អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានត្រលប់ចូលរួមការឃោសនាជាថ្មី នៅថ្ងៃទី២១ ខែតុលា ដើម្បីរកសំឡេងគាំទ្រឲ្យលោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ។ លោក អូបាម៉ា វាយសំពងខ្លាំងៗលើប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេស ការចាត់ចែងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយថា អាមេរិកមិនអាចទទួលយកមនុស្សបែបនេះដឹកនាំ៤ឆ្នាំទៀតឡើយ។
ថ្លែងនៅកម្មវិធីជួបជុំអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania ជំនួសឲ្យលោក ចូ បៃឌិន អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានរិះគន់ខ្លាំងលើការដឹកនាំរយៈ៤ឆ្នាំរបស់លោក ដូណាល់ ត្រាំ ដោយអះអាងថា លោកត្រាំ គ្មានសមត្ថភាពគ្រប់គ្រាន់ដឹកនាំប្រទេសឡើយ។
«ខ្ញុំមិនធ្លាប់គិតថា ដូណាល់ ត្រាំ នឹងបន្តទស្សនវិស័យ ឬគោលនយោបាយខ្ញុំឡើយ តែខ្ញុំពិតជាសង្ឃឹមថា សម្រាប់សុខទុក្ខប្រទេសជាតិ លោកអាចចាប់អារម្មណ៍ប្រឹងធ្វើការខ្លះ»។ លោក អូបាម៉ា លើកឡើងបែបនេះ មុននឹងបន្ថែមថា ប៉ុន្តែលោក ត្រាំ អត់ខ្វាយខ្វល់ ឬជួយអ្នកនរណាឡើយ ក្រៅពីខ្លួនឯង និងមិត្តលោកប៉ុណ្ណោះ។
លោក អូបាម៉ា បន្តវាយប្រហារចំៗលើការចាត់ចែងជំងឺកូវីដ-១៩របស់លោកត្រាំ ដែលជាប្រធានបទគ្របដណ្ដប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២០នេះ ដោយបច្ចុប្បន្នប្រជាជនអាមេរិក២២ម៉ឺននាក់បានបាត់បង់ជីវិត និងមនុស្សរាប់លាននាក់អស់ការងារធ្វើ។ ដោយចង់សំដៅការឆ្លងរបស់លោក ត្រាំ លោកអូបាម៉ាលើកឡើងថា លោក ត្រាំ មិនអាចការពារពលរដ្ឋអាមេរិកបានឡើយ ព្រោះមិនអាចសូម្បីតែការពារខ្លួនឯងពីជំងឺកូវីដ-១៩។
ត្រង់ចំណុចនេះ លោក អូបាម៉ា សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកពុំអាចទទួលយកប្រធានាធិបតីបែបនេះ៤ឆ្នាំទៀតឡើយ ហើយលទ្ធិប្រជាធិបតេយ្យអាមេរិក នឹងមិនដើរទៅមុខរួចទេ ប្រសិនបើ មេដឹកនាំពួកគេភូតកុហករាល់ថ្ងៃបែបនេះ។
ចេញពីវិបត្តិកូវីដ-១៩ អតីតប្រធានាធិបតីអាមេរិករូបនេះ បន្តនិយាយដល់របាយការណ៍មួយដែលចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ដែលថា លោកត្រាំ នៅរក្សាទុកគណនីធនាគារសម្ងាត់មួយនៅចិន ដោយលោកចោទសួរថាហេតុអ្វីក៏កើតឡើងទៅរួច។
ក្រោយពីរិះគន់លោក ត្រាំ អស់ចិត្ត លោក អូបាម៉ា បានលើកសរសើរបស់លោក បៃឌិន និងបេក្ខជនអនុប្រធានាធីបតី អ្នកស្រី កាម៉ាឡា ហារីស។ លោក អូបាម៉ា និយាយថា លោក បៃឌិន ឲ្យតម្លៃនិងគោរពដល់មនុស្សគ្រប់គ្នា ហើយលោកក៏មិនធ្លាប់ហៅកងយោធាអាមេរិកថាមនុស្សបរាជ័យឡើយ ដូចលោកត្រាំឡើយ។
សូមបញ្ជាក់ថា ការចេញមុខជាសាធារណៈរបស់លោក អូបាម៉ា ធ្វើឡើងស្របពេលលោក បៃឌិន ដែលបានសម្រាកនៅផ្ទះលោកក្នុងរដ្ឋ Deleware ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះមក។ លោក បៃឌិន សម្ងំត្រៀមខ្លួនសម្រាប់ការជជែកដេញដោលប្រធានាធិបតីលើកចុងក្រោយជាមួយលោកត្រាំ ដែលនឹងរៀបចំឡើងនាថ្ងៃទី ២២ ខែតុលា ក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee។
រដ្ឋ Pennylvania ជាសមរភូមិសំខាន់មួយក្នុងការបោះឆ្នោតខាងមុខ ខណៈលោក ត្រាំ នាំមុខលោកបៃឌិន ជាមួយសំឡេងគាំទ្រ ៤៩ទល់៤៥ភាគរយ ក្នុង ដែលមានប្រតិភូ (Elector) ចំនួន២០នាក់។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters កាលពីថ្ងៃទី១៩ ខែតុលា។
មកទល់ពេលនេះ ពលរដ្ឋអាមេរិកជាង៤០លាននាក់ហើយ បានបោះឆ្នោតមុនកំណត់រួចរាល់ ដោយប្រើមធ្យោយបាយ រួមមាន បោះតាមប្រៃសណីយ៍ ឬទៅបោះដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតក្បែរផ្ទះពួកគេ។ តួលេខនេះ គឺតំណាងឲ្យ៣០ភាគរយនៃសន្លឹកឆ្នោតកាលពីឆ្នាំ២០១៦៕