COVID-19
អន្តរជាតិ
ឥណ្ឌា នឹងបញ្ចេញឧបករណ៍ធ្វើតេស្តរក COVID-19 ធូរថ្លៃ ដែលមានចេញលទ្ធផលរហ័ស
×
ដោយ៖កង ម៉េងហុង
ឥណ្ឌានឹងបញ្ចេញឧបករណ៍ធ្វើតេស្តរក COVID-19 ដែលចេញលទ្ធផលលឿននិងមានតំលៃថោក ក្នុងពេលឆាប់ៗនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វានឹងជួយកាត់បន្ថយការរាតត្បាត COVID-19 ខណៈដែលឥណ្ឌាស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅលើពិភពលោក ។
ឥណ្ឌាបានបង្កើតឧបករណ៍ធ្វើតេស្តរក COVID-19 មានឈ្មោះថា Feluda ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលមួយម៉ោងតែប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវឥណ្ឌាមានសុទិដ្ឋិនិយមថា ការចំណាយទាបនិងភាពងាយស្រួលនៃការប្រើប្រាស់របស់ Feluda អាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគបង្កជំងឺនៅតាមតំបន់ក្រីក្រ និង តំបន់ដាច់ស្រយាល។ Feluda ជាឈ្មោះអ្នកស៊ើបការសម្ងាត់ម្នាក់ក្នុងប្រលោមលោកឥណ្ឌា។
លោក Souvik Maiti ដែលជាអ្នកវិទ្យាសាស្ត្រដែលបង្កើត Feluda នៅឯនៃវិទ្យាស្ថាន Genomics and Integrative Biology បាននិយាយថា ការធ្វើតេស្តនេះមិនតម្រូវឲ្យមានឧបករណ៍ទំនើប ឬក្រុមមនុស្សដែលទទួលការបណ្តុះបណ្តាលខ្ពស់ទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាធ្វើតេស្តរក COVID-19 ជាមួយនឹងការធ្វើតេស្ត RT-PCR ដែលមានភាពត្រឹមត្រូវខ្ពស់ ប៉ុន្តែត្រូវការគ្រឿងមន្ទីរពិសោធន៍ដែលទំនើប។ ចំណែកឧបករណ៍ antigen test ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលតែប៉ុន្មាននាទីដោយចំណាយតិច ប៉ុន្តែមានភាពត្រឹមត្រូវទាបជាង។ Feluda ជាឧបករណ៍មានផ្សំដោយក្រដាស ហើយរួមបញ្ចូលចំណុចល្អៗរបស់ឧបករណ៍ទាំងពីរនេះតែម្ដង។
ក្រោយទទួលបានការយល់ព្រមពីរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា Harsh Vardhan បាននិយាយកាលពីសប្តាហ៍មុនថា Feluda អាចនឹងត្រូវបញ្ចេញនៅប៉ុន្មានសប្តាហ៍ទៀតដោយក្រុមហ៊ុនឥណ្ឌា Tata Group ។ ប្រសិនបើជោគជ័យខ្លាំង ឥណ្ឌានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលចាប់ផ្តើមប្រើប្រាស់ឧបករណ៍តេស្តបែបនេះ។
តម្លៃរបស់ Feluda មិនត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការធ្វើតេស្តម្ដងអាចចំណាយប្រហែល ៦.៨០ ដុល្លារអាមេរិក ដែលស្មើប្រហែលមួយភាគប្រាំនៃតម្លៃ PCR ដែលធ្វើតេស្តនៅទីក្រុងញូវដេលី។
គិតមកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងច្រើនជាង ៧.៥ លាននាក់ដែលជាប់លំដាប់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ COVID-19 បានរីករាលដាលពីទីក្រុងធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដូចជាទីក្រុងមុមបៃទៅកាន់សហគមន៍ជនបទដែលសេវាសុខាភិបាលនៅមានកំរិត៕
© រក្សាសិទ្ធិដោយ thmeythmey.com