កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​មិន​ជាប់​ជម្រើស​២៥​នាក់​របស់ Arsenal តែ​ក្លិប​និង​កីឡាករ​គាំទ្រ Ozil ពេញទំហឹង​
22, Oct 2020 , 9:59 pm        
រូបភាព
Mesut Ozil នៅតែមាន​ការគាំទ្រ​ពេញទំហឹង​ពី​សំណាក់​ក្លិប និង​កីឡាករ​របស់ Arsenal ទាំងមូល បើ​ទោះ​រូបគេ​មិនជា​ប់​ក្នុង​ជម្រើស​២៥​នាក់​របស់​ក្រុម សម្រាប់​ការប្រកួត Premier League រដូវ​កាល​នេះ​ក៏ដោយ​។ នេះ​បើតាម​ការអះអាង​របស់ Ainsley Maitland-Niles ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ​។​


Ozil ហាក់ដូចជា​ត្រូវ​បញ្ចប់​អាជីព​របស់ខ្លួន​ជាមួយ Arsenal ហើយ បន្ទាប់ពី​រូបគេ​ត្រូវ​ដកចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់​របស់​អ្នកចាត់ការ Mikel Arteta ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស និង​ពានរង្វាន់​លំដាប់​ទី​២​អឺរ៉ុប Europa League​។​
 
​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៣២​ឆ្នាំ​រូបនេះ មិនបាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​កាំភ្លើង​ធំ ចាប់តាំងពី​ខែមីនា ទោះបីជា​ក្រោម​ការដឹកនាំ​របស់ Arteta ដែល​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ថ្មី​នៅ​ខែធ្នូ​ក៏ដោយ​។​
 
​អតីត​សមាជិក​ក្រុម Real Madrid ដែល​មិន​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​ជាង​៤៥​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ អំឡុងពេល​ជំងឺ COVID-19 រាតត្បាត​ខ្លាំង ធ្លាប់បាន​ជឿជាក់ថា​ការប្រឹងប្រែង​ហ្វឹកហាត់​របស់ខ្លួន នឹង​អាច​បង្កើន​ឱកាស​ច្រើនជាង​កីឡាករ Arsenal ដទៃទៀត ដើម្បី​អាច​ចូល​លេង​ឲ្យ​ក្រុម​វិញ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ Ozil ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ បន្ទាប់​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ បានប្រកាស​នៅ​ថ្ងៃទី​២១ ខែតុលា​ថា រូបគេ​មិនបាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ជាប់​ក្នុង​ជម្រើស​២៥​នាក់​របស់លោក​ឡើយ ខណៈ​លោក​តែង​ផ្តល់ឱកាស​ឲ្យ​រូបគេ​បង្ហាញ​ជាច្រើន​ក៏ដោយ​។​
 
​ទន្ទឹមនេះ ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស Maitland-Niles បាន​លើកឡើងថា Ozil នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ បើ​ទោះ​រូបគេ​មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Arteta ក្តី​។ ទោះបី​ជាមាន​ស្ថានភាព​កំពុង​បន្ត​ក៏ដោយ កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​
 
Maitland-Niles បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មុន Arsenal ប៉ះ Rapid Vienna ក្របខណ្ឌ Europa League ពូ​ល B ថា​៖ «​ក្លិប​ឈរ​នៅ​ពីក្រោយ Ozil ជានិច្ច យើង​ជា​ក្រុម​តែមួយ​។ យើង​កំពុង​ផ្តោតអារម្មណ៍​លើ​ការប្រកួត​យប់​នេះ​។ ពេល​ត្រឡប់​ទៅ​កន្លែង​ហ្វឹកហាត់​វិញ​យើង​អាច​និយាយ​គ្នា​បាន​ប្រសិនបើ​គាត់​ចង់​ចូលរួម​ជាមួយ​ក្រុម​»​។ លើ​ការសម្រេច​ដក Ozil ចេញពី​សមាសភាព​ក្រុម ត្រង់ចំណុច​នេះ Maitland-Niles បន្ថែមថា ទាំងនេះ​គួរ​ត្រូវ​សួរ​ទៅខាង​ក្លិប​៕
 

Tag:
 Ainsley Maitland-Niles
  Arsenal
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com