ជាតិ
ពលរដ្ឋ ចាប់បាន​ក្រពើ​មួយ​ក្បាល នៅ​ខេត្ត​ព្រះសីហនុ
21, Oct 2020 , 3:32 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា

​ក្រពើ​មួយ​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន នៅក្នុង​ភូមិ​២ សង្កា​ត់ទី​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២០ តុលា​។ នេះ​បើតាម​អ្នកស្រី សំរឹទ្ធ សុ​ខេមរា ជា​ចៅសង្កាត់​ស្តីទី​នៅ​មូលដ្ឋាន​ផ្ទាល់​។​



​អ្នកស្រី សំរឹទ្ធ សុ​ខេមរា បាន​បញ្ជាក់ថា ក្រុមការងារ​អ្នកស្រី មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​ក្រពើ​នៅឡើយ​ទេ ខណៈ​ក្រុងព្រះសីហនុ​បច្ចុប្បន្ន ពុំមាន​កន្លែង​ចិញ្ចឹម​ក្រពើ​។ បើតាម​អ្នកស្រី សុ​ខេមរា ក្រពើ​ដែល​ពលរដ្ឋ​ចាប់បាន​នេះ មាន​ទម្ងន់​៦​គីឡូក្រាម​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ចៅសង្កាត់​ស្តីទី​រូបនេះ បាន​បញ្ជាក់ថា​ដូច្នេះ​ថា​៖« នៅក្នុង​ក្រុង​នេះ ធ្លាប់មាន​កន្លែង​ចិញ្ចឹម​មួយកន្លែង តែ​គេ​ឈប់​ចិញ្ចឹម​យូរហើយ​។ រីឯ​កសិដ្ឋាន ចិញ្ចឹម​ក្រពើ​នៅឯ​សកល​វិទ្យាល័យ​ឡាយ​ហ្វ៍ ដែល​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ក៏​ឈប់​ចិញ្ចឹម ពីរ​-​បី​ខែ​មកហើយ ដូច្នេះ​យើង​មិនទាន់​អាចសន្និដ្ឋាន ពី​ប្រភព​នៃ​ក្រពើ​នេះ​នៅឡើយ​ទេ​»​។​
 
​អ្នកស្រី សុ​ខេមរា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុង​រដូវ​កាល​គ្រោះទឹកជំនន់​នេះ ។​
 
​សូមបញ្ជាក់ថា ក្រពើ​ដែល​ប្រជាពលរដ្ឋ​ចាប់បាន កាលពី​ថ្ងៃ​២០ កន្លងទៅ មិនត្រូវ​បាន​យកទៅ​ប្រលែង​ឡើយ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​សម្លាប់​បាត់ទៅហើយ​។ នេះ​បើតាម​អ្នកស្រី​ចៅសង្កាត់​ស្តីទី​៕
 

Tag:
 ទឹកជំនន់​
  ក្រពើ
© រក្សាសិទ្ធិដោយ thmeythmey.com