អន្តរជាតិ
លោក អូ​បា​ម៉ា ថា អាមេរិក​មិនអាច​ទទួល​លោក ត្រាំ ដឹកនាំ​៤​ឆ្នាំ​ទៀត​ទេ​
22, Oct 2020 , 3:40 pm        
រូបភាព
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងនៅរដ្ឋ Pennsylvania នៅថ្ងៃទី ២១ ខែតុលា រិះគន់ខ្លាំងៗលើប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព៖ AFP
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងនៅរដ្ឋ Pennsylvania នៅថ្ងៃទី ២១ ខែតុលា រិះគន់ខ្លាំងៗលើប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព៖ AFP
ដោយ:
​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ត្រលប់​ចូលរួម​ការឃោសនា​ជាថ្មី នៅ​ថ្ងៃទី​២១ ខែតុលា ដើម្បី​រក​សំឡេងគាំទ្រ​ឲ្យ​លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ខណៈ​ការបោះឆ្នោត​សល់​តែ​១៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ លោក អូ​បា​ម៉ា វាយ​សំពង​ខ្លាំងៗ​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាពិសេស ការចាត់ចែង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ហើយ​ថា អាមេរិក​មិនអាច​ទទួលយក​មនុស្ស​បែបនេះ​ដឹកនាំ​៤​ឆ្នាំ​ទៀតឡើយ​។​

 
​ថ្លែង​នៅ​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​ក្នុង​រដ្ឋ Pennsylvania ជំនួស​ឲ្យ​លោក ចូ បៃ​ឌិន អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​ខ្លាំង​លើ​ការដឹកនាំ​រយៈ​៤​ឆ្នាំ​របស់លោក ដូ​ណា​ល់ ត្រាំ ដោយ​អះអាងថា លោក​ត្រាំ គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដឹកនាំ​ប្រទេស​ឡើយ​។​
 
«​ខ្ញុំ​មិន​ធ្លាប់​គិតថា ដូ​ណា​ល់ ត្រាំ នឹង​បន្ត​ទស្សនវិស័យ ឬ​គោលនយោបាយ​ខ្ញុំ​ឡើយ តែ​ខ្ញុំ​ពិតជា​សង្ឃឹមថា សម្រាប់​សុខទុក្ខ​ប្រទេសជាតិ លោក​អាច​ចាប់អារម្មណ៍​ប្រឹង​ធ្វើការ​ខ្លះ​»​។  លោក អូ​បា​ម៉ា លើកឡើង​បែបនេះ មុននឹង​បន្ថែមថា ប៉ុន្តែ​លោក ត្រាំ អត់​ខ្វាយខ្វល់ ឬ​ជួយ​អ្នក​នរណា​ឡើយ ក្រៅពី​ខ្លួនឯង និង​មិត្ត​លោក​ប៉ុណ្ណោះ​។ 
 
​លោក អូ​បា​ម៉ា បន្ត​វាយប្រហារ​ចំៗ​លើ​ការចាត់ចែង​ជំងឺ​កូ​វីដ​-១៩​របស់លោក​ត្រាំ ដែលជា​ប្រធានបទ​គ្របដណ្ដប់​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ ដោយ​បច្ចុប្បន្ន​ប្រជាជន​អាមេរិក​២២​ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​រាប់លាន​នាក់​អស់​ការងារ​ធ្វើ​។ ដោយ​ចង់​សំដៅ​ការឆ្លង​របស់លោក ត្រាំ លោក​អូ​បា​ម៉ា​លើកឡើងថា លោក ត្រាំ មិនអាច​ការពារ​ពល​រដ្ឋ​អាមេរិក​បានឡើយ ព្រោះ​មិនអាច​សូម្បីតែ​ការពារ​ខ្លួនឯង​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​ត្រង់ចំណុច​នេះ លោក អូ​បា​ម៉ា សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​ពុំ​អាច​ទទួលយក​ប្រធានាធិបតី​បែបនេះ​៤​ឆ្នាំ​ទៀតឡើយ ហើយ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក នឹងមិន​ដើរទៅ​មុខ​រួច​ទេ ប្រសិនបើ មេដឹកនាំ​ពួកគេ​ភូតកុហក​រាល់ថ្ងៃ​បែបនេះ​។  
 
