COVID-19
ជាតិ
អន្តរជាតិ
ជប៉ុន នឹង​ឲ្យ​កម្ពុជា​ខ្ចី​២៣៧​លាន​ដុល្លារ ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បង្កដោយ​កូ​វីដ​-១៩
21, Oct 2020 , 10:29 pm        
រូបភាព
(ឆ្វេង) រដ្ឋមន្ត្រីការបរទេសជប៉ុន ម៉ូតេហ្គី តូស៊ីមីត្សឹ ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីកម្ពុជា អំឡុងទស្សនកិច្ចលោកមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ។ រូបពីក្រសួងការបរទេសកម្ពុជា
(ឆ្វេង) រដ្ឋមន្ត្រីការបរទេសជប៉ុន ម៉ូតេហ្គី តូស៊ីមីត្សឹ ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីកម្ពុជា អំឡុងទស្សនកិច្ចលោកមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ:
​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​កម្ចី​ទំហំ​ប្រាក់​២៥​ពាន់​លាន​យេន (​ប្រមាណ​២៣៧,៧​លាន​ដុល្លារ​) ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បានបញ្ជាក់​ប្រាប់​ទៅកាន់​សម​ភាគី​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បែបនេះ តាមរយៈ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី ២១ ខែតុលា ។​

 
​អំឡុង​កិច្ចសន្ទនា​រយៈពេល​៣០​នាទី រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា ប្រាក់ សុខុន ថា កម្ចី​២៣៧,៧​លាន​ដុល្លារ​នេះ គឺជា​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​គ្រាអាសន្ន ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែតុលា កម្ពុជា មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ២៨៦ ក្នុងនោះ​ជាសះស្បើយ ២៨០​នាក់ ខណៈ​គ្មាន​អ្នកស្លាប់​ឡើយ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី សង្កត់ធ្ងន់​ទៀតថា លោក​ចង់​បន្ត​ពង្រឹង​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ក្រោម​រដ្ឋបាល​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា ដែល​ចូលកាន់​តំណែង​ក្នុង​ខែកញ្ញា​កន្លងទៅ​
 
​ជាមួយគ្នានេះ លោក ម៉ូ​តេ​ហ្គី ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រោះទឹកជំនន់​ក្នុងប្រទេស​កម្ពុជា ដែល​សម្លាប់​មនុស្ស​៣៤​នាក់ ហើយ​អះអាង​ទៀតថា ជប៉ុន​នឹង​ពិចារណា​ផ្ដល់ជំនួយ​តាម​ដែល​អាចធ្វើ​ទៅបាន​។  
 
​ក្រៅពី​ផ្ដល់​កម្ចី​ជាង​២៣៧​លាន​ដុល្លារ​ឲ្យ​កម្ពុជា លោក ម៉ូ​តេ​ហ្គី ក៏បាន​បង្ហាញ​បំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ផ្ដល់ជំនួយ​សម្រាប់​ពង្រឹង​បរិស្ថាន​ក្នុង​តំបន់​ប្រជុំជន​របស់​កម្ពុជា ក៏ដូចជា​វិធានការ​ប្រឆាំង​ការ​ចោល​សំរាម​ប្លា​ស្ទិ​ក​ចូល​សមុទ្រ​ផងដែរ​។ ។​
 
​ជាការ​ឆ្លើយតប លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ការតែងតាំង​ឡើងវិញរ​ប​ស់លោក ម៉ូ​តេ​ហ្គី ហើយ​ប្រាប់ថា លោក​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ធ្វើការ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្នុង​គោលដៅ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន​-​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ជប៉ុន​ដដែល​។​
 
​បន្ថែម​ពីលើ​នេះ លោក ប្រាក់ សុខុន ក៏បាន​អរគុណ​សម្រាប់​ការផ្ដល់​ជំនួយ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​ក្នុង​គ្រា​លំបាក​បែបនេះ ហើយក៏​បង្ហាញ​បំណង​របស់លោក​ក្នុងការ​លើកកម្ពស់​ការ​សម្របសម្រួល​ទ្វេភាគី​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​
 
​ក្នុង​ទិដ្ឋភាព​អន្តរជាតិ រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ចែករំលែក​ទស្សនៈ​ដើម្បី​បន្ត​សម្របសម្រួល​យ៉ាង​ជិតដិត​ក្នុង​កិច្ចប្រឹងប្រែង​សម្រាប់​សមិទ្ធិផល​នៃ​យុទ្ធសាស្ត្រ «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​» និង​ការកែទម្រង់​អង្គការសហប្រជាជាតិ​រួមមាន​ក្រុមប្រឹក្សាសន្តិសុខ​ជាដើម​៕ 
 
 

Tag:
 ជប៉ុន​
  COVID19 ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ​
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com