ជាតិ
សម្ដេច ហ៊ុន សែន ពន្យា​ពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន ទៅ​ឆ្នាំ​២០២២​វិញ​
22, Oct 2020 , 3:55 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​ពន្យា​ពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​មួយឆ្នាំ​ទៀត រហូតដល់​ឆ្នាំ​ដំណាច់ឆ្នាំ​២០២១​។ នេះ​បើតាមអគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្ងៃទី​២២ តុលា ២០២០​។​


​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា ការសម្រេច​ពន្យា​ពេលនេះ ដោយសារ​ចង់ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់ ស្វែងយល់​ឱ្យ​កាន់តែច្បាស់​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន ។ ជាពិសេស​ការត្រៀមខ្លួន អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ ឱ្យ​ភាពរលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃទី​១ មករា ២០២២​តទៅ​។​

កន្លងមក​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​និយាយថា បើ​រដ្ឋ​នឹង​អនុវត្ត​យកពន្ធ​មូលធន​នេះ​មែន នោះ​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ នឹងរង​ផលប៉ះពាល់​។ លោក អះអាងថា ការយកពន្ធ​នេះ វា​គឺជា​ការបន្ថែម​បន្ទុក​ដល់​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ​ទៅវិញ​ទេ ខណៈដែល​ពួកគេ​កំពុង​ប្រឈមមុខ​ធ្លាក់ចុះ​ចំណូល ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​

អត្ថបទទាក់ទង
 
​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ រាល់ថ្ងៃ​ដំណើរការ​ដោយសារ​អ្នកទិញ​នៅក្នុង​ស្រុក​ទេ ពាក់ព័ន្ធ​នឹង​បរទេស​សឹងតែ​មិនសូវមាន​(​អ្នកទិញ​)​ហើយ​។ អ៊ីចឹង​បញ្ហា​ការអនុវត្ត​ពន្ធ​សម្រាប់​មូលធន​នេះ ខ្ញុំ​គិតថា វា​ជា​ពេលវេលា​ដែល​លំបាក​សម្រាប់​អ្នក​វិនិយោគិន​នៅក្នុង​ប្រទេស​របស់​យើង ដើម្បី​ទ្រទ្រង់​នូវ​វិស័យ​អចលនទ្រព្យ​នេះ​។ ហើយ​ប្រសិនជា​ពន្ធ​នេះ ត្រូវបាន​អនុវត្ត​ពិតប្រាកដ​មែន ខ្ញុំ​មើលឃើញថា​វា គឺជា​អ​ម្រែ​ក​យ៉ាង​ធ្ងន់​សម្រាប់​អ្នក​វិនិយោគិន​ទៅលើ​វិស័យ​អចលនទ្រព្យ ហើយ​រដ្ឋាភិបាល​ក៏​ជួប​ប្រឈម​នូវ​បញ្ហា​មួយចំនួន​ដែរ​។ ប្រសិនជា​ពន្ធ​នេះ​ចេញ​ឡើង ដូច្នេះ​ខ្ញុំ​គិតថា ការទិញ​ដូរ​(​អចលនទ្រព្យ​)​មួយចំនួន​នឹង​ធ្លាក់ចុះ​»​។​
 
​តែ​យ៉ាងណា​អ្នកជំនាញ​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ អះអាងថា វិស័យ​អចលនទ្រព្យ គឺ​មិន​ងាយ​ដួល​ឡើយ​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ យល់ឃើញ​បែប​វិជ្ជមាន​វិញ​ថា ការអនុវត្ត​ពន្ធ​មូលធន គឺជា​ការទប់ស្កាត់​មិនឱ្យ​វិស័យ​អចលនទ្រព្យ​ប៉ោង​ផ្ទុះ​ទៅវិញ​ទេ​។ ត្រង់ចំណុច​នេះ​លោក សេរី​វឌ្ឍន៍ ពន្យល់ថា នៅពេល​ការអនុវត្ត​ពន្ធ​មូលធន​ចូល​ជា​ធរមាន វា​ធ្វើឱ្យ​ពលរដ្ឋ​ឈប់​នាំគ្នា​សម្រុក​ទិញ និង​លក់​ដី​ដូច​មុន ព្រោះ​តម្លៃ​អចលនទ្រព្យ​ឡើង​ខ្ពស់​ដោយសារ​កម្រិត​ពន្ធ ហើយ​ករណី​ចាក់ដី​លុប​បឹង ដើម្បី​លក់​ដី​នោះ ក៏​លែង​សូវ​មាន​ទៀត​ដែរ​។ ជាពិសេស​វា​នឹង​ជំ​រុញឱ្យ​ការប្រើប្រាស់​ដីធ្លី មាន​គោលដៅ​ច្បាស់លាស់ និង​បង្កើន​កំណើន​ផលិតកម្ម​ទៀតផង​។​
 
​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ វិធានការ​ប្រមូល​ពន្ធ​មូលធន​នេះ វា​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ សម្រាប់​លោក គី សេរី​វឌ្ឍន៍ ការយកពន្ធ​មូលធន​នេះ មិនមាន​អ្វី​ប្លែក​ទេ ខណៈ​បណ្ដា​ប្រទេស​អាស៊ាន និង​អឺរ៉ុប​ខ្លះ បាន​អនុវត្ត​ទៅហើយ​។​
 
​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ ធ្លាប់បាន​អះអាងថា ការអនុវត្ត​ពន្ធ​នេះ មិនមែន​ជាការ​សង្កត់​«​ក​» រាស្ត្រ​នោះទេ​។ បើតាម​លោក គង់ វិបុល ការបង្កើត​ពន្ធ​នេះ គឺ​ដើម្បី​យកប្រាក់​ចំណេញ​ពី​អ្នកលក់​អចលនទ្រព្យ មកជួយ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ​៕
 

Tag:
 ពន្ធ​មូលធន​
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com