ជាតិ
ជប៉ុនផ្តល់តង់ ឧបករណ៍ចម្រោះទឹក ភួយ ម៉ាស៊ីន និងជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀតដល់កម្ពុជា
22, Oct 2020 , 5:02 pm        
រូបភាព
ពលរដ្ឋនៅទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ថតដោយ ឡាយ សុភាវតី
ពលរដ្ឋនៅទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ថតដោយ ឡាយ សុភាវតី
ដោយ: ថ្មីៗ
រដ្ឋាភិបាលជប៉ុនប្រកាសពីការ​ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ដោយជំនួយនេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។



សម្ភារជំនួយដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលឆាប់ៗខាងមុខនោះ រួមមាន តង់ ២០០ ឧបករណ៍ចម្រោះទឹក ២០ ភួយ ៧៨០ម៉ាស៊ីនភ្លើង ៥ កម្រាលផ្លាស្ទីក ៧០ កម្រាលគេង ៧៨០ និងធុងទឹក ២០០។

ការប្រកាសពីការផ្តល់ជំនួយទាំងនេះ ធ្វើឡើងមួយថ្ងៃក្រោយជំនួបតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និងប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន។ នេះជំនួបជាងកន្លះម៉ោងនោះ ភាគីជប៉ុនបានអះអាងពីការផ្តល់ប្រាក់កម្ចី២៣៧,៧លានដុល្លារអាមេរិក សម្រាប់ជំនួយហិរញ្ញវត្ថុក្នុងគ្រាអាសន្ន ដើម្បីគាំទ្រប្រទេសកម្ពុជា ដែលរងគ្រោះដោយសារផលប៉ះពាល់សេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានសន្យាប្រាប់លោក ប្រាក់ សុខុន ពីការត្រៀមខ្លួនជួយកម្ពុជាលើបញ្ហាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង៣០នាក់ និងប៉ះពាល់របស់ពលរដ្ឋរាប់ម៉ឺនគ្រួសារផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com