ជាតិ
សង្គមជាតិ
៤០ឆ្នាំកន្លងមក កម្ពុជា មិនធ្លាប់ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចពេលនេះឡើយ សម្តេច ហ៊ុន សែន (ពាក់វ៉ែនតាខ្មៅ) ធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលស្ថានភាពលំនៅឋានិងប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ បន្ទាប់ពីបុរសអង្គុយនៅមុខគេ ដែលពាក់មួកពណ៌ស គឺសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ ហើយអ្នកអង្គុយបែរខ្នង នៅចន្លោះសម្តេច ហ៊ុន សែន និង សម្តេច ទៀ បាញ់ គឺឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីដែនដី។
× ថ្លែងចេញពីខេត្តបន្ទាយមានជ័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រយៈពេល៤០ឆ្នាំមកហើយ កម្ពុជា មិនដែលជួបគ្រោះទឹកជំនន់ខ្លាំង ដូចចុងឆ្នាំ២០២០នេះឡើយ។ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សម្តេច បានចុះចែកអំណោយនិងធ្វើដំណើរពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងនៅចំពោះមុខប្រជាជន ដែលទៅទទួលអំណោយ យ៉ាងដូច្នេះថា៖«...យើង មិនធ្លាប់ជួប [គ្រោះទឹកជំនន់ខ្លាំង] នៅក្នុងរយៈពេល៤០ឆ្នាំ ក្រោយ [ថ្ងៃ] រំដោះ១៩៧៩នោះទេ ប៉ុន្តែយើងទើបនឹងជួប...»។
ខេត្តបន្ទាយមានជ័យ គឺរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា តាមការសិក្សា កាលពី៧០ឆ្នាំមុន ខេត្តបន្ទាយមានជ័យ ធ្លាប់ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរម្តង ហើយ៧០ឆ្នាំក្រោយ គឺនៅចុងឆ្នាំ២០២០ ខេត្តនេះ ក៏ជួយគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះសាជាថ្មី។
សម្តេចប្រមុខរដ្ឋាភិបាល លើកឡើងថា ការងារអាទិភាពរបស់អាជ្ញាធរនិងកងកម្លាំង គឺជម្លៀសប្រជាជន ដែលជួបគ្រោះទឹកជំនន់ ទៅកាន់កន្លែងមានសុវត្ថិភាពឲ្យទាន់ពេលវេលា។ សម្តេច បន្តថា កម្ពុជា រងការបំផ្លាញដោយវិបត្តិជំងឺកូវិដ-១៩ អស់រយៈពេលប្រមាណ១០ខែមកហើយ ហើយឥឡូវ មកជួបគ្រោះទឹកជំនន់ថែមទៀត។ យ៉ាងណា សម្តេច ជឿជាក់ថា ប្រជាជនកម្ពុជា នឹងអាចជម្នះលើវិបត្តិជំងឺកូវិដ-១៩ និងអាចដោះស្រាយបានពីគ្រោះទឹកជំនន់។
មេដឹកនាំកម្ពុជា បន្ថែមថា មិនមែនតែកម្ពុជាទេ ប្រទេសនានា រួមទាំងប្រទេសជាអ្នកជិតខាងផង គឺថៃ វៀតណាម និង ឡាវ ក៏ជួបគ្រោះទឹកជំនន់ដែរ។ មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«នៅវៀតណាម ធ្ងន់ធ្ងរជាងយើងច្រើនណាស់ ប្រទេសមួយចំនួនធ្ងន់ធ្ងរជាងយើងទៅទៀត។ ប៉ុន្តែសម្រាប់យើង បើទោះបីវា មិនមែនជាជំនន់មេគង្គ ដូចឆ្នាំ២០០០....តែយើងចាត់ទុកថា ជំនន់ទឹកភ្លៀងនេះ គឺជាជំនន់ធំ ដែលវាមិនធ្លាប់មាន...»។
គិតត្រឹមថ្ងៃ២១ ខែតុលាដូចគ្នា នៅវៀតណាម ដោយសារតែទឹកជំនន់ខ្លាំង បានបណ្តាលឲ្យបាក់ដី ហើយសម្លាប់មនុស្សជាង១០០នាក់ ក្នុងនោះមានកងទ័ពជិត២០នាក់ ឯនៅកម្ពុជា មានប្រជាជន៣៤នាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់។
សម្តេចនាយករដ្ឋមន្ត្រី ចូលរួមសោកស្តាយជាមួយប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់។ សម្តេច ចាត់ទុកថាជារឿងប្លែកនិងជារឿងដ៏កម្រ ដែលរាល់ឆ្នាំទឹកជំនន់ តែងថយចុះ នៅក្រោយផុតរដូវបុណ្យភ្ជុំបិណ្ឌឬក្រោយចេញព្រះវស្សា តែសម្រាប់ឆ្នាំនេះ ទឹកជំនន់ បែរជាកើនឡើង នៅក្រោយចេញព្រះវស្សាទៅវិញ៕
Tag:
ហ៊ុន សែន
គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com