការមិនសូវគោរពវិធានការសុខាភិបាល រួមមាន គម្លាតសុវត្ថិភាព និងពាក់ម៉ាស់។ ការស្ទាបស្ទង់មតិមួយចំនួន បង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន ទុកចិត្តលោក បៃឌិន ដឹកនាំប្រទេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ជាងលោកត្រាំ។
ខណៈការបោះឆ្នោតអាមេរិក នៅសល់១៤ថ្ងៃទៀត ពលរដ្ឋអាមេរិកជាង៣៥លាននាក់ បានបោះឆ្នោតមុនកំណត់រួចរាល់ ដែលណាងឲ្យ១ភាគ៤នៃអ្នកបោះឆ្នោតសរុបក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ការស្ទាបស្ទង់មតិថ្នាក់ជាតិមួយ បង្ហាញថា លោក បៃឌិននាំមុខលោកត្រាំឆ្ងាយគួរសម។
យ៉ាងណាមិញ លោក ត្រាំ នាំមុខលោកបៃឌិន ជាមួយសំឡេងគាំទ្រ ៤៩ទល់៤៥ភាគរយ ក្នុងរដ្ឋ Pennylvania ដែលមានប្រតិភូ (Elector) ចំនួន២០នាក់។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters កាលពីថ្ងៃទី១៩ ខែតុលា។ ប្រាប់អ្នកគាំទ្រក្នុងទីក្រុង Erie លោក ត្រាំ និយាយដូច្នេះថា៖«បើយើងឈ្នះ រដ្ឋ Pennsylvania យើងឈ្នះអ្វីគ្រប់យ៉ាង»។
លោក បៃឌិន ពុំបានចេញធ្វើឃោសនាបោះឆ្នោតឡើងកាលពីថ្ងៃទី២០ ខែតុលា ដោយទុកពេលត្រៀមខ្លួនសម្រាប់ការជជែកដេញដោលប្រធានាធិបតី ដែលនឹងរៀបចំឡើងនាថ្ងៃទី ២២ ខែតុលាខាងមុខនេះ។ ក៏ប៉ុន្តែលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក នឹងធ្វើយុទ្ធនាការរកសំឡេងឆ្នោតឲ្យលោកបៃឌិន ក្នុងរដ្ឋ Pennylvania នាថ្ងៃទី ២១ ខែតុលា៕