កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ហៅ Cech ទៅចាំទីវិញ ឯ Ozil គ្មានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal
× Petr Cech ត្រូវបានបញ្ចូលឈ្មោះក្នុងសមាជិកក្រុម Chelsea ក្នុងការប្រកួត Premier League បើទោះបីលោកបានចូលនិវត្តន៍ពីអាជីពអ្នកចាំទីនៅចុងរដូវកាល ២០១៨-១៩ ក៏ដោយ។ ខ្សែបម្រើ Mesut Ozil ខ្សែការពារ Phil Jones និងអ្នកចាំទី Sergio Romero សុទ្ធតែគ្មានក្នុងបញ្ជីឈ្មោះរបស់ Arsenal និង Manchester United រដូវកាលនេះ។
Cech វ័យ៣៨ឆ្នាំ ដែលសព្វថ្ងៃមានការងារជាមន្ត្រីបច្ចេកទេស និងទីប្រឹក្សារបស់ក្លិបតោខៀវផងត្រូវបន្ថែមក្នុងបញ្ជីកីឡាករ«បន្ទាន់» របស់លោក Frank Lampard។ អតីតអ្នកចាត់ទីជម្រើសជាតិឆែករូបនេះ បានចំណាយពេល១១រដូវកាលនៅទឹកដី Stamford Bridge ដោយជួយ Chelsea ឈ្នះ Premier League ៤លើក និង Champions League ១លើក មុនចេញទៅ Arsenal នៅឆ្នាំ២០១៥។
ក្រៅពី Cech នេះដែរ Chelsea មានអ្នកចាំទី៣រូបផ្សេងទៀតដូចជា Kepa Arrizabalaga, Willy Caballero និង Édouard Mendy ដែលទិញចូលរដូវកាលនេះ។
ដោយឡែកខ្សែបម្រើ Mesut Ozil ហាក់ដូចជាត្រូវបញ្ចប់អាជីពរបស់ខ្លួនជាមួយ Arsenal ហើយ បន្ទាប់ពីរូបគេត្រូវដកចេញពីបញ្ជីឈ្មោះកីឡាករ២៥នាក់របស់អ្នកចាត់ការ Mikel Arteta ក្នុងការប្រកួតលីគកំពូលអង់គ្លេស។
កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ៣២ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឲ្យក្រុមកាំភ្លើងធំទេ តាំងពីខែមីនាដូវកាលមុនម្លេះ ហើយវត្តមានរបស់ Ozil ក្នុងការប្រកួត Europa League នៅខែនេះក៏គ្មានដែរ។
សម្រាប់ក្រុមបិសាចក្រហមឯណោះវិញ ក៏មិនបានបញ្ចូលខ្សែការពារ Phil Jones និងអ្នកចាំទី Sergio Romero ក្នុងបញ្ជីកីឡាករទាំង២៥រូបរបស់ពួកគេដែរ។
Jones ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស វ័យ២៨ឆ្នាំ បង្ហាញខ្លួនលើកចុងក្រោយឲ្យ Man Utd ក្នុងការប្រកួត FA Cup ទល់ Tranmere Rovers កាលពីខែមករា ខណៈអ្នកចាំទីអន្តរជាតិអាហ្សង់ទីន Romero អាយុ ៣៣ ឆ្នាំ ត្រូវខ្ទាតចេញពីជម្រើសរបស់លោក Ole Gunnar Solskjær ក្រោយក្រុមបានកោះហៅអ្នកចាំទីអង់គ្លេស Dean Henderson ដែលឲ្យ Sheffield United ខ្ចីត្រឡប់ទៅវិញ។
ក្លិបទាំង២០នៅលីគកំពូលអង់គ្លេស តម្រូវឲ្យប្រកាសឈ្មោះកីឡាកររបស់ខ្លួនចំនួន២៥នាក់ បន្ទាប់ពីទីផ្សារផ្ទេរកីឡាករក្នុងស្រុក និងអន្តរជាតិបិទទ្វារ៕
Tag:
Petr Cech
Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com