COVID-19
អន្តរជាតិ
UNCTAD៖ ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​២០២០ កើន​យឺត និង​មាន​ភាពមិនច្បាស់លាស់​
21, Oct 2020 , 10:59 pm        
រូបភាព
នាវាដឹកទំនិញ។ រូបតំំណាង។ រូបភាព៖ AFP
នាវាដឹកទំនិញ។ រូបតំំណាង។ រូបភាព៖ AFP
ដោយ:
​អត្រាកំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០ នេះ បាន​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​ស្ថាប័ន​ផ្នែក​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ខ្លះ នឹង​នៅតែមាន​ការកើនឡើង​ដែរ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​មានការ​កើនឡើង​១០​ភាគរយ ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០​នេះ​។​

 
​ចាប់​តាំង​ការផ្ទុះ​ជំងឺ COVID-19 មក ពាណិជ្ជកម្ម​នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​ជា​មធ្យម​១៩​ភាគរយ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ធៀប​ទៅនឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជាការ​ប៉ាន់ស្មាន​របស់​ស​ន្និ​សីទ​អង្គការសហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​(UNCTAD) ដោយ​អះអាងថា ទំហំ​ពាណិជ្ជកម្ម​ធ្លាក់ចុះ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​។​
 
UNCTAD អះអាងថា ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​មានការ​កើនឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ ដោយមាន​កំណើន​៤, ៥​ភាគរយ​។ ប៉ុន្តែ​កំណើន​នេះ ក៏​នៅមានកម្រិត​តិចជាង​កាលពី​ឆ្នាំ​២០១៩ ផងដែរ​។ របាយការណ៍​នេះ បង្ហាញថា​៖«​ការដោះដូរ​ទំនិញ​សម្រាប់​ការធ្វើការងារ​ពី​ផ្ទះ និង​សម្ភារ​វេជ្ជសាស្ត្រ​មានការ​កើនឡើង ក្នុង​ត្រីមាស​ទី​៣ ប៉ុន្តែ​ទំនិញ​ក្នុង​វិស័យ​យានយន្ត និង​ថាមពល​នៅ​បន្ត​ធ្លាក់ចុះ​»​។​
 
​ក្រៅពីនេះ កំណើន​ក្នុង​វិស័យ​វាយនភ័ណ្ឌ ក៏​នឹងមាន​ការកើនឡើង​ផងដែរ ដោយ UNCTAD អះអាងថា វិស័យនេះ​នឹងមាន​កំណើន​យ៉ាងហោចណាស់​៣​ភាគរយ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០​នេះ​។ ទោះជា​យ៉ាងណាក្តី របាយការណ៍​ខាងលើ​ក៏បាន​រំលឹក​ផងដែរ កំណើន​ពាណិជ្ជកម្ម​នឹង​បន្ត​ស្ថិតក្នុង​ស​ភាពមិនច្បាស់លាស់ ដោយសារតែ​ការវិវត្ត​នៃ​ជំងឺ COVID-19 ។​
 
​របាយការណ៍​របស់ UNCTAD បញ្ជាក់ថា បើសិនជា​ករណី​ឆ្លង COVID-19 បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ស្ថានការណ៍​បែបនេះ នឹង​បង្កើតជា​បរិយាកាស​មិន​អំណោយផល​ដល់​ពាណិជ្ជកម្ម​ពិភពលោក​មិន​ខាន​។ នេះ​ក៏​ព្រោះ​រដ្ឋាភិបាល​ប្រទេស​នានា អាច​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ភ្លាមៗ​ក្នុងការ​រឹតត្បិត​ពាណិជ្ជកម្ម​។​
 
​ខណៈ​ការ​អត្រាកំណើន​ជារួម​កើន​យឺត ចិន ជា​ប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ច្រើនជាងគេ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ដោយ​ហក់​ឡើង​រហូតដល់​ទៅ​១០​ភាគរយ ធៀប​ទៅនឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​របស់ខ្លួន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅពេល​ផ្ទុះ​ជំងឺឆ្លង ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​រួចមក​។ ជារួម ការនាំចេញ​របស់​ចិន​នៅ​៩​ខែ​ដើមឆ្នាំ​២០២០ មាន​ទំហំ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំ​២០១៩ ស្របពេល​ការនាំ​ចូល ក៏មាន​ការកើនឡើង​ផងដែរ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ។​
 
​សូមបញ្ជាក់​ផងដែរ​ថា នៅ​ដើមខែ​តុលា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​បាន​អះអាងថា ទំហំ​ពាណិជ្ជកម្ម​សាកល​នឹង​ធ្លាក់ចុះ​៩,២​ភាគរយ ប៉ុន្តែ​នឹង​កើនឡើង​វិញ​យ៉ាង​សន្សឹមៗ​ចំនួន​៧,២​ភាគរយ​ក្នុង​ឆ្នាំ​២០២១​។ អឺរ៉ុប និង​អាមេរិក គឺជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជ​កម្មនេះ​។ WTO ក៏បាន​អះអាង​ដែរ​ថា បើសិន​ជាមាន​វ៉ាក់សាំង​នៅ​ដើមឆ្នាំ​២០២១ នោះ​កំណើន​ពាណិជ្ជកម្ម​នឹងមាន​ការកើនឡើង​៣​ភាគរយ​បន្ថែមទៀត​៕
 
 

Tag:
 UNCTAD
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com