ជាតិ
សង្គមជាតិ
អ្នកស្លាប់​ដោយ​ទឹកជំនន់​កើនឡើង​ដល់​៣៤​នាក់ ដោយ​បន្ទាយមានជ័យ​មាន​១៨​នាក់​
21, Oct 2020 , 11:29 pm        
រូបភាព
ទិដ្ឋភាពផ្ទះសម្បែង ផ្លូវថ្នល់ វាលស្រែ និងដំណាំ​ផ្សេងៗ នៅកម្ពុជា​កំពុងជន់លិចដោយសារទឹកជំនន់ដែលថត​ពីលើអាកាស រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ទិដ្ឋភាពផ្ទះសម្បែង ផ្លូវថ្នល់ វាលស្រែ និងដំណាំ​ផ្សេងៗ នៅកម្ពុជា​កំពុងជន់លិចដោយសារទឹកជំនន់ដែលថត​ពីលើអាកាស រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ:
​ភ្នំពេញ​៖ គិត​មកដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​សរុប​៣៤​នាក់ បាន​បាត់​បង់ជីវិត ខណៈ ពលរដ្ឋ​ជាង​៤១​ម៉ឺន​នាក់ រង​ការប៉ះពាល់​ដោយសារ​ទឹកជំនន់ ។ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

 
​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះទឹកជំនន់ បាន​បញ្ជាក់ថា អ្នកស្លាប់​ទាំង​៣៤​នាក់ គឺមាន​១៨​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ៦​នាក់​នៅ​ខេត្តពោធិ៍សាត់​, ៥​នាក់​នៅ​ខេត្តកំពង់ធំ​, ២​នាក់​នៅ​ខេត្ត​ព្រះសីហនុ  ,១​នាក់​នៅ​ខេត្ត​ប៉ៃលិន ,១​នាក់​នៅ​កំពង់ឆ្នាំង និង​១​នាក់​នៅ​ស្ទឹងត្រែង​។  
 
​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្ទះ​ជាង​៨​ម៉ឺន​៥​ពាន់​ខ្នង រង​ការប៉ះពាល់ ក្នុងនោះ មាន​៦៣​ខ្នង ត្រូវ​ខូចខាត ខណៈ​សាលារៀន ៥៨៩​កន្លែង​លិច​ទឹក​។ ចំពោះ​ស្រូវ​វិញ មាន​ជាង​២៤​ម៉ឺន​ហិកតា រួមទាំង​ដំណាំ​ផ្សេងៗ​ជាង​៨​ម៉ឺន​ហិកតា ត្រូវ​លិច​ទឹក​។ 
 
​ដោយឡែក ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម បូក​បញ្ចូល​គ្នា​មាន​ប្រវែង​ជាង​៤០៤​គីឡូម៉ែត្រ និង​ផ្លូវលំ​នានា​តាម​ជនបទ មាន​ប្រវែង​ជាង​១,៦​ពាន់​គីឡូម៉ែត្រ ខូចខាត​។ មិនតែប៉ុណ្ណោះ ទំនប់​ប៉ះពាល់​៣៥,៥​គីឡូម៉ែត្រ ,​ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោចស្រព​សរុប​ចូលគ្នា ជាង​៤០០​គីឡូម៉ែត្រ រួមទាំង​បាក់​ច្រាំងទន្លេ​៤១០​ម៉ែត្រ​ទៀតផង​។ នេះ​បើតាម​របាយការណ៍​ដដែល​។  
 
​រាជធានី​-​ខេត្ត​ចំនួន​១៩ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕ 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com