ជាតិ
វត្តជាង១០០នៅទូទាំងប្រទេសត្រូវជន់លិចដោយជំនន់ទឹកភ្លៀង
× ភ្នំពេញ៖ តិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ វត្តជាង១០០នៅទូទាំងប្រទេសកម្ពុជា ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង តែមិនមានការជម្លៀសព្រះសង្ឃ ឬខូចខាតសម្បត្តិវត្តធ្ងន់ធ្ងរឡើយ។ នេះបើតាមលោក សេង សុមុនី ប្រធានក្រុមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២២ខែតុលានេះ លោក សេង សុមុនី ប្រធានក្រុមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថាលោកទទួលបានរបាយការណ៍ត្រឹមចំនួនវត្តដែលជន់លិចប៉ុណ្ណោះ តែមិនបានបញ្ជាក់ពីវត្តណាលិចខ្លាំងជាងគេឡើយ។
«ដូចជាមិនមានទិន្នន័យថាវត្តណាលិចខ្លាំងជាងគេទេ គេគ្រាន់តែដាក់ថាលិច។ ទឹកវាលិចជាបន្តបន្ទាប់ គ្រាន់តែថាវាឡើងវាស្រកជាបន្តបន្ទាប់អ៊ីចឹងណា។ វាមានប៉ះពាល់ផលដំណាំក្នុងវត្តបន្តិចបន្ទួច វាចេះតែមានជារឿងធម្មតាហើយ ព្រោះជាទឹកជំនន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សេង សុមុនី។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១តុលាម្សិលមិញ អ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់៣៤នាក់ ខណៈពលរដ្ឋជាង៤១ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់៕
Tag:
វត្ត
ភ្លៀង
ជំនន់
ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com