អន្តរជាតិ
លោក ត្រាំ ព្រមាន​ថា សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ បើ​លោក បៃ​ឌិន ឈ្នះឆ្នោត​
21, Oct 2020 , 3:05 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី ២០ ខែតុលា នីព្រលានយន្តហោះ ក្នុងទីក្រុង Erie នៃរដ្ឋ Pennsylvania ។ រូបភាព ៖ Getty Images
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី ២០ ខែតុលា នីព្រលានយន្តហោះ ក្នុងទីក្រុង Erie នៃរដ្ឋ Pennsylvania ។ រូបភាព ៖ Getty Images
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្តធ្វើ​ឃោសនាបោះឆ្នោត​ក្នុង​រដ្ឋ Pennsylvania ដែល​សមរភូមិ​ដ៏​សំខាន់ ខណៈ​ការបោះឆ្នោត​សល់​តែ​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ នៅ​ទីនោះ លោក ត្រាំ បាន​ប្រាប់​អ្នកគាំទ្រ​ថា លោក​ត្រូវការ​ឈ្នះ​អាណត្តិ​ទី​២ ដើម្បី​ធានា​ការស្ដារ​សេដ្ឋកិច្ច​ដោយ​ជោគជ័យ ពី​ឥទ្ធិពល​កូ​វីដ​-១៩ ខណៈ​ព្រមាន​ទៀតថា សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ បើ​លោក ចូ បៃ​ឌិន ឈ្នះឆ្នោត​។

 
​ពី​ព្រលានយន្តហោះ​មួយ​ក្នុង​ទីក្រុង Erie រដ្ឋ Pennsylvania លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា រដ្ឋ Pennsylvania អាចជួយ​ឲ្យ​លោក​ឈ្នះ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ហើយ​ព្រមាន​ថា លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ នឹង​បំផ្លាញ​ការងារ និង​វឌ្ឍនភាព​របស់​រដ្ឋ​នេះ​។ 
 
«​នេះ​គឺជា​ការបោះឆ្នោត​រវាង​ការស្តារ​សេដ្ឋកិច្ច​ដ៏​លឿន​របស់ ត្រាំ ដែល​កំពុង​កើតឡើង​នាពេលនេះ និង​ការដាំ​ក្បាល​ចុះ [​សេដ្ឋកិច្ច​] របស់ បៃ​ឌិន »​។ លោក ត្រាំ ប្រាប់​អ្នកគាំទ្រ​លោក​បែបនេះ មុននឹង​បន្ថែមថា បើ​ចង់​បើក​សាលារៀន បើក​ដំណើរការ​សេដ្ឋកិច្ច​ដែលមាន​សុវត្ថិភាព បោះឆ្នោត​ឲ្យ​លោក​ទៅ​។ 
 
​ការចាត់ចែង​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋបាល​លោក​ត្រាំ ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង​២២​ម៉ឺន​នាក់ ហើយ​មនុស្ស​រាប់លាន​នាក់​អស់​ការងារ​ធ្វើ បាន​ជះឥទ្ធិពល​អវិជ្ជមាន​លើក្តី​សង្ឃឹម​ឈ្នះឆ្នោត​ឡើងវិញ​របស់លោក​ត្រាំ​។​
 
​លោក បៃ​ឌិន បាន​រិះគន់​លោក​ត្រាំ​ចំពោះ​បរាជ័យ​ដោះស្រាយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការប្រញាប់​ប្រញាល់​បើក​សេដ្ឋកិច្ច​ឡើងវិញ ព្រមទាំង​ការមិន​សូវ​គោរព​វិធានការ​សុខាភិបាល  រួមមាន គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស់​។  ការ​ស្ទាបស្ទង់​មតិ​មួយចំនួន បង្ហាញថា ពលរដ្ឋ​អាមេរិក​ភាគច្រើន ទុកចិត្ត​លោក បៃ​ឌិន ដឹកនាំ​ប្រទេស​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាង​លោក​ត្រាំ​។ 
 
​ខណៈ​ការបោះឆ្នោត​អាមេរិក នៅសល់​១៤​ថ្ងៃ​ទៀត  ពលរដ្ឋ​អាមេរិក​ជាង​៣៥​លាន​នាក់ បាន​បោះឆ្នោត​មុន​កំណត់​រួចរាល់ ដែល​ណា​ង​ឲ្យ​១​ភាគ​៤​នៃ​អ្នកបោះឆ្នោត​សរុប​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។ ការ​ស្ទាបស្ទង់​មតិ​ថ្នាក់ជាតិ​មួយ បង្ហាញថា លោក បៃ​ឌិន​នាំមុខ​លោក​ត្រាំ​ឆ្ងាយ​គួរសម​។ 
 
​យ៉ាងណាមិញ លោក ត្រាំ នាំមុខ​លោក​បៃ​ឌិន ជាមួយ​សំឡេងគាំទ្រ ៤៩​ទល់​៤៥​ភាគរយ ក្នុង​រដ្ឋ Pennylvania ដែលមាន​ប្រតិភូ (Elector) ចំនួន​២០​នាក់​។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់ Reuters កាលពី​ថ្ងៃទី​១៩ ខែតុលា​។ ប្រាប់​អ្នកគាំទ្រ​ក្នុង​ទីក្រុង Erie លោក ត្រាំ និយាយ​ដូច្នេះ​ថា​៖«​បើ​យើង​ឈ្នះ រដ្ឋ Pennsylvania យើង​ឈ្នះ​អ្វី​គ្រប់យ៉ាង​»​។ 
 
​លោក បៃ​ឌិន ពុំបាន​ចេញ​ធ្វើ​ឃោសនាបោះឆ្នោត​ឡើង​កាលពី​ថ្ងៃទី​២០ ខែតុលា ដោយ​ទុកពេល​ត្រៀមខ្លួន​សម្រាប់​ការជជែក​ដេញដោល​ប្រធានាធិបតី ដែល​នឹង​រៀបចំឡើង​នា​ថ្ងៃទី ២២ ខែតុលា​ខាងមុខនេះ​។ ក៏ប៉ុន្តែ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​ឲ្យ​លោក​បៃ​ឌិន ក្នុង​រដ្ឋ Pennylvania នា​ថ្ងៃទី ២១ ខែតុលា​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com