អន្តរជាតិ
កូរ៉េខាងត្បូង៖ មនុស្ស៥នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងផ្ដាសាយ ពលរដ្ឋកូរ៉េម្នាក់ ចាក់វ៉ាក់ាសាំងផ្ដាសាយនៅមណ្ឌលសុខភាពមួយនៅក្រុង សេអ៊ូល នៅថ្ងៃទី ១៩ ខែតុលា ។ រូបភាព៖ Yonhap
× អាជ្ញាធរកូរ៉េខាងត្បូង បានអះអាងថា ក្នុងពេល១សប្ដាហ៍ចុងក្រោយ មនុស្ស៥នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងផ្ដាសាយរួច។ បញ្ហានេះបានលើកឡើងជាកង្វល់ពាក់ព័ន្ធសុវត្ថិភាពវ៉ាក់សាំង ខណៈកម្មវិធីចាក់វ៉ាក់សាំងរដ្ឋ កំពុងពង្រីកដើម្បីកុំឲ្យស្មុគស្មាញជាមួយយុទ្ធនាការជំងឺកូវីដ-១៩។
ទោះស្លាប់ក្រោយចាក់វ៉ាក់សាំងផ្ដាសាយមែន អាជ្ញាធរអះអាងថា មិនទាន់មានភស្តុតាងណាបង្ហាញថា ករណីស្លាប់ទាំងនេះជាប់ទាក់ទងនឹងថ្នាំវ៉ាក់សាំងផ្ដាសាយនៅឡើយទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះ។
គិតមកត្រឹមថ្ងៃទី ២១ ខែតុលា មនុស្ស៨,៣លាននាក់ បានចាក់វ៉ាក់សាំងផ្ដាសាយក្រោមកម្មវិធីរដ្ឋកូរ៉េខាងត្បូង។ ភាពភ័យខ្លាចជុំវិញសុវត្ថិភាពវ៉ាក់សាំងផ្ដាសាយ បានផ្ទុះឡើងកាលពីថ្ងៃ១៦ ខែតុលា ក្រោយយុវជន១៧ឆ្នាំម្នាក់ ក្នុងទីក្រុង Incheon បានស្លាប់ ២ថ្ងៃក្រោយចាក់វ៉ាក់សាំងរួច។
ករណីដូចគ្នានេះ បានកើតឡើងលើបុរសអាយុ៧៨ឆ្នាំម្នាក់ទៀត ក្នុងខេត្ត North Jeolla និងបុរស៨២ឆ្នាំម្នាក់ទៀត ក្នុងទីក្រុង Daejeon កាលពីថ្ងៃទី ២០ ខែតុលា។ អ្នកទាំងពីរបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែតុលា។ ចំណែកអ្នកស្លាប់២នាក់ចុងក្រោយ គឺបុរសកូរ៉េ៦៨ឆ្នាំនៅកោះ Jeju និងបុរស ៧៨ឆ្នាំ នៅទីក្រុង Daegu ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
«យើងសោកស្ដាយចំពោះក្តីកង្វល់ពលរដ្ឋលើការចាក់វ៉ាក់សាំងឥតគិតថ្លៃ ហើយ [ក្រសួង] កំពុងពិនិត្យមើលលើស្ថានការណ៍នេះ»។ អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Kim Gang-lip បញ្ជាក់បែបនេះក្នុងសន្និសីទព័ត៌មាន មុននឹងបន្ថែមថា ក៏ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់ទាំងនេះផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំងផ្ដាសាយរបស់កូរ៉េខាត្បូង ត្រូវបានផលិត ឬចែកចាយដោយក្រុមហ៊ុនឱសថផ្សេងគ្នា រួមមាន ក្រុមហ៊ុន Korea Vaccine, ក្រុមហ៊ុន Boryung Biopharma, ក្រុមហ៊ុន LG Chem និង ក្រុមហ៊ុន Shinsung Pharm ៕
Tag:
កូរ៉េខាងត្បូង
វ៉ាក់សាំងផ្ដាសាយ
© រក្សាសិទ្ធិដោយ thmeythmey.com