លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចា បានសម្រេចលុបចោលក្រឹត្យអាសន្នដែលហាមការជួបជុំនៅទីក្រុងបាងកក ក៏ដូចជាបញ្ជាដទៃទៀតដែលពាក់ព័ន្ធ ចាប់ពីរសៀលថ្ងៃ២២ ទីតុលានេះទៅ។ ក្រឹត្យអាសន្នដែលប្រកាសនៅថ្ងៃទី១៥ ខែតុលាហាមឃាត់ការជួបជុំសាធារណៈចាប់ពី៥នាក់ឡើងទៅ និងការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលចុះផ្សាយនៅក្នុងរាជកិច្ច បានបញ្ជាក់ថា ក្រឹត្យអាសន្នត្រូវអស់សុពលភាពនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ តុលា។ ដំបូងឡើយ រដ្ឋាភិបាលថៃបានអនុម័តក្រឹត្យអាសន្ន ដែលមានរយៈពេល១ខែ ដោយអះអាងថាបាតុកម្មប៉ះពាល់ដល់ព្រះទីនាំងព្រះមហេសីស្ដេចថៃ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចជាតិ។
«ស្ថានការណ៍ដែលឈានទៅដល់ការប្រកាសក្រឹត្យអាសន្ន ត្រូវបានបន្ធូរបន្ថយ និងឈានទៅដល់ស្ថានការណ៍ដែលមន្ត្រី និងភ្នាក់ងាររដ្ឋាភិបាលអាចអនុវត្តច្បាប់ធម្មតាបាន»។ នេះយោងតាមកាសែតថៃ Bangkok Post ដែលស្រង់សេចក្ដីថ្លែងការណ៍រដ្ឋាភិបាល។
កាលពីយប់ថ្ងៃទី២១ តុលា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ដោយអំពាវនាវឲ្យបុគ្គលគ្រប់រូបដកថយម្នាក់មួយជំហានចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះ។ លោកអះអាងថា៖« ខ្ញុំទាមទារឲ្យបាតុករតបស្នងទឹកចិត្តស្មោះត្រង់របស់ខ្ញុំ ដោយបញ្ឈប់ការបញ្ចេញពាក្យសម្តីបំបែកបំបាក់ និងស្អប់គ្នា»។
លោកក៏បានលើកឡើងផងដែរថា បាតុករគួរណាស់តែអនុញ្ញាតឲ្យតំណាងរាស្ត្រអាចពិភាក្សា និងស្វែងរកដំណោះស្រាយនយោបាយ។ ដោយមានសំណើពីប្រធានរដ្ឋសភា លោក ប្រាយុទ្ធ យល់ព្រមបើកកិច្ចប្រជុំរដ្ឋសភាវិសមញ្ញរយៈពេល២ថ្ងៃ ដើម្បីដោះស្រាយបាតុកម្មដោយចាប់ផ្តើមថ្ងៃទី២៦ ខែតុលា។ កន្លងទៅប្រធានរដ្ឋសភា និងបក្ស Pheu Thai ដែលមានសម្លេងភាគច្រើន ក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលើកក្រឹត្យអាសន្ននេះចោល។
ទោះជាយ៉ាងណាក្តី កាលពីយប់ថ្ងៃទី២១ តុលាកន្លងទៅ បាតុករថៃនៅតែបន្តទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង ក្នុងរយៈពេល៣ថ្ងៃ និងការច្រានចោលការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលរំពឹងលើការប្រើប្រាស់យន្តការសភាក្នុងការដោះស្រាយបាតុកម្ម។ បាតុករក៏អះអាងផងដែរថា ការលើកចោលនូវក្រឹត្យអាសន្ននេះមិនទាន់គ្រប់គ្រាន់ឡើយ។
លោក Sirawith Seritiwat មេដឹកនាំបាតុកម្មម្នាក់បានលើកឡើងថា លោក ប្រាយុទ្ធ កំពុងព្យាយាមរក្សាអំណាចរបស់លោក ដោយមិនខ្វាយខ្វល់ពីការទាមទាររបស់បាតុករ។ ចំពោះក្រឹត្យអាសន្ននេះវិញ លោក Sirawith អះអាងថា ក្រឹត្យនេះមិនគួរមានតាំងតែពីដំបូងមកម្ល៉េះ។
ក្រៅពីលើកក្រឹត្យអាសន្នក្នុងទីក្រុងបាំងកក តុលាការព្រហ្មទណ្ឌថៃ ក៏បានលើកចោលផងដែរនូវបម្រាម ដែលហាមមិនឲ្យបណ្តាញព័ត៌មានអនឡាញចំនួន៤ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលបន្តការផ្សព្វផ្សាយពីបាតុកម្ម។ បន្ថែមពីនេះ មេដឹកនាំបាតុកម្មជាច្រើនរូបក៏ត្រូវបានប៉ូលិសដោះលែង និងមួយចំនួនទៀតត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំផងដែរ៕