COVID-19
អន្តរជាតិ
ចាប់ពី​ថ្ងៃទី​២២ តុលា​នេះ​ទៅ អ្នកធ្វើការ​ជាង​៧៥​ម៉ឺន​នាក់​នៅ​ម៉ាឡេស៊ី ត្រូវធ្វើ​ការ​ពី​ផ្ទះ​
22, Oct 2020 , 8:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង​
 
​អ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ជាង​៧៥​ម៉ឺន​នាក់​នឹងធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា​។ នេះ​ជាការ​អនុវត្តតាម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​របស់​ប្រជាជន​អំឡុងពេល COVID-19 ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​នៅ​តំបន់​ចំនួន​បី​មាន Klang Valley, Sabah និង Labuan​។​

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២១ លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អន្តរជាតិ​របស់​ម៉ាឡេស៊ី បាន​បញ្ជាក់ថា ចំនួន​កម្មករ​នៅក្នុង​វិស័យ​ផលិតកម្ម សំណង់ និង សេវាកម្ម​នៅ​តំបន់ Sabah, Selangor, Labuan, Kuala Lumpur និង Putrajaya មាន​ចំនួន​សរុប ៣,១ លាន​នាក់​។ ២៥ ភាគរយ​នៃ​ចំនួន​នេះ ដែល​ស្មើនឹង ៧៧៦,១៣៥ នាក់​ហើយ​មាន​តួនាទី គ្រប់គ្រង និង ត្រួតពិនិត្យ នឹងត្រូវ​ធ្វើការ​ពី​ផ្ទះ​។​
 
​ដើម្បី​ទទួលខុសត្រូវ​រួមគ្នា​លើ​ការការពារ​សុខភាព​ប្រជាជន​និង​កម្មករ ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម នឹង​អនុវត្ត​សេចក្តីសំរេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (MKN) សម្រាប់​បុគ្គលិក​ផ្នែក​ឧស្សាហកម្ម​ដើម្បី​អនុវត្ត​គោលនយោបាយ​ធ្វើការ​ពី​ផ្ទះ​សម្រាប់​អ្នកការ​ផ្នែក​គ្រប់គ្រង និង​ការត្រួតពិនិត្យ​។ លោក Ali បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា វិធានការ​នេះ នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាលដាល COVID-19​។​
 
​ទោះយ៉ាងណា រដ្ឋមន្ត្រី​រូបនេះ​ក៏​លើកឡើង​ដែរ​ថា  ដោយ​ពិចារណា​លើ​តម្រូវការ​វិស័យ​ឧស្សាហកម្ម ក្រសួង​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​អតិបរមា​១០​ភាគរយ​ធ្វើការ​នៅក្នុង​ការិយាល័យ​៤​ម៉ោង​ក្នុង​មួយថ្ងៃ​និង ៣​ដង​ក្នុង​មួយ​សប្តាហ៍​។ លោក​បាន​ពន្យល់ថា អ្នក​ទាំងនោះ​រាប់បញ្ចូល​អ្នកទទួលបន្ទុក​ផ្នែក​គ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាល ច្បាប់ ផែនការ​និង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ ហើយ​ពួកគេ​ត្រូវ​ប​អនុញ្ញាត​ឱ្យមាន​វត្តមាន​នៅក្នុង​ការិយាល័យ​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល​។ 
 
​ចំណែក​មន្ត្រី​ផ្នែក​រដ្ឋ​វិញ អគ្គនាយក​នៃ​សេវាសាធារណៈ​ម៉ាឡេស៊ី Mohd Khairul Adib Abd Rahman និយាយថា ចាប់ពី​ថ្ងៃទី​២២​នេះដែរ ការិយាល័យ​រដ្ឋ​នានា អាចមាន​វត្តមាន​មន្ត្រី​៣០​ភាគរយ​ប៉ុណ្ណោះ​។  ការអនុញ្ញាត​ឲ្យ​ធ្វើការ​នៅក្នុង​ការិយាល័យ អាចអនុវត្ត​បាន​ចំពោះ​នាយកដ្ឋាន​ណា​ដែល​ផ្ដល់​សេវាសាធារណ​ចាំបាច់​។​
 
​គិត​មកដល់ពេលនេះ ម៉ាឡេស៊ី មាន​ករណី​ឆ្លង សរុប​ចំនួន​ជាង​ពីរម៉ឺន​នាក់ និង​មនុស្ស​ស្លាប់​ចំនួន ១៩៩ នាក់​៕
 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com