អន្តរជាតិ
លោក ស៊ូ​ហ្កា​៖ ជប៉ុន និង​ប្រទេស​សម្ព័ន្ធមិត្ត មិនមាន​បំណង​បង្កើត​ណា​តូ​ថ្មី​នៅ​អាស៊ី​ទេ​
22, Oct 2020 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នៅ​ថ្ងៃទី​២១ បាន​លើកឡើងថា ជប៉ុន និង​ក្រុម​ប្រទេស​កិច្ចសន្ទនា​ចតុ​ភាគី (Quad) មិនមែន​បំណង ចង់​បង្កើត​បក្សសម្ព័ន្ធ​យោធា​ណា​តូ នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​ទេ ហើយ​ជប៉ុន​រីករាយ​ក្នុងការ​សហការ​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​។

 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា​នៅ​ថ្ងៃ​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ជប៉ុន និង​ក្រុម​ប្រទេស​កិច្ចសន្ទនា​ចតុ​ភាគី មិន​ផ្តោតលើ​ប្រទេស​ណាមួយ​ឡើយ​»​។ បើតាម​ការអះអាង​រប​ស់មេ​ដឹកនាំ​រូបនេះ ជប៉ុន​មានបំណង​សហការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ដែលមាន​ការគិត​ស្រដៀង​គ្នា ហើយ​ជប៉ុន ក៏​មិនមាន​ចេតនា​ចង់​បង្កើត​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ថ្មី នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​ដែរ​។ 
 
​ការលើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​ការទូត​ចិន លោក​វ៉ាង យី ចោទថា អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ចង់​បង្កើត​បក្សសម្ព័ន្ធ​ណា​តូ​នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​។​
 
​ទន្ទឹមនេះ លោក​ស៊ូ​ហ្កា ក៏បាន​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ទីក្រុង​តូ​ក្យូ ជំទាស់​ដាច់ខាត​ទៅនឹង​សកម្មភាព​ទាំងឡាយ ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ដោយ​មិនបាន​សំដៅ​ឲ្យ​ចំ​ពី​ប្រទេស​ណាមួយ ប្រមុខ​ដឹកនាំ​ជប៉ុន​រូបនេះ បាន​បន្តទៀតថា  បញ្ហាសំខាន់​ក្នុងការ​ដោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​ការប្រើប្រាស់​កម្លាំងយោធា ឬ​ការគំរាមកំហែង​ឡើយ ប៉ុន្តែ​ជាការ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការដោះស្រាយ​ដោយ​សន្តិភាព ឬ​ច្បាប់​អន្តរជាតិ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រៅពី​Quad និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ស៊ូ​ហ្កា បាន​បន្ថែម​ពី​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​រូបនេះ ជប៉ុន និង​អាស៊ាន គឺ​មិត្ត​ចាស់ ដែល​ស្វែងរក​នីតិរដ្ឋ និង​ការបើកចំហរ​នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ លើសពីនេះ លោក​ស៊ូ​ហ្កា​បាន​បន្ថែមថា ទំនាក់ទំនង​កាន់តែ​ជិតស្និត​រវាង​ជប៉ុន និង​អាស៊ាន គឺជា​មូលដ្ឋាន​នៃ​វិបុលភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។ 
 
​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មកវៀ​ត​ណា​ម និង​ឥណ្ឌូណេស៊ី​នេះ លោក​ស៊ូ​ហ្កា បាន​ជជែក​បញ្ហា​ជាច្រើន​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ចូ​កូ វី​ដូ​ដូ​។ ក្នុងនោះ​មានដូចជា​បញ្ហា​សិទ្ធិមនុស្ស កិច្ចព្រមព្រៀង​លក់​អាវុធ សេដ្ឋកិច្ច ការបើក​ជើងហោះហើរ​ឡើងវិញ និង​បញ្ហា​ជាច្រើន​ទៀត​៕ 

Tag:
 ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com