​ចេញពី​វិបត្តិ​កូ​វីដ​-១៩ អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ បន្ត​និយាយ​ដល់​របាយការណ៍​មួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែតុលា ដែលថា លោក​ត្រាំ នៅ​រក្សាទុក​គណនី​ធនាគារ​សម្ងាត់​មួយ​នៅ​ចិន ដោយ​លោក​ចោទ​សួរថា​ហេតុអ្វី​ក៏​កើតឡើង​ទៅរួច​។  
 
​ក្រោយពី​រិះគន់​លោក ត្រាំ អស់ចិត្ត លោក អូ​បា​ម៉ា បាន​លើកសរសើ​របស់លោក បៃ​ឌិន និង​បេក្ខជន​អនុ​ប្រ​ធានា​ធីប​តី អ្នកស្រី កា​ម៉ា​ឡា ហារី​ស​។ លោក អូ​បា​ម៉ា និយាយថា លោក បៃ​ឌិន ឲ្យ​តម្លៃ​និង​គោរព​ដល់​មនុស្ស​គ្រប់គ្នា ហើយ​លោក​ក៏​មិន​ធ្លាប់​ហៅ​កង​យោធា​អាមេរិក​ថា​មនុស្ស​បរាជ័យ​ឡើយ ដូច​លោក​ត្រាំ​ឡើយ​។ 
 
​សូមបញ្ជាក់ថា ការចេញ​មុខជា​សាធារណៈ​របស់លោក អូ​បា​ម៉ា ធ្វើឡើង​ស្របពេល​លោក បៃ​ឌិន ដែល​បាន​សម្រាក​នៅផ្ទះ​លោក​ក្នុង​រដ្ឋ Deleware ចាប់តាំងពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​មក​។ លោក បៃ​ឌិន សម្ងំ​ត្រៀមខ្លួន​សម្រាប់​ការជជែក​ដេញដោល​ប្រធានាធិបតី​លើកចុងក្រោយ​ជាមួយ​លោក​ត្រាំ ដែល​នឹង​រៀបចំឡើង​នា​ថ្ងៃទី ២២ ខែតុលា ក្នុង​ទីក្រុង Nashville នៃ​រដ្ឋ Tennessee​។ 
 
​រដ្ឋ Pennylvania ជា​សមរភូមិ​សំខាន់​មួយ​ក្នុងការ​បោះឆ្នោត​ខាងមុខ ខណៈ​លោក ត្រាំ នាំមុខ​លោក​បៃ​ឌិន ជាមួយ​សំឡេងគាំទ្រ ៤៩​ទល់​៤៥​ភាគរយ ក្នុង ដែលមាន​ប្រតិភូ (Elector) ចំនួន​២០​នាក់​។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់ Reuters កាលពី​ថ្ងៃទី​១៩ ខែតុលា​។  
 
​មកទល់ពេលនេះ ពលរដ្ឋ​អាមេរិក​ជាង​៤០​លាន​នាក់​ហើយ បាន​បោះឆ្នោត​មុន​កំណត់​រួចរាល់ ដោយ​ប្រើម​ធ្យោ​យ​បាយ រួមមាន បោះ​តាម​ប្រៃសណីយ៍ ឬ​ទៅ​បោះ​ដោយផ្ទាល់​នៅ​មណ្ឌលបោះឆ្នោត​ក្បែរ​ផ្ទះ​ពួកគេ​។ តួលេខ​នេះ គឺ​តំណាង​ឲ្យ​៣០​ភាគរយ​នៃ​សន្លឹកឆ្នោត​កាលពី​ឆ្នាំ​២០១៦៕ 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com