គ្រូបង្វឹក​ក្រុម​ព្រៃវែង​អះអាងថា នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងជំនួប​វិសាខា ល្ងាច​នេះ
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ក្រុម​ព្រៃវែង​អះអាងថា នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងជំនួប​វិសាខា ល្ងាច​នេះ
22, Oct 2020 , 3:20 pm        
រូបភាព
លោក ឡុច ចន្ថា គ្រូបង្វឹកក្រុមព្រៃវែង ពេលចូលរួមក្នុងសន្និសីទមុនការប្រកួតកន្លងទៅ
លោក ឡុច ចន្ថា គ្រូបង្វឹកក្រុមព្រៃវែង ពេលចូលរួមក្នុងសន្និសីទមុនការប្រកួតកន្លងទៅ
​សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង ត្រូវ​ប្រជែង​ជាមួយ​វិសាខា ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ក្រុម​ព្រៃវែង​អះអាងថា ក្រុម​ខ្លួន​នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព ខណៈ​គ្រូបង្វឹក​វិសាខា​បាន​បញ្ជាក់ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ជំនួប​មួយ​នេះ​។

 
​វា​នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត ដ្បិត​ទាំង​វិសាខា និង​ព្រៃវែង​សុទ្ធតែ​ត្រូវការ​ជ័យជម្នះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ដែលមាន​ណាហ្គា​វើ​ល​កំពុង​រង់ចាំ​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ ជា​ជំនួប​មួយ​ដែល​ទស្សនិកជន​ទន្ទឹងរង់ចាំ ដ្បិត​ពួកគេ​ចង់ដឹងថា តើ​ក្រុម​ទាំងពីរ​នឹង​ប្រកួត​គ្នា​ឲ្យ​អស់ពី​សមត្ថភាព ឬ​យ៉ាងណា​? 
 
​ការដាក់​ចម្ងល់​បែបនេះ ដោយសារ​សមាជិក​ភាគច្រើន​ក្នុង​ក្រុម​ព្រៃវែង​ជា​យុវជន​របស់​ក្លិប​វិសាខា​។ តែ​យ៉ាងណា​ទាំង​គ្រូបង្វឹក​ព្រៃវែង ទាំង​គ្រូបង្វឹក​វិសាខា សុទ្ធតែ​អះអាងថា ពួកគេ​នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​ពួកគេ ក៏បាន​បង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រជែង​ដណ្តើម​ជ័យជម្នះ​ក្នុងការ​ប្រកួត​នៅ​ល្ងាច​នេះ​ផងដែរ​។ 


លោក ឡុច ចន្ថា គ្រូបង្វឹកក្រុមព្រៃវែង, អាត អូនតូច, ស៊ិន កក្កដា និងលោក Colum Curtis គ្រូបង្វឹកវិសាខា  (រាប់ពីឆ្វេងទៅស្តាំ) 

​ទន្ទឹមនឹង​បង្ហាញ​មោទកភាព​ជា​ក្រុម​ថ្នាក់​ខេត្ត ដែល​បាន​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង លោក ឡុ​ច ចន្ថា គ្រូបង្វឹក​ក្រុម​ព្រៃវែង​អះអាង​ក្នុង​សន្និសីទ​ថា ក្រុម​ខ្លួន​បាន​ត្រៀមខ្លួន និង​រៀបចំ​បាន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​ជាមួយ​វិសាខា ហើយនឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព​១០០​ភាគរយ​។ ថ្នាក់ដឹកនាំ​សមាគម​បាល់ទាត់​ខេត្តព្រៃវែង​បាន​អះអាង​កន្លងមក​ថា ក្រុម​ព្រៃវែង​ជា​ក្រុមបាល់ទាត់​ប្រចាំខេត្ត​ព្រៃវែង ខណៈ​វិសាខា​ជា​ក្រុម​របស់​ក្លិប​បាល់ទាត់​វិសាខា​។ 
 
​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​ក្រុម​ព្រៃវែង​នោះទេ លោក Colum Curtis គ្រូបង្វឹក​ក្រុម​វិសាខា​ក៏បាន​អះអាង​ផងដែរ​ថា ក្រុម​វិសាខា​បាន​ត្រៀមខ្លួន​ល្អ​ទាំង​កម្លាំង និង​កម្លាំងចិត្ត​។ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​រប​ស់​យុវជន​ព្រៃវែង​នោះទេ ដ្បិត​លោក​សង្កេតឃើញថា ព្រៃវែង​ជា​ក្រុម​មួយ​មាន​សមត្ថភាព​ខ្ពស់ និង​លេង​សហការគ្នា​ជា​ក្រុម​បានល្អ​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​ទាំង​ពីរបាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​ក្រុម​ព្រៃវែង​ទម្លាក់​មជ្ឈមណ្ឌល​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ខណៈ​វិសាខា​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​។ បើ​ក្រុម​ណា​ឈ្នះ​ក្នុង​ការប្រកួត​នៅ​ល្ងាច​នេះ នឹង​ឡើងទៅ​ជួប​ណាហ្គា​វើ​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ណាហ្គា​វើ​ល​បាន​ទម្លាក់​ភ្នំពេញ​ក្រោ​ន​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៣-១ ក្រោយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ០-០ រហូត​ចប់​ការប្រកួត​៩០​នាទី​៕   
 
   

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com